(ភ្នំពេញ)៖ លោក Anthony Salim ប្រធានក្រុមហ៊ុន Salim Group របស់ឥណ្ឌូនេស៊ី បានបង្ហាញការចាប់អារម្មណ៍ខ្ពស់លើការវិនិយោគវិស័យកសិកម្មនៅកម្ពុជា ព្រោះវិស័យជាវិស័យ​ដ៏សំខាន់​ក្នុងការផលិត​ស្បៀងផ្គត់ផ្គង់ទៅកាន់​ប្រជាពលរដ្ឋនៅ​លើពិភពលោក គ្រា ប្រទេសកម្ពុជា ជាប្រទេសមានសក្តានុពល​ខ្ពស់លើវិស័យកសិកម្មកម្មផងដែរនោះ។

ក្នុងឱកាសចូលជួបសម្តែងការគួរសមជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជានៅរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦នេះ លោក Anthony Salim បានបញ្ជាក់ថា ក្រុមហ៊ុនរបស់លោក បានចាប់អារម្មណ៍ខ្លាំង ចំពោះវិស័យកសិកម្មនៅកម្ពុជា ព្រោះជាវិស័យដ៏ចាំបាច់សម្រាប់ធានាផ្គត់ផ្គង់ ស្បៀងទូទាំងពិភពលោក ជាពិសេសក្នុងតំបន់អាស៊ីអាគ្នេយ៍។

ក្រៅពីការចាប់អារម្មណ៍វិនិយោគលើវិស័យកសិកម្មហើយនោះ លោក Anthony Salim ក៏មានគម្រោងវិនិយោគលើវិស័យជាច្រើនទៀត នៅកម្ពុជាដូចជាវិស័យថាមពល វិស័យសុខាភិបាល វិស័យហិរញ្ញវត្ថុ និង វិស័យទេសចរណ៍ជាដើម។

សម្តេចតេជោ ហ៊ុន សែន បានស្វាគន៍ចំពោះចំណាប់អារម្មណ៍វិនិយោគរបស់ក្រុមហ៊ុន Salim នៅក្នុងប្រទេសកម្ពុជា។ សម្តេចតេជោបានជំរុញឲ្យក្រុមហ៊ុននេះ ចាប់ដៃគូជាមួយអ្នកវិនិយោគក្នុងស្រុក និងពិនិត្យមើលឲ្យបានច្បាស់លាស់នូវវិស័យ ដែលគួរវិនិយោគជាពិសេសវិស័យកសិកម្ម ដូចជាការផលិតស្រូវ អង្ករនិងដំឡូវមីជាដើម។

ក្នុងឱកាសជួបសម្តែងការគួរសមនេះ លោក Anthony Salim ក៏បានកោតសរសើរ ចំពោះការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលរក្សាបាននូវសុខសន្តិភាព ដែលជាកត្តាដ៏សំខាន់នាំឲ្យមានកំណើនសេដ្ឋកិច្ច ហើយធ្វើឲ្យវិនិយោគគិនបរទេសមានការចាប់អារម្មណ៍យ៉ាងខ្លាំងមកលើប្រទេសកម្ពុជា។

ក្រុមហ៊ុន Salim Group ជាក្រុមហ៊ុនមួយដ៍ធំ មាន១២ផ្នែក ដែលបានធ្វើការវិនិយោគលើ ៥០ប្រទេស និងមានបុគ្គលិកបម្រើការងារចំនួន ៥៣ម៉ឺននាក់។ កន្លងមកក្រុមហ៊ុនមួយនេះ បានវិនិយោគនៅក្នុងប្រទេសកម្ពុជារួចហើយ ដោយចាប់ដៃគូសហការជាមួយក្រុមហ៊ុនខ្មែរក្នុងស្រុក៕