(ភ្នំពេញ)៖ បន្ទាប់ពីមានការព្រមានធ្ងន់ៗពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាទៅលើគណបក្សប្រឆាំង, នៅល្ងាចថ្ងៃទី១៩ ខែកញ្ញាដដែលនេះ លោក សុខ ឥសាន អ្នកនាំពាក្យបក្សកាន់អំណាច ក៏បានឆ្លើយតបទៅកាន់គណបក្សសង្គ្រោះជាតិផងដែរតាមរយៈអង្គភាពព័ត៌មាន Fresh News ថា​ យុទ្ធសាស្ត្របញ្ចប់យុទ្ធនាការ មិនឈ្លោះ មិនឆ្លើយ មិនឆ្លង គឺហួសពេលហើយ។ គណបក្សប្រជាជនកម្ពុជា នៅតែប្រកាន់ជំហរដាច់ខាត នឹងមិនចរចាជាមួយគណបក្សសង្គ្រោះជាតិទេ ដរាបណានិតិវិធីតុលាការលើរឿងក្តីរបស់លោក កឹម​ សុខា នៅតែមិនទាន់បញ្ចប់ ដូច្នេះការបើកភ្លើងខៀវសុំការចរចា​កមកាន់គណបក្សកាន់អំណាច គឺគ្មានផ្លូវទេ។

អ្នកនាំពាក្យបក្សកាន់អំណាចរូបនោះ បានបញ្ជាក់ទៀតថា ការស្នើសុំចរចារពីសំណាក់គណបក្សប្រឆាំង គឺជាយុទ្ធសាស្ត្របោកបញ្ឆោត និងកេញចំណេញនយោបាយ ហើយលោកបានអះអាងទៀតថា សូមកុំលេង៤សន្លឹកដាក់គណបក្សប្រជាជនកម្ពុជា។ ទោះបីជាយ៉ាងណា លោកបានសម្តែងការសោកស្តាយខ្លាំងណាស់ ចំពោះការលុបចោលយុទ្ធសាស្ត្រ មិនឈ្លោះ មិនឆ្លើយ មិនឆ្លងនៅពេលនេះណាស់ ហើយយុទ្ធសាស្ត្រនេះប្រសិនបើលុបចោលមុននេះ ប្រហែលជារឿងរ៉ាវក្តីក្តាំ ទាំងឡាយអាចនឹងមិនកើតមានទៀតផង។

ការឆ្លើយតបរបស់អ្នកនាំពាក្យបក្សកាន់អំណាចនៅថ្ងៃនេះ ធ្វើឡើងបន្ទាប់ពីមន្ត្រីជាប់ខ្ពស់របស់គណបក្សសង្គ្រោះជាតិ បើកភ្លើងខៀវសុំចរចារជាមួយ គណបក្សប្រជាជនកម្ពុជា ដើម្បីធ្វើដោះស្រាយបញ្ហានយោបាយមួយចំនួន។

សូមជំរាបថា មន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ លោក យឹម សុវណ្ណ នៅថ្ងៃចុងសប្តាហ៍ បានអំពាវនាវដោយអង្វររកការចរចា​នយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីកុំឱ្យមានមហាបាតុកម្ម នៅពេលខាងមុខ។ លោកជឿថា មហាបាតុកម្មនេះ នឹងធ្វើឱ្យកម្ពុជាខាតបង់ ហើយអាចមានការប៉ះទង្គិចគ្នាថែមទៀត។

ថ្លែងនៅក្នុងពិធីសំណេះសំណាលជាមួយចលនាយុវជន គណបក្សសង្រ្គោះជាតិ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៦នេះ លោក យឹម សុវណ្ណ បានថ្លែងថា «សូមអង្វរគណបក្សម្ខាងទៀត សូមជួយដោះស្រាយទៅ កុំឱ្យឈានទៅដល់មហាបាតុកម្មទូទាំងប្រទេស ហើយប្រទ្រោះប្រទ្រះគ្នាអត់ល្អសោះ»

លោកបានបន្ថែមថា «ខ្ញុំសូមជំរាបបងប្អូនតាមត្រង់ ខ្លាចណាស់បាតុកម្មនេះ អត់ចង់ទេ យើងធ្វើជាង២១ឆ្នាំហើយ តាំងពីឯកឧត្តមប្រធាន សម រង្ស៊ី ដឹកនាំធ្វើបាតុកម្មមុនដំបូងគេបំផុត ដែលដឹកនាំកម្មករ៤ពាន់នាក់នៅទឹកថ្លា ហើយថ្ងៃណាក៏គាត់បាតុកម្មដែរជាង២០ឆ្នាំ ទើបនឹងស្ងាត់២-៣ឆ្នាំនេះ គាត់បង្ខំឱ្យយើងធ្វើទៀត»។ លោកបន្ថែមទៀតថា «សរុបមកវិញ ដោះប៉ុណ្ណឹងទៅចប់ហើយ ហើយយើងចូលរួមបោះឆ្នោត ខ្មែរដូចគ្នានិយាយគ្នាបានទេ»។

ប៉ុន្តែនៅពេលនេះ លោក សុខ ឥសាន បានឆ្លើយតបវិញថា «គ្មានផ្លូវនោទេ»៕