(ភ្នំពញ)៖ លោក កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ (RDB) បានថ្លែងប្រាប់អង្គភាព Fresh News នៅល្ងាចថ្ងៃទី១៩ ខែកញ្ញានេះថា ថវិកាបម្រុងរបស់រាជរដ្ឋាភិបាលចំនួន ២០លានដុល្លារ បានចូលដល់ធនាគារហើយនៅថ្ងៃនេះ រួមទាំងទុនរបស់ធនាគារអភិវឌ្ឍន៍ជនបទ ៧លានដុល្លារទៀត សរុប២៧លានដុល្លារអាមេរិក អាចឲ្យម្ចាស់រោងម៉ាស៉ីនកិនស្រូវ និងក្រុមនាំចេញអង្ករ យកទៅប្រើប្រាស់ ដើម្បីប្រមូលទិញស្រូវ របស់ប្រជាកសិករបានហើយ។

លោក កៅ ថាច បានបញ្ជាក់ថា​ ការផ្តល់កម្ចីជូនរោងម៉ាស៉ីនកិនស្រូវ និងក្រុមហ៊ុននាំចេញ ដោយប្រើប្រាស់ស្រូវជាទ្រព្យបញ្ចាំ ហើយធនាគារផ្តល់ថវិកាឥណទា៧០ភាគរយ នៃបរិមាណស្រូវដែល ពួកគាត់មាន ដើម្បីឲ្យពួកគាត់ យកទៅទិញស្រូវបន្ថែមទៀត (ឧទាហរណ៍រោងម៉ាស៉ីនកិនស្រូវមាន ១០០០តោន នោះធនាគារអភិវឌ្ឍន៍ជនបទ នឹងផ្តល់ថវិកាស្មើនឹង៧០០តោន)។

លោកអគ្គនាយកបានបញ្ជាក់ថា ចំពោះអត្រាការប្រាក់នៃកម្ចីទិញស្រូវនេះ គឺមានតម្លៃទាបត្រឹមតែ៨ភាគរយក្នុងឆ្នាំ ឬ០.៦ភាគរយក្នុង១ខែប៉ុណ្ណោះ ដែលនេះ នឹងធ្វើឲ្យក្រុមហ៊ុននាំចេញ និងរោងម៉ាស៉ីនកិនស្រូវ រីករាយនឹងក្នុងទទួលយក ដើម្បីទិញស្រូវពីប្រជាកសិករ។

លោក កៅ ថាច លោកសង្ឃឹមថា ថវិការបស់រាជរដ្ឋាភិបាល បូករួមទាំងទុនរបស់រោងម៉ាស៉ីនកិនស្រូវ ផងនោះ នឹងដោះស្រាយបាននូវការទិញស្រូវ របស់ប្រជាកសិកររបស់យើង ដែលកំពុងជួបការលំបាក់។ បើតាមការប៉ាន់ស្មានរបស់លោក កៅ ថាច ស្រូវក្រអូបរបស់បងប្អូនប្រជាកសិករ នៅខេត្តពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ ដែលកំពុងប្រមូលផលជាបណ្តើរៗនោះ មានប្រមាណពី៣០ ទៅ៤០ម៉ឺនតោន។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ឲ្យអនុវត្តនូវ «កម្មវិធីពិសេស» ដោយបញ្ចេញនូវថវិកាចំនួន ២៧លានដុល្លារអាមេរិក សម្រាប់ជាឥណទានកាតាលិករ ក្នុងគោលដៅជំរុញស្ថេរភាព វូបនីយកម្មថ្លៃស្រូវ និងជំរុញការទិញស្រូវក្នុងស្រុក ដោយអនុញ្ញាតឲ្យធនគារអភិវឌ្ឍន៍ជនបទ ជាប្រតិបត្តិករ អនុវត្តគម្រោងនេះដោយផ្ទាល់។

រាជរដ្ឋាភិបាលបានបញ្ជាក់ថា «កម្មវិធីពិសេសរបស់រាជរដ្ឋាភិបាល» នេះ នឹងប្រមូលទិញស្រូវ មានកម្រិតលើសពី៩៤ម៉ឺនរៀល (ប្រមាណ៨០០០បាត) ក្នុងមួយតោនស្រូវក្រអូប៕