(ភ្នំពេញ)៖ ខណៈដែលកសិករខ្មែរកំពុងជួបវិបត្តិរឿងស្រូវចុះថោកនោះ លោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ នៅថ្ងៃទីចន្ទនេះ បានប្រកាសដើរទិញស្រូវពីប្រជាកសិករនៅខេត្តបាត់ដំបង និងខេត្តភាគខាងលិចប្រទេស ដោយឲ្យតំលៃថ្លៃជាងបណ្តាញឈ្មួញ វៀតណាម និងថ្លៃជាងរដ្ឋាភិបាលទិញថែមទៀត។

នៅលើបណ្តាញសង្គម Facebook លោក សួន សេរីរដ្ឋា បានបញ្ជាក់ឲ្យដឹងថា «ខ្ញុំ ជាកូនអ្នកស្រែ...ខ្ញុំ កើតមក គឺជីវិតរបស់ខ្ញុំ និងការសិក្សារៀនសូត្ររបស់ខ្ញុំ គឺជំពាក់ គុណស្រូវស្រែច្រើនណាស់ ! ខ្ញុំ នឹងមិនឲ្យបណ្តាញឈ្មួញយួន វាយបន្ថោក អ្នកមានគុណ(ស្រូវខ្មែរ)របស់ខ្ញុំជាដាច់ខាត។ ខ្ញុំនិងក្រុមយុវជន ខេត្តបាត់ដំបង នឹងចាប់ផ្តើមទិញស្រូវកសិករខ្មែរ ខេត្តភាគខាងលិច ដោយឲ្យតំលៃថ្លៃជាងបណ្តាញឈ្មួញ យួន និងថ្លៃជាងរដ្ឋាភិបាលនេះទិញ»

លោក សួន សេរីរដ្ឋា បានបន្តថា « ថ្ងៃនេះខ្ញុំ បានបន្តគំរោងប្រមូលទុនយុវជនអ្នកមានសមត្ថភាពក្នុងខេត្ត បាត់ដំបងដែលជាក្រុមអតីតៈអ្នកធ្លាប់រៀន នៅសាលាជាមួយខ្ញុំ និងសិស្សប្អូនៗ ជំនាន់ក្រោយៗជាច្រើន ទៀតក្នុងខេត្តបាត់ដំបង ដើម្បីរួមគ្នា ប្រមូលទុនផ្ទាល់ខ្លួន ជួយទិញស្រូវកសិករខ្មែរ ក្នុងខេត្តបាត់ដំបង។ពេលដែលយើងជា យុវជន អ្នកមានសមត្ថភាពក្នុងស្រុក រួមគ្នាធ្វើ រួមគ្នាជួយស្រុក រួមគ្នាជួយកសិករខ្មែរគឺគ្មាន អ្វីដែលយើងធ្វើមិនបានទេ»

សូមជំរាបថា រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦ ក៏បានប្រកាសបញ្ចេញប្រាក់បម្រុង ២៧លានដុល្លារអាមេរិកផងដែរ ដើម្បីដោះស្រាយបញ្ហាស្រូវធ្លាក់ថ្លៃនៅក្នុងប្រទេសកម្ពុជា។ ប្រាក់បម្រុងនេះ មាន ២០លានដុល្លារជារបស់រដ្ឋ និង៧លានដុល្លារជាទុនរបស់ធនាគារអភិវឌ្ឍន៍ជនបទ (RDB) ៕