(បន្ទាយមានជ័យ)៖ ក្រោយដឹងព័ត៌មានតម្លៃស្រូវសែនក្រអូប របស់ប្រជាពលរដ្ឋលក់បានតម្លៃថោក ថ្នាក់ដឹកនាំខេត្តមិនប្រងើយកន្តើយ ជាពិសេស​នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី បានរៀបចំក្រុមការងារ ចុះតាមមូលដ្ឋាន ជួបជាមួយប្រជាពលរដ្ឋដើម្បីរក វិធីដោះស្រាយ ដោយកំណត់ទទួលទិញស្រូវ ក្នុងតម្លៃ៧បាតស្មើនឹង៨៤០រៀល ក្នុង១គីឡូក្រាម។

ជាមួយនឹងដំណោះស្រាយនេះ ​ប្រជាកសិករខេត្តបន្ទាយមានជ័យ ទាំងអស់ថ្លែងអំណរ​គុណ ចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគិតគូរបញ្ហាស្រូវធ្លាក់ថ្លៃ។

លោក សួន បរវ អភិបាលខេត្តបន្ទាយមានជ័យ បានប្រាប់ភ្នាក់ងារ Fresh News នៅរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦នេះថា «នៅថ្ងៃទី១៨ ខែកញ្ញាម្សិលមិញ ឧបនាយករមន្ត្រី កែ គឹមយ៉ាន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយ ខេត្តបន្ទាយមានជ័យ បាន​ចុះដល់ វាលស្រែពលរដ្ឋកំពុងប្រមូលផល ដើម្បីផ្សព្វផ្សាយកម្មវិធីពិសេស របស់រាជរដ្ឋាភិបាល ដើម្បីជួយដោះស្រាយ បញ្ហាតម្លៃស្រូវចុះថោក និងដោះស្រាយបញ្ហាប្រឈមនានា ជាក់ស្តែងនៅមូលដ្ឋាន ជួយសម្រួល ដល់ការលក់ទិញរវាងកសិករ និងធនាគារស្រូវ»

អភិបាលខេត្តបានបន្តថា ពួកគាត់រីករាយសាទរយ៉ាងខ្លាំង ចំពោះកម្មវិធីពិសេស របស់រាជរដ្ឋាភិបាល ដែលបានជួយរក្សាតម្លៃស្រូវពួកគាត់ ក្នុង១តោន ៨៤០,០០០រៀល សម្រាប់ស្រូវសើម និងស្រូវស្ងួតតម្លៃ ១,០០០,០០០រៀល ហើយឆ្នាំនេះបរិមាណស្រូវសែនក្រអូបប្រមូល ផលដើមរដូវ មានចំនួនប្រមាណជាង១៥០,០០០តោន គិតក្នុងឆ្នាំនេះទិន្នផល ចាប់ពី៤ទៅ៥តោន ក្នុង១ហិកតា។

សូមជំរាបថា រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១៦ ខែកញ្ញាកន្លងទៅនេះ បានដាក់ឲ្យអនុវត្តនូវ «កម្មវិធីពិសេស» ក្នុងគោលដៅរក្សាស្ថិរភាព តម្លៃស្រូវ និងជំរុញការទិញស្រូវក្នុងប្រទេស ដោយបញ្ចេញនូវថវិកាចំនួន ២៧លានដុល្លារអាមេរិក ក្នុងនោះមានប្រាក់បំរុងរបស់ រាជរដ្ឋាភិបាលចំនួន ២០លានដុល្លារ និងប្រើប្រាស់ទុនរបស់ធនាគារអភិវឌ្ឍន៍ជនបទ (RDB) ចំនួន ៧លានដុល្លារ ជាឥណទានកាតាលិករ ជួយជំរុញស្ថេរភាពវូបនីយកម្មថ្លៃស្រូវ និងជំរុញការទិញស្រូវក្នុងស្រុក ដោយអនុញ្ញាតឲ្យធនគារអភិវឌ្ឍន៍ជនបទ ជាប្រតិបត្តិករអនុវត្ត គម្រោងនេះដោយផ្ទាល់៕