(មូស្គូ)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៊ីបានឱ្យដឹងថា បើតាមលទ្ធផលនៃការរាប់សន្លឹកឆ្នោតសរុប  គណបក្សរួបរួមរុស្ស៊ីរបស់លោក វ្ល៉ាឌីមៀ ពូទីន បានទទួលជ័យជំនះភ្លូកទឹកភ្លូកដី នៅក្នុងការបោះឆ្នោត សភាជាន់ទាប នៅថ្ងៃអាទិត្យ ដោយទទួលបានសំឡេងគំាទ្រដល់ទៅ ៥៤,២១ ភាគរយ ដែលនេះ នឹងបើកផ្លូវឱ្យគណបក្សលោក ពូទីន ក្តោបក្ដាប់សំឡេងភាគច្រើនដាច់ខាតនៅក្នុងសភា។ នេះបើតាម ការចុះផ្សាយដោយ ​CNN នៅ​មុននេះបន្តិចនារសៀលថ្ងៃចន្ទ ទី១៩ ខែកញ្ញា ឆ្នាំ២០១៦។

ជុំវិញលទ្ធផលបោះឆ្នោតនេះដែរ គណបក្សបីផ្សេងទៀតដែលបានទទួលសំលេងគ្រប់គ្រាន់ដើម្បីរក្សា អសនៈនៅសភា (Douma) មានដូចជា គណបក្សសេរីប្រជាធិបតេយ្យទទួលបានសំឡេងគំាទ្រ ១៣,២៨ ភាគរយ និង ១៣,៥៤ ភាគរយ សម្រាប់គណបក្សកុម្មុយនីស្ដ ខណៈគណបក្សយុត្តិធម៌រុស្ស៊ី ​បានទទួលសំលេងគំាទ្រ ៦,១៩ភាគរយ។ សម្រាប់គណបក្សកាន់អំណាចបច្ចុប្បន្ន របស់លោក ពូទីន អាចនឹងទទួលកៅអី យ៉ាងហោចណាស់ ៣៤៣ដែរ នៃចំនួនកៅអីសរុប៤៥០ នៅសភាជាន់ទាប។

គួររំលឹកថា កាលពីឆ្នាំ ២០១១ គណបក្សរួបរួមរុស្ស៊ី ធ្លាប់បានទទួលសំលេងឆ្នោត ៤៩,៥៤ភាគរយ ឬ ស្មើនឹង ២៣៨អសនៈ ហើយការបោះឆ្នោតសភានៅលើកនេះ ត្រូវបានគណៈកម្មការជាតិរៀបចំ ការបោះឆ្នោតរុស្ស៊ី អះអាងថាមានអំពើហិង្សាកើតឡើងតិចតួច បើធៀបបទៅនឹងការបោះឆ្នោត កាលពីពេលមុនៗដែលហេតុនាំ ឲ្យគេអាចសន្មត់បានថា ការបោះឆ្នោតជារួមគឺត្រូវបានប្រព្រឹត្តទៅ ដោយភាពល្អច្រើនជាងមុន៕