(ភ្នំពេញ)៖ សាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា (CUS) ទទួលបានជោគជ័យខ្ពស់ ពីមួយឆ្នាំទៅមួយ ដោយអត្រានៃការចុះឈ្មោះ របស់សិស្សិ និស្សិត រហូតដល់ទៅ ១២% និងអត្រានិស្សិតមានការងារ ធ្វើរហូតដល់ ៩៦.៣៩% នេះបើយោងតាមការលើកឡើងរបស់ លោកបណ្ឌិត អ៊ឹម កុច រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡាក្នុងពិធីចំកិច្ចប្រជុំ ផ្សព្វផ្សាយទិសដៅអភិវឌ្ឍន៍ និងពង្រឹងគុណភាពរបស់សាកលវិទ្យាល័យ។

លោកបានថ្លែងក្នុងកិច្ចប្រជុំ នៅថ្ងៃទី១៨ ខែកញ្ញាថា លោកសូមអបអរសាទរចំពោះលទ្ធផល និងសមិទ្ធផល ដែលសាកលវិទ្យាល័យសម្រេចបានសន្ធឹកសន្ធាប់ ដែលបម្រើដល់វិស័យសិក្សា-ស្រាវជ្រាវ ពិសេសអបអរសាទរ ចំពោះកំណើនអត្រាចុះឈ្មោះចូលរៀន ១២% និងអត្រានិស្សិតមានការងារធ្វើរហូតដល់៩៦.៣៩% ពិសេសកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងរបស់គណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ និស្សិតទាំងអស់ ដែលបាននាំឱ្យសាកលវិទ្យាល័យ សម្រេចបានលទ្ធផលល្អដូចថ្ងៃនេះ ពិសេសសាស្រ្តាចារ្យ និងបុគ្គលិកទាំងអស់បានបេ្តជ្ញា ខំប្រឹងប្រែងឱ្យបានកាន់តែខ្លាំងក្លាថែមទៀត សំដៅធ្វើឱ្យនិស្សិតបញ្ចប់ ការសិក្សាមានសមត្ថភាពជំនាញខ្ពស់។

លោកបន្ដថា ការពង្រឹងការអភិវឌ្ឍន៍ ការអនុវត្តកម្មវិធីសិក្សា ការចុះធ្វើកម្មសិក្សា និងការពិសោធន៍ព្រមទាំងសកម្មភាព និងហេដ្ឋារចនាសម្ព័ន្ធ ធនធានគាំទ្រផ្សេងៗទៀត រួមទាំងការបណ្តុះបណ្តាល ជំនាញភាសាអង់គ្លេស និងកុំព្យូទ័របន្ថែមផង រួមទាំងត្រូវព្យាយាមបន្ថែមទៀត ក្នុងការជំរុញនិស្សិតឱ្យយល់ច្បាស់ពីតួនាទីភារកិច្ច ការគោរពវិន័យក្នុងការសិក្សា-ស្រាវជ្រាវ ឱ្យបានជោគជ័យនឹងក្លាយ ជាអ្នកជំនាញប្រកបដោយគុណវុឌ្ឍិខ្ពស់។

លោកប​ន្ថែមថា ជាងនេះទៅទៀត ត្រូវប្តេជ្ញាអនុវត្តឱ្យបានកាន់តែល្អថែមទៀត ចំពោះគោលការណ៍ នៃការគ្រប់គ្រងគុណភាពសរុប (TQM) សកម្មភាពសរុប (TAS) ពោលគឺ « ព្រៃទាំងមូលល្អចាប់ផ្តើម ពីដើមឈើមួយដើមៗ ដើមឈើមួយដើមៗល្អ នឹងធ្វើឱ្យព្រៃទាំងមូលល្អ» សំដៅធ្វើឱ្យសម្រេចបានជោគជ័យ ចំពោះបេសកកម្ម​នៃការបណ្តុះបណ្តាល​ប្រកបដោយគុណភាព មានសមត្ថភាពវិជ្ជាជីវខ្ពស់ និងបុគ្គលិកលក្ខណសម្បត្តិល្អប្រពៃ។

ទន្ទឹមនឹងនោះ លោក ស្តើង សុខុម ស្ថាបនិក និងជាសាកលវិទ្យាធិការ សាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា បានថ្លែងកោតសរសើ និងវាយតម្លៃខ្ពស់ ចំពោះការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ចាប់ពី ដើមរហូតមក ដែលជាលទ្ធផលបច្ចុប្បន្ន  សាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា CUS មាន០៨ទីតាំងនិងសាខាមានបុគ្គលិក និងសាស្រ្តាចារ្យសរុបជាង ១០០០នាក់ មាននិស្សិតកំពុងសិក្សា ជាងមួយម៉ឺននាក់ និស្សិតដែលបញ្ចប់ការសិក្សា ដោយជោគជ័យរួចហើយជិតបីម៉ឺននាក់និងបានធ្វើកិច្ចសហប្រតិបត្តិការ ជាមួយសាកលវិទ្យាល័យបរទេស ស្ថាប័ន ក្រុមហ៊ុន ជាង៥០០ ដើម្បីបង្កលក្ខណៈឲ្យនិស្សិត ចុះកម្មសិក្សាហាត់ការ  រកការងារធ្វើ បង្កើតមុខរបរ ឬសិក្សាបន្តជាដើម៕