(កំពង់ស្ពឺ)៖ ស្ត្រីកំសត់ទុរគតម្នាក់ រស់នៅក្នុងខ្ទមលិចលើលិចក្រោមមួយ ដំបូលប្រកមេឃគ្មានទីពឹង ជីវភាពតោកយ៉ាក រកតែអង្ករ ដាំបាយគ្មាន ត្រូវចិញ្ចឹមកូន៣នាក់ក្នុងបន្ទុក ដោយស្រ្តីគួរឱ្យអាសូររូបនេះ បានរងភាពអយុត្តិធម៌ ព្រោះប្ដីរបស់គាត់ត្រូវបានគេលួច សម្លាប់ទាំងមិនដឹងខ្លួន រហូតដល់ពេលនេះ នៅតែគ្មានដំណោះស្រាយគួរទទួលយកបាន។

ថ្លែងរៀបរាប់ពីទាំងទឹកភ្នែក ក្នុងខ្ទមស្លឹកគ្មានជញ្ជាំង ដំបូលរហែកឃើញមេឃ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦នេះ ស្រ្តីឈ្មោះ សុខ សំអាត អាយុ៣៥ឆ្នាំ រស់នៅភូមិត្រពាំងលែង ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានប្រាប់ភ្នាក់ងារ Fresh news ថា រូបគាត់គ្មានអ្វី សង្ឃឹមទេ តាំងពីប្តីគាត់ត្រូវបានឃាតករ ហៅយកទៅសម្លាប់ទាំងមិនដឹងខ្លួនមក ហើយគាត់ត្រូវចិញ្ចឹមកូន៣នាក់ទៀត ដោយពួកគេ ទាំងនោះ មានសភាពស្គមស្គាំង គួរឱ្យអាណិតពន់ពេក។

ស្រ្តីកំសត់ខាងលើបញ្ជាក់ថា មកដល់ពេលនេះ បើទោះបីសមត្ថកិច្ចចាប់បានជនដៃដល់បានម្នាក់ ក៏គាត់មិនទាន់កក់ក្តៅដែរ ដោយរូបគាត់ គិតថា ម្នាក់ដែលចាប់បានច្បាស់ជាមានបក្សផ្សេងទៀត នៅពីក្រោយខ្នង ហើយគាត់បានស្នើតុលាការខេត្តកណ្តាល មេត្តាស្វែងរកយុត្តិធម៌ ឲ្យប្តីគាត់ ឲ្យបានត្រឹមត្រូវជាងនេះទៀត។

ទន្ទឹមនឹងនេះ រូបគាត់មានទុកលំបាកយ៉ាងធ្ងន់ ដែលកូនកំព្រាឪពុក ព្រោះកាលពីនៅរស់ ប្ដីគាត់បានរកលុយមកចិញ្ចឹមប្រពន្ធកូនលុះដល់ ពេលស្លាប់ទៅ គាត់គ្មានទីពឹងរស់នៅតែលតោល តោកយ៉ាក សូម្បីតែរកលុយមកក្តាបិទបាំងជញ្ជាំង ដែលបានដោះចេញកាលពីធ្វើបុណ្យ ឱ្យប្តីរបស់គាត់រួចមក ក៏គ្មានលុយធ្វើឡើងវិញផង។ គាត់បានស្នើសុំដល់កាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ អាជ្ញាធរស្រុក ឃុំ មេត្តាជួយ ដល់គាត់បន្តិចបន្តួច ដើម្បីបានចិញ្ចឹមកូនៗរៀនសូត្រផងដែរ។

សូមបញ្ជាក់ថាសពជនរងគ្រោះឈ្មោះ សាំង វណ្ណ ត្រូវជាប្ដីស្រ្តីខាងលើ ត្រូវបានគេប្រទះឃើញដេកស្លាប់ នៅស្រុកអង្គស្នួល ខេត្តកណ្ដាល ក្បែរចឹញ្ចើមផ្លូវ កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៦ កន្លងទៅ ដោយស្នាមវាយនឹងដំបង។ បន្ទាប់ពីដឹងរឿងដ៏រន្ធត់ និងតក់ស្លុតបែបនេះ ស្រ្តីដែលជាប្រពន្ធសព បានសសេរនៅក្នុងលិខិតទទូច ដល់សមត្ថកិច្ចស្រុកអង្គស្នួល និងខេត្តកំពង់ស្ពឺ ព្រមទាំងបានស្នើអន្តរាគមន៍ពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជួយស្វែងរកយុត្តិធម៌ដល់ប្តីគាត់ និងតាមចាប់ជនដៃដល់កំពុងរត់គេចខ្លួន (កាលណោះ មិនទាន់ចាប់បាន)។

គាត់បានបន្តថា សមត្ថកិច្ចបានឆ្លើយដាក់គ្នាម្តង ឲ្យប្តឹងទៅខេត្តកំពង់ស្ពឺ ម្តងឲ្យប្តឹងទៅខេត្តកណ្តាល។ តែក្រោយមកសមត្ថកិច្ចបានចាប់ ជនដៃដល់ម្នាក់ បញ្ជូនទៅកាន់ខេត្តកណ្តាល ហើយត្រូវបានឃុំខ្លួន តែប្រពន្ធជនរងគ្រោះថា មិនអស់ចិត្តចំពោះចម្លើយសារភាពរបស់ជន ល្មើសថា សម្លាប់ប្តីគាត់តែម្នាក់ឯង ដោយគាត់ប្រាប់ថា សុំឲ្យសមត្ថកិច្ចមេត្តាស៊ើបបន្តទៀត ព្រោះគាត់យល់ថា មានមនុស្សផ្សេងទៀត នៅពីក្រោយករណីស្លាប់របស់ប្តីគាត់។ ករណីនេះ អ្វីដែលហួសចិត្ត និងអាណិតជាងនេះទៀត គឺស្រ្តីជាប្រពន្ធគ្មានទាំងលទ្ធភាពមានលុយ ដើរទៅមើលមុខឃាតក ដែលសម្លាប់ប្តីគាត់ផង តែបានបងប្អូនជាសាច់ញាតិ ជាអ្នកចេញមុខជួយរត់ការដាក់ពាក្យបណ្ដឹងនិងឡើងចុះ តតាំងជាមួយឃាតករ។

តាំងពីពេលនោះមក ស្ថានភាពគ្រួសាររបស់ស្រ្តីជាប្រពន្ធ កាន់តែមានភាពលំបាកតោកយ៉ាកទៅៗ ហើយបាននិងកំពុងដង្ហើយរកជំនួយ ពីសប្បុរសជន និងការជួយអន្តរាគមន៍ពីមន្រ្តី អាជ្ញាធរនានា ដើម្បីជួយស្រោចស្រង់ជីវភាព និងជួយរកយុត្តិធម៌ជូនប្ដីរបស់គាត់ និងគ្រួសារ៕