(ភ្នំពេញ)៖ គម្រោងស្ថាបនាដាក់ប្រព័ន្ធលូមេប្រអប់ និងផ្លូវតាមប្រឡាយព្រែកបារាំង ក្នុងជំហ៊ានទី១ ដែលស្ថិតនៅសង្កាត់ច្បារអំពៅទី១ និងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ បានសម្រេចរួចរាល់ ១០០ភាគរយ ហើយ។ នេះបើតាមការលើកឡើងរបស់លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ ខណៈចុះពិនិត្យសកម្មភាពរុះរើផ្ទះ នៅតាមមាត់ប្រឡាយ នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦។

ក្នុងដំណើរចុះពិនិត្យផ្លូវព្រែកបារាំងនេះ លោក ប៉ា សុជាតិវង្ស បានប្រាប់ប្រជាជន ឲ្យទុកចំណីប្រឡាយ២ម៉ែត្រ ដើម្បីស្ថាបនាលូទំហំ៨តឹក អមសងខាងផ្លូវ និងឲ្យក្រុមហ៊ុនពន្លឿនសកម្មភាព ក្នុងការដាក់បង្គោលភ្លើង ដើម្បីឲ្យបានប្រើប្រាស់ផ្លូវ នៅរដូវភ្ជុំបិណ្ឌនេះ។ លោកអភិបាលបញ្ជាក់ថា ចំពោះផ្លូវប្រឡាយព្រែកបារាំង គឺមានសារសំខាន់ណាស់ សម្រាប់ការធ្វើចរាចរតាមផ្លូវនេះ ចេញចូលរាជធានីភ្នំពេញ ពិសេសជួយកាត់បន្ថយការកកស្ទះចរាចរនៅតាមកំណាត់ផ្លូវ៣៦៩និងកំណាត់ផ្លូវជាតិលេខ១ ផងដែរ។

ប្រព័ន្ធលូភ្លោះ អមដោយផ្លូវមួយខ្សែពីលើ លូប្រអប់នេះ មានទំហំ ៨ម៉ែត្រ គុណ៤ម៉ែត្រ បណ្តោយចាប់ពីកំណាត់ផ្លូវ ៣៦៩ ត្រង់ចំណុចអតីត ស្ពានឈើ ដល់ព្រំប្រទល់សង្កាត់និរោធ ចម្ងាយ ៧០៥ម៉ែត្រ ។ លោកបន្តថា ក្រោយពីដំណើរការស្ថាបនាដាក់ប្រព័ន្ឋលូភ្លោះជំហ៊ានទី១នេះរួចរាល់ ហើយឆាប់ៗខាងមុខនេះ សាលារាជធានីនឹងដាក់បង្គោលភ្លើងបំពាក់អំពូលភ្លោះ បំភ្លឺផ្លូវនៅចំកណ្តាលទ្រូងផ្លូវ តែម្តង៕