(ញូយ៉ក)៖ បន្ទាប់ពីបណ្ដាប្រព័ន្ធនានាបានចុះផ្សាយថា ការិយាល័យស៊ើបអង្កេតសហព័ន្ធ FBI បានឃាត់ខ្លួនមនុស្សចំនួនប្រាំនាក់ នៅលើដងវិថី Belt Park ក្រោមស្ពាន Verranazno ក្នុងទីក្រុងញូយ៉ក ពីបទសង្ស័យថាអាចជាប់ពាក់ព័ន្ធនឹង ការបំផ្ទុះគ្រាប់បែក នៅយប់ថ្ងៃសៅរ៍នោះ អ្នកនំាពាក្យភ្នាក់ងារ FBI បានច្រានចោលការលើកឡើងនេះដោយបញ្ជាក់ថា ពុំមានការចាប់ខ្លួនណាមួយទាក់ទិននឹង ករណីបំផ្ទុះគ្រាប់បែកនេះទេ។ នេះបើតាមសារព័ត៌មានបារំាង Le Figaro ចេញផ្សាយនៅមុននេះបន្តិច នារសៀលថ្ងៃចន្ទ ទី១៩ ខែកញ្ញា ឆ្នាំ២០១៦។

អ្នកនំាពាក្យភ្នាក់ងារ FBI ​លោកស្រី Kelly Langmesser បានលើកឡើងដូច្នេះថា៖ «យើងបានឃាត់ រថយន្ដដែលសង្ស័យមួយគ្រឿងនៅតាមដងផ្លូវក្នុងទីក្រុង ញូយ៉ក ក៏ប៉ុន្តែពុំមានការចាប់ខ្លួនណាមួយ ត្រូវបានធ្វើឡើងនោះឡើយ ហើយក៏គ្មានមនុស្សណាម្នាក់ត្រូវចោទប្រកាន់ជាផ្លូវការ ពីបទឧក្រិដ្ឋណាមួយនោះដែរ»។

វីដេអូពីប្រព័ន្ធកាមេរ៉ាសុវត្ថិភាព បានបង្ហាញពីសកម្មភាពបុរសម្នាក់ កំពុងអូសកាបូកមួយនៅលើរទេះរុញ ក្បែរផ្លូវលេខ ២៣ ដែលជាកន្លែងគ្រាប់បែកត្រូវបានបំផ្ទុះ ខណៈសកម្មភាពនេះគឺនៅរយៈពេល៤០នាទី មុនការផ្ទុះគ្រាប់បែក។ រីឯវីដេអូមួយផ្សេងទៀត ក៏បានបង្ហាញពីបុរសនិងកាបូបដដែល នៅលើផ្លូវលេខ ២៧ ដែលជាកន្លែងដែលគេរកឃើញគ្រាប់បែកទីពីរ ដោយនៅក្នុងវីដេអូនេះ បុរសសង្ស័យបានទុកកាបូប ចោល ហើយបន្តិចក្រោយមកមានបុរសពីរនាក់ផ្សេងទៀត បានដើរសំដៅទៅបើកកាបូបនោះ។

ចំពោះការសង្ស័យថាតើបុរសទាំងពីរ និងបុរសម្នាក់ដែលត្រូវបានគេឃើញនៅក្នុងវីដេអូទាំងពីរមានការ ពាក់ព័ន្ធគ្នាយ៉ាងណានោះ ប៉ូលីសក្រុងញូយ៉កនៅពុំទាន់បានដឹងច្បាស់នៅឡើយទេ។ គួរបញ្ជាក់ថាកាលពី ថ្ងៃអាទិត្យ ស្ថានីយ៍ទូរទស្សន៍ABC News ដោយផ្អែកលើប្រភពមិនបញ្ជាក់អត្តសញ្ញាណ បានរាយការណ៍ថា មានមនុស្សប្រាំនាក់ត្រូវបានចាប់ខ្លួនពីបទជាប់ពាក់ព័ន្ធករណីផ្ទុះគ្រាប់បែកមួយ ដែលបានកើតឡើងនៅសង្កាត់ Chelsea នៃតំបន់ Manhattan ស្ថិតនៅកណ្ដាលទីក្រុង New York ដោយបានបណ្តាលឲ្យមនុស្ស២៩នាក់រងរបួស៕