(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ អមដំណើរដោយលោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីអមប្រតិភូនាយករដ្ឋមន្ត្រី និងជាអនុប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង លោក វិល្លាម អេ ហ៊ីដ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦នេះ បានដឹកនាំប្រតិភូទៅកាន់ទីក្រុងហុងកុង ដើម្បីធ្វើបឋកថាស្តីពីកាលានុវត្តភាព វិនិយោគក្នុងវិស័យផលិតកាបូប ដាក់សម្ភារៈធ្វើដំណើរជូនដល់ សមាគមអ្នកវិនិយោគ ដែលមានមូលដ្ឋាន នៅទីក្រុងហុងកុង។

ថ្លែងប្រាប់ Fresh News មុនឡើងយន្តហោះ លោក ប៉ាន សូរស័ក្តិ បានបញ្ជាក់ថា លោកនឹងធ្វើបឋកថា ផ្សព្វផ្សាយ និងពន្យល់វិនិយោគិនហុងកុង អំពីការទទួលបានការ លើកលែងពន្ធចំពោះទំនិញ កាបូបដាក់សម្ភារៈធ្វើដំណើរ ផលិតនៅកម្ពុជា ដែលផ្តល់ជូនដោយរដ្ឋបាល លោកប្រធានាធិបតី សហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា កាលពីថ្មីៗនេះ សំដៅទាក់ទាញការបណ្តាក់ទុនកាន់តែច្រើនថែមទៀត មកកម្ពុជា ដែលនឹងជួយពិពិធកម្មវិស័យការងារ ជូនប្រជាពលរដ្ឋ បន្ថែមលើរោងចក្រផលិតសម្លៀកបំពាក់ និង ស្បែកជើង។

លោក ប៉ាន សូរស័ក្តិ បានឲ្យដឹងថា កម្ពុជា ជាប្រទេសទី៦ ក្នុងពិភពលោក ដែលផលិតកាបូបសម្រាប់នាំចេញ ហើយកាលពីឆ្នាំ២០១៥ កន្លងទៅការនាំចេញផលិតផលកាបូបរបស់កម្ពុជាមានតម្លៃ ៥០លានដុល្លារអាមេរិក។

លោករដ្ឋមន្ត្រី បានបន្ថែមទៀតថា កម្ពុជា ជាប្រទេសដែលមានស្ថិរភាពនយោបាយល្អនៅក្នុងតំបន់ ហើយរាជរដ្ឋាភិបាលភិបាលកន្លងមក បានដាក់ឲ្យអនុវត្តន៍នូវយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្ម CTIS និងគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម រួមទាំងការលើកទឹកចិត្តផ្សេងៗជាច្រើនដល់វិនិយោគិនបរទេស ហើយនៅបច្ចុប្បន្នកម្ពុជាទើបតែមានរោងចក្រផលិតកាបូបចំនួន ១៥ប៉ុណ្ណោះ ដូច្នេះការលើកលែងពន្ធនេះ គឺជាឱកាសល្អបំផុតសម្រាប់ វិនិយោគិនដែលចង់វិនិយោគ នៅក្នុងវិស័យនេះ។

សូមជម្រាបថា នៅក្រោមប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) របស់សហរដ្ឋអាមេរិក មានផលិតផលប្រហែល ៥,០០០មុខ មកពីប្រទេសកំពុងអភិវឌ្ឍន៍ចំនួន១២២ និងប្រទេសមានការអភិវឌ្ឍន៍ តិចជាងគេចំនួន ៤៣ប្រទេស ទទួលបានការលើកលែងពន្ធ នៅពេលនាំចូលទៅកាន់សហរដ្ឋអាមេរិក ហើយក្នុងនោះ ទំនិញជាង១៥០០ មកពីប្រទេសកំពុងអភិវឌ្ឍន៍តិចតួច រួមទាំងកម្ពុជាក៏អាចនាំចេញ ដោយឥតបង់ពន្ធផងដែរ។ ក្នុងឆ្នាំ២០១៥ ទំនិញដែលនាំចូលទៅក្នុងសហរដ្ឋអាមេរិក ដោយឥតបង់ពន្ធនៅក្រោមកម្មវិធី GSP មានតម្លៃសរុបចំនួន ១៧.៤ ពាន់លានដុល្លាអាមេរិក៕