(ភ្នំពេញ)៖ ​កម្លាំងនគរបាលខណ្ឌមានជ័យ​ សហការ​​ជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ និងកម្លាំងអន្តរាគមន៍ពិសេស នៃស្នងការ​ដ្ឋាននគរ​បាលរាជធានី​ភ្នំពេញ ជនសង្ស័យប្រុសស្រី៨នាក់ ត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់​ ពាក់ព័ន្ធក្នុងករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន ដោយក្នុងនោះកម្លាំងជំនាញដកហូតថ្នាំបាន៧កញ្ចប់ ម៉ូតូមួយគ្រឿង​ ព្រមទាំងវត្ថុតាងផ្សេងទៀត។

បើតាមលោក តេង ស៊ីណូ អធិការខណ្ឌមានជ័យ បានឲ្យដឹងថា នៅល្ថាច​ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៦ កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សុទ្ធ វិចិត្រ ហៅ ជ្រូក នៅចំណុចផ្លូវ​លេខ៣១បេតេ ក្រុមទី០១ ភូមិ សន្សំកុសល៤ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ យោងតាមចម្លើយសារភាព របស់ជនសង្ស័យខាងលើ នៅ​យប់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៦ កម្លាំងចម្រុះ​ចុះឆែកឆេរ និងចាប់ខ្លួនបានបក្ខពួក ៧នាក់ទៀត នៅចំណុចផ្ទះជួលលេខ៦៣ ផ្លូវលំ ក្រុមទី១៣ ភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។

លោកអធិការបានបញ្ជាក់ថា ជនសង្ស័យទាំង៧នេះ ទី១-ឈ្មោះ ទី ឡាក់ហេង អាយុ២៧ឆ្នាំ មុខរបរ លក់គ្រឿងបន្លាស់ទូរស័ព្ទដៃ ទី២-ឈ្មោះ ឌឹម សុជាតា អាយុ២១ឆ្នាំ មុខរបរអ៊ុតសក់ ទី៣-ឈ្មោះ គាំ ប៊ុនសែនឌី ហៅតាហ្វា អាយុ១៨ឆ្នាំ មុខរបរសិស្ស វិទ្យាល័យហ៊ុនសែន​ប៊ុន​រ៉ានី​ ផ្សារដើមថ្កូវ​ ទី៤-ឈ្មោះ ជួ វីរៈ អាយុ១៧ឆ្នាំ មុខរបរ បុគ្គលិកកាស៊ីណូប៉ោយប៉ែត ទី៥-ឈ្មោះ ដួង វិចិត្រ អាយុ១៧ឆ្នាំ មុខរបរ សិស្សវិទ្យាល័យ ដូនសរ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ទី៦-ឈ្មោះ ទូ ពិសី អាយុ២៥ឆ្នាំ មុខរបរ បើកបររថយន្ត និងទី៧-ឈ្មោះ ម៉ៅ ធារ៉ា អាយុ២៨ឆ្នាំ មុខរបរសិស្ស ដោយក្នុងនោះសមត្ថកិច្ចដកហូតបាន ​ក្រាមពណ៍សថ្លា៧កញ្ចប់ ម៉ូតូម៉ាក Nex ១គ្រឿង ពាក់ស្លាកលេខភ្នំពេញ1FQ-8523 លុយខ្មែរ​៥០,០០០០រៀល និងវត្ថុតាងមួយចំនួនទៀត។

ក្រោយប្រតិបត្តិការជនសង្ស័យទាំងអស់ ត្រូវបាននាំទៅសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕