(ភ្នំពេញ)៖ តាមការគ្រោងទុក នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦នេះ សាលាដំបូងរាជធាំនីភ្នំពេញ នឹងបន្តបើកសវនាការជំនុំជម្រះលើសំណុំរឿងអ្នកស្រី ទេព វន្នី និងសកម្មជនបឹងកក់៣នាក់ផ្សេងទៀត ពាក់ព័ន្ធនឹងបទប្រមាថនិងប្រឆាំងអ្នករាជការសាធារណៈកាលពី៤ឆ្នាំមុន។ សវនាការនេះដឹកនាំដោយ លោក លី សុខលេង ជាចៅក្រមជំនុំជម្រះ និងកញ្ញា វ៉ា សក្តា ជាតំណាងអយ្យការ។

អ្នកស្រី ទេព វន្នី រួមទាំងស្រ្តីបឹងកក់មួយចំនួន ត្រូវបានសមត្ថកិច្ចចាប់ខ្លួនជាថ្មីកាលពីខែសីហា ឆ្នាំ២០១៦ កន្លងទៅ ពាក់ព័ន្ធនឹងការធ្វើយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅ ដើម្បីតវ៉ាទាមទារឱ្យដោះលែងមន្រ្តីអាដហុក និងគ.ជ.ប។ ប៉ុន្តែសកម្មជនបឹងកក់ដទៃ ត្រូវបានតុលាការដោះលែងវិញ ដោយនៅសល់តែអ្នកស្រី ទេព វន្នី ប៉ុណ្ណោះដែលមានការជាប់ពាក់ព័ន្ធនឹងសំណុំរឿងចាស់។

ទោះជាយ៉ាងណា នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦នេះ សកម្មជនបឹងកក់ រួមទាំងតំណាងសហគមន៍មួយចំនួន ក៏បានប្រកាសក៏ប្រមូលគ្នាស្លៀកខ្មៅ ដើម្បីឃ្លាំមើលការជំនុំជម្រះនៅរឿងខាងលើ នៅសាលាដំបូងរាជធានីភ្នំពេញ ផងដែរ។ នេះបើតាមការឱ្យដឹងពីសកម្មជនបឹងកក់៕