(ភ្នំពេញ)៖ ​ក្រុមវាគ្មិនយុវជន ទំពាំងស្នងឫស្សី​ នៃសហភាពសហព័ន្ធ ​យុវជនកម្ពុជារាជធានីភ្នំពេញ​ ដឹកនាំដោយ​លោក​ ឈួរ​ ឈុនហួរ​ ប្រធានជំនាន់ទី១​ នៅល្ងាចថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៦នេះ បានចូលរួមរើសសំរាម ​ក្រោមប្រធានបទ «យុទ្ធនាការចាប់សំរាមដាក់ធុង» នៅវត្តសន្សំកុសល្យ ស្ថិតក្នុងសង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។​

យុទ្ធនាការនេះ ត្រូវបានធ្វើឡើង ដើម្បីសម្អាតបរិវេណវត្ត ក្នុងឱកាសរដូវភ្ជុំបិណ្ឌ ព្រោះថាកន្លងមកប្រជាពលរដ្ឋមូលដ្ឋាន ក៏ដូចជាអ្នកធ្វើដំណើរតាមដងផ្លូវ តែងតែបោះចោលសំរាមពាសវាល ពាសកាល ធ្វើឲ្យមានខ្លឹនមិនល្អ និងប៉ះពាល់សុខភាពយ៉ាងខ្លាំង ហើយនេះក៏ជាការផ្ញើសារដល់បងប្អូនប្រជាពលរដ្ឋមូលដ្ឋានទាំងអស់ ដែលធ្វើដំណើរឆ្លងកាត់វត្តសន្សំកុសល្យនេះ ហើយតែងតែនោមដាក់ជញ្ជាំងវត្ត សូមបញ្ឈប់សកម្មភាពទាំងអស់នេះ ជាពិសេសយុវជន ពលរដ្ឋត្រូវចោលសំរាម ក្នុងធុងឲ្យបានត្រឹមត្រូវ ដើម្បីបរិស្ថានស្អាត និងមានអនាម័យ។

លោក សន សុគុណធី ក្រុមការងារយុវជនទំពាំងស្នងឬស្សី បានឲ្យដឹងថា ក្រុមវាគ្មិនយុវជន ទំពាំងស្នងឬស្សី បានចូលរួមក្នុងការងារសង្គមយ៉ាងច្រើន ដូចជាការដាំដើមឈើ ជួយកុមារកំព្រា ជាក់ស្ដែងនៅល្ថាចនេះ ក្រុមការងារ បានចូលរួមរើសសំរាម បោសសម្អាត ដើម្បីរួមចំណែកនូវការកាត់បន្ថយភាពកង្វក់ ហើយនេះជាសារមួយ ​ផ្ញើដល់ពលរដ្ឋ ត្រូវចូលរួមរក្សាអនាម័យនៅក្នុងរាជធានីភ្នំពេញ ក៏ដូចជាប្រទេសកម្ពុជាទាំងមូល ឲ្យស្អាតផងដែរ។

ស្រដៀងគ្នានេះដែរ កញ្ញា សូ ម៉េងវួច ក៏បានបញ្ជាក់ដែរ «យុទ្ធនាការចាប់សំរាមដាក់ធុង» នេះត្រូវបានធ្វើឡើងដោយមានការសហការគ្នាជាមួយយុវជនទំពាំងស្នងឬស្សី យុវជននៅក្នុងសង្កាត់បឹងទំពន់ ដើម្បីសម្អាតបរិស្ថានក្នុងវត្តសន្សំកុសល្យ ហើយយុទ្ធនាការនេះ មានគោលបំណង ប្រមូលនូវសំរាមទាំងអស់ដែលមានសភាពរាយប៉ាយតាមវត្ត និងតាមដងផ្លូវសាធារណៈ យកដាក់ក្នុងធុងសំរាម ដើម្បីឲ្យវាមានសណ្ដាប់ធ្នាប់ឡើងវិញ និងកុំឲ្យវាប៉ះពាល់សុខភាព ពលរដ្ឋដែលនៅជុំវិញ។

កញ្ញាបន្ថែមថា សកម្មភាពទាំងនេះ ត្រូវឡើងមិនមានការបង្ខិតបង្ខំពីស្ថាប័នណាទាំងអស់ វាសុទ្ធតែជាសកម្មភាពស្ម័គ្រចិត្ត ដើម្បីចូលរួមក្នុងការអភិវឌ្ឍន៍ឲ្យមានសណ្ដាប់ធ្នាប់ និងរបៀបរាបរយ ព្រមទាំងផ្ញើសារដល់ពលរដ្ឋកម្ពុជាទាំងអស់ ត្រូវចេះស្រលាញ់បរិស្ថាន ប្រសិនបើបរិស្ថានស្អាត ជាកញ្ចក់មួយឆ្លុះបញ្ចាំងថា ពលរដ្ឋកម្ពុជា មានសុជីវធម៌ក្នុងការរស់នៅ។

ជាចុងក្រោយ ក្រុមការងារយុវជនទំពាំងស្នងឬស្សីទាំងអស់ សូមផ្ដាំផ្ញើដល់ពលរដ្ឋទូទៅថា «យើងទាំងអស់គ្នា ត្រូវតែរួបរួមគ្នាដើម្បីប្រទេសជាតិយើង មានសោភ័ណ្ឌភាពស្រស់ស្អាត ហើយត្រូវចោលសំរាម ក្នុងធុងសំរាមឲ្យបានត្រឹមត្រូវ ដើម្បីរក្សាអនាម័យឲ្យមានល្អ»

សូមរំលឹកថា ក្រុមយុវជនទំពាំងស្នងឫស្សី​ត្រូវបានបង្កើតឡើង​ ដោយការបោះឆ្នោតជ្រើសរើស​ ពីយុវជន​ ក្នងសង្កាត់​ ខណ្ឌ​ និងតាមមន្ទីរ​ ក្រសួង​ ដែរមានសមាជិក១៣៦នាក់។ កន្លងមកក្រុម​យុវជន​នេះ​ បានចូលរួមក្នុងការងារសង្គមជាច្រើនផងដែរ​ ហើយការងារទាំងនោះ គឺកើតឡើងពីការស្ម័គ្រចិត្ត​ ដើម្បីចូលរួម​ចំនែកជាមួយរាជរដ្ឋាភិបាលកម្ពុជា​ ដែលមានសម្ដេចតេជោ​ ហ៊ុន​ សែន​ ជានាយករដ្ឋ​មន្ដ្រីនៃកម្ពុជា​ ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិឱ្យ កាន់តែមានភាពរីកចម្រើន៕