(កណ្តាល)៖ កម្លាំងនគរបាលក្រុងតាខ្មៅ​ សហការជាមួយកម្លាំងនគរបាលមូលដ្ឋាន​ ក្រោមការបញ្ជាផ្ទាល់ពីសំណាក់ ស្នងការនគរបាលខេត្ត​ និងក្រោមការ សម្របសម្រួលពី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោក​ លឹម​ សុគន្ថា​ បានបើកការស្រាវជ្រាវ តាមចាប់ជនល្មើសម្នាក់​ ដែលបានគំរាមទៅសង្សារបស់ខ្លួន​ ឲ្យផ្ញើប្រាក់​ បើមិនដូច្នេះទេនឹង បញ្ចេញរូបអាក្រាត កាយទាំងនោះ​ ក្រោយពីជននេះបានលួងលោម នារីរងគ្រោះជាសង្សាឲ្យផ្ញើរូបថត អាក្រាតតាម ​Facebook កាលពីពេលកន្លងទៅ។

មន្រ្តីនគរបាលខេត្តកណ្តាល​ បានឲ្យដឹងថា​ ការតាមចាប់ខ្លួនជនសង្ស័យរូបនេះ​ បានធ្វើឡើងខណ: ជនល្មើសបានណាត់ ជាមួយនារីជាសង្សា នៅមាត់ទន្លេក្រុងតាខ្មៅ​ ខេត្តកណ្តាល​ នៅថ្ងៃទី១៨​ ខែកញ្ញា​ ឆ្នាំ២០១៦នេះ។​ ជនល្មើសរូបនេះមានឈ្មោះ​ កាន សុគន្ធា រិទ្ធ អាយុ២២ឆ្នាំមានទីលំនៅភូមិក្រពើហា​ សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល​ មុខរបរនៅផ្ទះ ។​ រីឯជនរងគ្រោះមានឈ្មោះ​  វ.ណ.ន ភេទស្រី អាយុ១៧ឆ្នាំមុរបរសិស្សមានទីលំនៅផ្ទះជួលភូមិថ្មី២​ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។​

បើតាមមន្រ្តីនគរបាល​  អស់រយៈពេលជាយូរមកហើយដែលជនរងគ្រោះ និងជនល្មើសបានស្គាល់គ្នា និងមានការរាប់អានគ្នាជាមិត្តភ័ក្រ្តធម្មតា។

លុះមកដល់ឆ្នាំ ២០១៥ ក៏មានការស្រឡាញ់គ្នា ជាសង្សារហូត បានដេករួមភេទជាមួយគ្នាច្រើនដង មកហើយ។ ក្រោយមកក៏បែកបាក់គ្នា រួចក៏ជួបគ្នាវិញ។ ពេលមួយជនល្មើសបាន ទៅលេងម្តាយ ដែលទៅធ្វើការ នៅប្រទេសចិនហើយបានផ្ញើរសារ មកអោយជនរងគ្រោះថតរូបស្រាត ៨ប៉ុស្តិផ្ញើរតាមសារអោយខ្លួនវិញ។

ជនរងគ្រោះក៏បានថតរូបផ្ញើរទៅអោយ ជនល្មើសមែន។​ មកដល់ប្រហែលពាក់កណ្តាលឆ្នាំ២០១៦ ជនល្មើសបានមកស្រុកខ្មែរវិញបានផ្ញើរសារ គំរាមដល់ជនរងគ្រោះថា (ត្រូវរកលុយអោយបាន ៤០០ដុល្លារ)​ បើមិនបានទេខ្លួននឹងផ្សាយរូបអាក្រាត តាមប្រពន្ធ័វេបសាយ Facebook ពីរូបអាសអាភាស អោយគេឯងឃើញ  ។

ជនរងគ្រោះមានការភ័យខ្លាច បានដើរខ្ចីលុយមិត្តភក្ត័ អោយជនល្មើសភ្លាម។ បន្ទាប់មកមិនបានប៉ុន្មានថ្ងៃផង នៅថ្ងៃទី ០៧​ ខែកញ្ញា​ ឆ្នាំ២០១៦ជនល្មើស បានផ្ញើរសារមកម្តងទៀត តាមទូរសព្ទ័លេខ ០១០ ៥០៨ ១០០ ថា (ត្រូវរកលុយអោយបានចំនួន ៣០០ដុល្លារ)​ បើមិនបានក្នុងថ្ងៃទី២៥ខែ៩ឆ្នាំ២០១៦ វេលាម៉ោង ៧៖៣០នាទី ខ្លួននឹងបង្ហោះរូបអាសអាភាសតាមវេបសាយ (facebook) ហើយ។

ជនរងគ្រោះបានផ្ញើរសារត្រឡប់ទៅវិញថា​ ខ្លួនរកលុយពីណាបាន​ តែជនល្មើសឆ្លើយថា​ ទៅដេកជាមួយអ្នកណាក៏ដោយ អោយតែបានលុយ។​ ភ្លាមនោះជនរងគ្រោះមិនដឹង រកលុយឯណាក៏សំរេចចិត្ត មកដាក់ពាក្យបណ្តឹង នៅប៉ុស្តិតាខ្មៅ នាល្ងាចថ្ងៃទី១៧​ ខែកញ្ញា​ ឆ្នាំ២០១៦ តែម្តងបន្ទាប់ពីខ្លួនត្រឡប់ មកពីធ្វើការនៅភ្នំពេញវិញ។

ក្រោយពីបានទទួលពាក្យបណ្តឹង ពីជនរងគ្រោះរួចមកកំលាំង ជំនាញយុត្តិធម៌ក្រុងតាខ្មៅ សហការជាមួយកំលាំងនគរបាលប៉ុស្តិ៍ រដ្ឋបាលតាខ្មៅ បានធ្វើការស្រាវជ្រាវ រហូតដល់ថ្ងៃទី១៨
ខែឆ្នាំដដែលវេលាម៉ោង ០៩ និង៣០នាទី ទើបធ្វើការឃាត់ខ្លួនជនល្មើស បាននៅចំណុចសួនច្បារមាត់ទន្លេ ភូមិតាខ្មៅ២សង្កាត់តាខ្មៅ ក្រុងតាខ្មៅខេត្តកណ្តាល នៅពេលជនល្មើសទៅយកលុយ ពីជនរងគ្រោះតាមការ ទាមទារពីជនល្មើស។

នៅចំពោះមុខសមត្ថកិច្ចជនល្មើសបានសារភាពថា ខ្លួនពិតជាបានគំរាមទារលុយពីជនរងគ្រោះ ជាថ្នូរនិងការមិនបង្ហោះរូប អាសអាភាសរបស់​ ជនរងគ្រោះប្រាកដមែនដោយលើកទី១ បាន៣៥០ដុល្លារ មិនចាំថ្ងៃខែនៅផ្ទះសំណាក់ ៣៦២ ទល់មុខផ្សារតាខ្មៅថ្មី លើកទី២​ ទារ៣០០ដុល្លាដោយណាត់ជួបគ្នា នៅសួនច្បារមាត់ទន្លេ មិនទាន់បានលុយផង ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង។

ក្រោយការចាប់ខ្លួនកម្លាំង នគរបាលបានដកហូត ម៉ូតូ០១គ្រឿងម៉ាកSCOOPY ពណ៌សសេរីឆ្នាំ២០១៥ ពាក់ផ្លាកលេខកណ្តាល 1Q-1635 ទូរស័ព្ទដៃ ០១គ្រឿងម៉ាក iPhone 5s​ កាបូបដៃពណ៌ខ្មៅ ចំនួន០១​ និងលុយខ្មែរចំនួន ១៣០០០ រៀល៕