(ពោធិ៍សាត់)៖ ថ្មីៗកន្លងទៅនេះ ការ​កាប់​ទន្ទ្រាន​ព្រៃ​​យក​ដី​ដែលមាន ទំហំច្រើនសន្ធឹកសន្ធាប់ ធ្វើ​កម្ម​សិទ្ធិ​របស់​​​ជន​​ខិល​​ខូច នៅខេត្តពោធិ៍សាត់ ដែលមានទំហំច្រើនសន្ធឹកសន្ធា​ប់នេះ គេបានធ្វើការវាយតំលៃថា ជាការ​កាប់​ទន្ទ្រាន​ព្រៃ​​យក​ដី​ ដោយខុសច្បាប់ជាច្រើន បានកើតឡើងនៅក្នុងតំបន់ហាមឃាត់ របស់រដ្ឋដូចជា នៅតំបន់ដែនជំរកសត្វព្រៃភ្នំក្រវ៉ាញ ដែនជំរកសត្វព្រៃ និងដីព្រៃបំរ៉ុងអចិន្ត្រៃរបស់រដ្ឋ ត្រូវបានគេកាប់បំផ្លាញយ៉ាងដំណំ រហូតមកដល់ពេលនេះមន្ត្រីពាក់ព័ន្ធនៅខេត្តនេះ គេពុំទាន់ឃើញមានចំណាត់ការ ផ្លូវច្បាប់ណាមួយ ដាក់ការស៊ើបអង្កេត ដើម្បីស្រាវជ្រាវរកអ្នកប្រព្រឹត្តិ មកផ្តន្ទាទោតាមច្បាប់នៅឡើយទេ។

ពលរដ្ឋជនជាតិដើមភាគច្រើន រស់នៅក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់​ បានអំពាវនាវ ដល់មន្ទីរបរិស្ថានខេត្ត  ដែលជាអាជ្ញាធរ​​ទទួល​ខុសត្រូវ ​ក្នុង​ការជំរុញ​ឲ្យ​មាន​ការអនុវត្ត​ច្បាប់​ និង​គ្រប់គ្រង​ព្រៃឈើ​ សូម​យក​ចិត្ត​ទុកដាក់​ទប់ស្កាត់​បទល្មើស​នេះ។

ពលរដ្ឋរាប់រយអ្នកដែលបានចុះ ទៅឃើញហេតុការណ៍នោះ បានលើកឡើងថា ​កន្លែង​ដាក់ស្នាក់ការ និងកុងត្រូលត្រួតពិនិត្យ ​​ដែល​បង្កើត​ឡើង​ដោយ​អាជ្ញាធរ​ ដូចជា​នគរបាល ទាហ៊ាន ក្រុមហ៊ុន  ជាពិសេសមន្ត្រីបរិស្ថាន ​គឺមិនមែន​ ដើម្បី​បញ្ឈប់​ ឬ​រារាំង​មិន​ឲ្យ​មាន​ការ​កាប់​ទន្ទ្រាន​ព្រៃ ​​យក​ដី​ធ្វើ​កម្ម​សិទ្ធិ​របស់​​​ជន​​ខិល​​ខូចនៅទីនោះ​ទេ។ ផ្ទុយ​ទៅវិញ​ គឺ​ពួកគេបាន​ដាក់ស្នាក់ការ និងកុងត្រូល​ ដើម្បី​ប្រមូលយកលុយពីអ្នកកាប់​ទន្ទ្រាន​ព្រៃ ​​យក​ដី​ធ្វើ​កម្ម​សិទ្ធិ​ឯកជន​​​ទាំងនោះទៅវិញ។

ពួកគាត់បាន​បញ្ជាក់​ថា​ កន្លងមក​អាជ្ញាធរ​ខេត្ត​ពោធិ៍សាត់ បាន​​បញ្ជា​ឱ្យ​សមត្ថ​កិច្ច​​​ពាក់​ព័ន្ធ ​មាន​វិធាន​ការ​​​​​ទប់​​​​​ស្កាត់ ​​​ការ​កាប់​បំផ្លាញ​​ព្រៃឈើ​​ នៅ​តំបន់​នោះ​​ឱ្យ​មាន​ប្រសិទ្ធ​​ភាព​ ។ ការ​កាប់​​បំផ្លាញ​​​ព្រៃ​ឈើ​នៅ​តំបន់​​​ភ្នំក្រវ៉ាញ​បាន​បង្ហាញ​យ៉ាងច្បាស់​​​​​ថា ​ព្រៃឈើ​​ក្នុង​តំបន់​​ភ្នំក្រវ៉ាញ ​​ត្រូវបាន​គេ​កា​ប់​វាល​​​​នៅ​ផ្នែក​ខាង​ក្នុង​ ដោយ​​ទុក​ដើម​ជុំ​វិញ​​កុំ​​​​​​​​​​​​​​ឱ្យ​មើលឃើញ​​​ពីក្រៅ​ទៅ​តែប៉ុណ្ណោះ​​ ឯ​ខាង​ក្នុង​​​​កាប់​ឡើង​ត្រងោល​​ ។

​តំបន់​​ការ​ពារ​ធម្មជាតិ​មួយ​ចំនួន ជាពិសេស​​តំបន់ឧទ្យាន​​ជាតិ​ បាន​និងកំពុង​ទទួល​រងការ​គំរាម​កំហែង ​​បំផ្លិច​បំផ្លាញ​អនុ​ផល​ធន​ធាន​ធម្ម​ជាតិ​ ​កាប់​ទន្ទ្រាន​ព្រៃ​​យក​ដី​ធ្វើ​កម្ម​សិទ្ធិ​​ ដែល​អាជ្ញា​ធរ​ពាក់​ព័ន្ធ​ និង​សមត្ថ​កិច្ច​ជំនាញ​ហាក់​ដូច ​ជា​មិន​បាន​បង្ក្រាប​ឱ្យ​បាន​ទាន់​ពេល​វេលា​​។

យ៉ាងណាក៏ពាក់ព័ន្ធការលើកឡើង នៃការកាប់ទន្ទ្រានព្រៃយកដីធ្វើកម្មសិទ្ធិនេះ Fresh News មិនទាន់អាចសុំការបំភ្លឺពីអាជ្ញាធរខេត្ត និងមន្ទីរបរិស្ថានខេត្ត រួមទាំងមន្ត្រីពាក់ព័ន្ធនោះទេ នៅរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៦នេះ៕