(ឧត្តរមានជ័យ)៖ ក្នុងនាមខេត្តសម្ព័ន្ធមេត្រីភាព នៅរដូវបុណ្យទានចូលមកដល់ម្ដងៗ ជាពិសេសឱកាសបុណ្យចូលឆ្នាំខ្មែរ និងបុណ្យភ្ជុំបិណ្ឌ ខេត្តកំពង់ចាមតែងដឹកនាំគណៈប្រតិភូ ចុះសាកសួរសុខទុក្ខកងទ័ព ការពារព្រំដែន។

ដូចគ្នានោះដែរ ក្នុងរដូវភ្ជុំបិណ្ឌឆ្នាំនេះ នៅព្រឹកថ្ងៃទី១៨ កញ្ញានេះ គណៈប្រតិភូខេត្តកំពង់ចាម ដឹកនាំដោយលោក កៅ សុខអាន អភិបាលរងខេត្តតំណាងលោក លន់ លឹមថៃ អភិបាលខេត្តកំពង់ចាម អមដំណើរដោយលោកអភិបាលរងខេត្តថ្នាក់ដឹកនាំ មន្ទីរអង្គភាព ជុំវិញខេត្ត និងអាជ្ញាធរក្រុង-ស្រុក ទូទាំងខេត្តកំពង់ចាម បានអញ្ជើញសាកសួរសុខទុក្ខកងទ័ព ដែលកំពុងឈរជើង ការពារតាមខ្សែបន្ទាត់ ព្រំដែនកម្ពុជា-ថៃ នៅបញ្ជាការដ្ឋានកងពលតូចអន្តរាគមន៍លេខ៦ ចំណុះកងពលធំអន្តរាគមន៍លេខ២ ស្ថិតនៅឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

ក្នុងឱកាសសាកសួរសុខទុក្ខនេះ គណៈប្រតិភូខេត្ត បាននាំនូវគ្រឿងឧបភោគ បរិភោគ ទៅផ្ដល់ជូនកងពលរួមមាន ជូនទីបញ្ជាការដ្ឋានកងពលអន្តរាគមន៍លេខ៦ ថវិកា៥លានរៀល ឧបត្ថម្ភនាយទាហាន ពលទាហានចំណុះកងពលតូច អន្តរាគមន៍លេខ៦ ក្នុងម្នាក់ៗ ទទួលបានថវិកា២ម៉ឺនរៀលនឹងក្រម៉ាម្នាក់មួយ សរុប៣៥,៦២០,០០០រៀល ព្រមទាំងគ្រឿងបរិភោគ ទឹកក្រូច១០០កេស មី២៥៤កេស ត្រីខ៣កេសធំ ទឹកត្រី២៤យួរ ទឹកសីអ៉ី៣០យួរ និងថ្នាំពេទ្យមួយចំនួនផងដែរ៕