(បន្ទាយមានជ័យ)៖ ព្រះរាជអាជ្ញារង លោក​​ សុក កែវបណ្ឌិត បានប្រាប់ភ្នាក់ងារ​ ​Fresh Newsថា សមត្ថកិច្ចបានសម្រេចដកហូត​ កាក​សំណល់​ប្រេងឆា អំបិល នៅក្នុងទីឃ្លាំងស្តុបឈើរបស់​ឈ្មោះ ​ទឹត​ ប៊ុនធឿន​ ហៅតុល ក្រោយពីមានការ​សម្របសម្រួល​ពីលោក មាស​ ច័ន្ទពិសិដ្ឋ ​ព្រះរាជអាជ្ញា​អមសាលាដំបូងខេត្ត​​​ ហើយទី​តាំងនេះ មាន​លួចលាក់ទុក​កាកសំ​ណល់​ប្រេងឆា​ ​ជិត១ម៉ឺន​លីត្រ និងអំបិល​ ជិត៣តោន​ ក្រោយមានការត្រួតពិនិត្យ ជាក់លាក់​ពីមន្ត្រី​សាខាកាំកុងត្រូល ខេត្តបន្ទាយមានជ័យ រក​ឃើញថា កាកសំណល់​​ប្រេងឆា​ និងអំបិល​ ទាំងនេះវាប៉ះពាល់​ដល់សុខភាព ​ប្រជាពលរដ្ឋ។

​លោក ហុង លៀង ​អនុប្រធាន​សាខាកាំងត្រូល​ខេត្ត បានប្រាប់ថា កាកសំណល់ប្រេងឆានេះ គឺ​ប្រជាពលរដ្ឋ​បានប្រើប្រាស់រួចម្តងហើយ តែត្រូវ​​បាន​ឈ្មួញ​ឈ្មោះ ​ទឹត ប៊ុនធឿន​ ប្រមូល​ទិញ​​ពីអាជីវករ​ តែមិនដឹងថា យកកាកប្រេងឆានេះ ទៅផលិតជាអ្វីឡើយ ។

លោកបន្តថា ដោយឡែក​អំបិលគ្រួស​វិញ គឺគ្មាន​សារធាតុអ៊ីយ៉ូត​ ប្រសិនជាដាក់ផ្សំ​ជាមួយមុខម្ហូបវិញ ធ្វើប៉ះពាល់សុខភាព​។

សូមបញ្ជាក់ថា​ ក្នុងការឆែកឆេរសមត្ថកិច្ចចំរុះ​ បានរកឃើញឈើចំនួន៩៣ដុំ​ ប្រហែលជា ៤០ម៉ែត្រគូ​ប​ និងគល់ថ្នង់ជាច្រើន ដែលប្រតិបត្តិការបង្ក្រាបនេះ ស្ថិតនៅ​ភូមិ​អូរអំបិល ឃុំទួលពង្រ ស្រុកម៉ាឡៃ​ ​តាំងពីល្ងាចម្សិលមិញ​ រហូតដល់រសៀលថ្ងៃទី ១៨ ខែកញ្ញា​ ឆ្នាំ២០១៦ មិនទាន់ប្រមូលយកសម្ភារៈអស់ ពីឃ្លាំងខាងលើ​នេះ​នៅឡើយ៕