(ភ្នំពេញ)៖ សេដ្ឋកិច្ចរបស់កម្ពុជា នៅឆ្នាំ២០១៦នេះ ត្រូវបានស្ថាប័នជាតិ និងអន្តរជាតិវាយតម្លៃថា នឹងបន្តកើនឡើងក្នុងរង្វង់៧ភាគរយ។ ជាមួយនឹងការរីកចម្រើន វិស័យសេដ្ឋកិច្ច និងកំណើនជំនឿទុកចិត្ត របស់ប្រជាជនកម្ពុជា មកលើប្រព័ន្ធធនាគារ បានជំរុញឲ្យវិស័ស័យធានាគារនៅកម្ពុជា មានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ក្នុងរយៈពេលជិតពីរទសវត្សរ៍នេះ។

របាយការណ៍ធនាគារជាតិនៃកម្ពុជា ប្រចាំឆមាសទី១ បានឲ្យដឹងថា ប្រព័ន្ធធនាគារនៅកម្ពុជា រួមមានធនាគារពាណិជ្ជចំនួន៣៦ ធនាគារឯកទេសចំនួន១៤ ការិយាល័យតំណាងធនាគារបរទេសចំនួន៨ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន៥៧ (គ្រឹះស្ថានមីក្រូហិរញ្ញាវត្ថុ ទទួលប្រាក់បញ្ញើពីសារធារណជនចំនួន៧) ប្រតិបត្តិករឥណទានជនបទចំនួន១៦០ ក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុ (ក្រុមហ៊ុនទទួលបញ្ចាំ) ចំនួន១១ ក្រុមហ៊ុនក្រេឌីតប្យូរ៉ូកកម្ពុជាចំនួន១ អ្នកដំណើរការតតិយភាគីចំនួន៧ និងអាជីវករប្ដូរប្រាក់ចំនួន២០៩៤។

ធនាគាជាតិនៃកម្ពុជា បានឲ្យដឹងថា នៅឆមាសទី១ ឆ្នាំ២០១៦ ទ្រព្យសកម្មរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបានកើនឡើង ២១.៣ភាគរយ (ឆ្នាំលើឆ្នាំ) ដល់១០៤.៨០ទ្រីលានរៀល ដោយសារកំណើននៃដើមទុននិងមូលនិធិកម្ចី របស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនីមួយៗ ព្រមទាំងកំណើនប្រាក់បញ្ញើ របស់អតិថិជន។

គ្រឹះស្ថានធនាគារ និងហិរញ្ញាវត្ថុ មានកំណើនដើមទុន ១៥.៣ភាគរយដល់ ១៨.៧៦ទ្រីលានរៀល និងកំណើនមូលនិធិកម្ចី ៣០.៥ភាគរយ ដល់៨.៩០ទ្រីលានរៀល។ ទន្ទឹមនេះប្រាក់បញ្ញើ របស់អតិថិជនបានកើនឡើង ១៩.៦ភាគរយ ដល់៥៧.៨៩ទ្រីលានរៀល ខណៈដែលឥណទានកើន ២១.៧ភាគរយ ដល់៦៤.៣៥ ទ្រីលានរៀល។

ចំនួនអតិថិជនដាក់ប្រាក់បញ្ជើ និងអតិថិជនដែលទទួលបានឥណទាន កើន១៩.២ភាគរយ និង១២ភាគរយ ដល់៤.៤លាននាក់ និង ២.៦លាននាក់រៀងគ្នា ដែលកំណើននេះ បង្ហាញឲ្យឃើញថា ប្រជាជនកម្ពុជាកាន់តែយល់ដឹងច្រើនជាងមុន អំពីសេវាហិរញ្ញវត្ថុ និងមានលទ្ធភាពទទួលបាន សេវាហិរញ្ញវត្ថុកាន់តែច្រើនឡើង។

ធនគារជាតិបានបញ្ជាក់ទៀតថា ការពង្រីកបណ្ដាញប្រតិបត្តិការ របស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ នៅតែមាននិន្នាការកើនឡើង ដើម្បីឆ្លើយតបទៅនឹងតម្រូវការ របស់អតិថិជនទាំងទីប្រជុំជន និងតំបន់ជនបទ តាមរយៈការបន្ដបើកសាខា និងការិយាល័យតំណាង នៅតាមរាជធានី-ខេត្ត ការដាក់ឲ្យប្រើប្រាស់បន្ថែម នូវម៉ាស៊ីនដក និងដាក់ប្រាក់ស្វ័យប្រវត្តិ (ATM) និងការផ្ដល់សេវាទូទាត់ តាមអេឡិត្រូនិក។

ជាក់ស្ដែងក្នុងឆមាសទី១ ចំនួនសាខា និងបណ្ដាញប្រតិបត្តិការរបស់គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ កើនឡើង ២៧.៧ភាគរយ ដល់៤,៧៦០សាខា ម៉ាស៊ីនដក និងដាក់ប្រាក់ស្វ័យប្រវត្តិកើនឡើង ២០.៤ភាគរយ ដល់ ១,៥១៣ម៉ាស៊ីន ព្រមទាំងប័ណ្ណឥណពន្ធ និងប័ណ្ណឥណទានកើនឡើង១២.២ ភាគរយ និង៣០.១ភាគរយ ដល់១,៥៥៧,៨៧២កាតនិង ៤៥,០៨៦កាតរៀងគ្នា។

* វឌ្ឍនភាពវិស័យធនាគារ

របាយការណ៍បានបន្តថា បច្ចុប្បន្នគ្រឹះស្ថានធនាគាររួមមាន ធនាគារក្នុងស្រុក ធនាគារបុត្រសម្ព័ន្ធ និងសាខាបរទេស បានបន្ដអភិវឌ្ឍអាជីវកម្ម ប្រកបដោយភាពរឹងមាំ ហើយបានពង្រឹង និងលើកម្ពស់ប្រសិទ្ធិភាព សក្ដិសិទ្ធភាព និងគុណភាព នៃប្រតិបត្តិការបង្កើនបរិមាណ និងគុណភាពនៃដើមទុន ព្រមទាំងពង្រឹងសមត្ថភាព ធនធានមនុស្សប្រកបដោយគុណវុឌ្ឍិ ដាក់ឲ្យប្រើប្រាស់ផលិតផល ហិរញ្ញវត្ថុថ្មីៗ និងធ្វើបច្ចុប្បន្នកម្មប្រព័ន្ធព័ត៌មានវិទ្យា។ល។

ទ្រព្យសកម្មរបស់គ្រឹះស្ថានធនាគារ បានកើនឡើង ២២.២ភាគរយ (ឆ្នាំលើឆ្នាំ) ដល់៩០.៥៨ទ្រីលានរៀល ក្នុងឆមាសទី១នេះ។ ប្រាក់បញ្ញើរបស់អតិថិជន បានកើន២០.២ភាគរយ ដល់៥២.៧០ទ្រីលានរៀល ចំណែកឥណទាន មានការកើនឡើង២៣.៩ភាគរយដល់ ៥៣.០៥ទ្រីលានរៀល។ ចំនួនអតិថិជនដាក់ប្រាក់បញ្ញើ និងអតិថិជនដែលទទួលបានឥណទាន កើនឡើងចំនួន១៩.៦ភាគរយ និង៤៧ភាគរយ ដល់២.៩លាននាក់ ០.៧លាននាក់រៀងគ្នា។ ជាមួយគ្នានេះសាខារបស់គ្រឹះ ស្ថានធនាគារបានកើនឡើង៣៥.៣ភាគរយ ដល់៧៨៥សាខា និងម៉ាស៊ីនដកប្រាក់ស្វ័យប្រវត្តិ បានកើន២០.៦ភាគរយ ដល់១,២១៤។

ដោយឡែកំណើនឥណទាន តាមវិស័យសេដ្ឋកិច្ចរួមមាន វិស័យពាណិជ្ជកម្មលក់រាយ មានអត្រា១៧ភាគរយ ពាណិជ្ជកម្មលក់ដុំ១៥ភាគរយ កសិកម្មរក្ខាប្រមាញ់ និងនេសាទ១១ភាគរយ និងឥណទានផ្នែកសំណង់សេវាផ្សេងៗ មិនមែនហិរញ្ញវត្ថុ និងកម្មន្ដសាលបានស្រូបយក៨ ភាគរយស្មើៗគ្នានៃសំពៀតឥណទានសរុប។ ចំណែកវិស័យផ្សេងទៀត ក្រៅវិស័យខាងលើបានស្រូវយកឥណទាន តិចជាង៨ភាគរយនៃសំពៀតឥណទានសរុប។

* វឌ្ឍនភាពវិស័យមីក្រូហិរញ្ញវត្ថុ

វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា មានការរីកចំម្រើនគួរឲ្យកត់សម្គាល់ ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ទាំងទំហំ និងតំបន់ប្រតិបត្តិការ ព្រមទាំងបានចូលរួមចំណែក ក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ តាមរយៈការផ្ដល់សេវាមីក្រូហិរញ្ញវត្ថុ ប្រកបដោយនិរន្ដភាព ទៅដល់ប្រជាជននៅជនបទ ដែលមិនទាន់មានលទ្ធិភាព ទទួលសេវាហិរញ្ញវត្ថុ ពីធនាគារពាណិជ្ជ។

បន្ថែមលើប្រតិបត្តិការចម្បង គឺសេវាឥណទាន និងប្រាក់បញ្ញើ បច្ចុប្បន្នគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបាន ធ្វើពិពិធកម្មសេវាហិរញ្ញវត្ថុ ដោយផ្ដល់សេវាផ្ទេរប្រាក់ សេវាធនាគារចល័ត សេវាម៉ាស៊ីនដកប្រាក់ ស្វ័យប្រវត្តិ (ATM) និងសេវាធានារ៉ាបរងខ្នាតតូច។ គិតត្រឹមឆមាសទី១ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួល បានប្រាក់បញ្ញើចំនួន៤ បានផ្ដល់សេវាម៉ាស៊ីន (ATM) ជាមួយម៉ាស៊ីនសរុបចំនួន២៩៩ ហើយគ្រឹះស្ថានមួយចំនួនទៀត ក៏កំពុងដំណើរការរៀបចំ ផ្ដល់សេវាម៉ាស៊ីន ATM នេះផងដែរ។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ៥៧ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទទួលបា្រក់បញ្ញើពីសាធារណជន៧ និងប្រតិបត្តិករឥណទានជនបទ សរុបចំនួន១៦០ បាននិងកំពុងរួមចំណែកធ្វើប្រតិបត្តិការ ផ្ដល់សេវាហិរញ្ញាវត្ថុខ្នាតតូច ជូនប្រជាជននៅតាមជនបទ។ តំបន់ប្រតិបត្តិការរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បានគ្រប់ដណ្ដប់ទូទាំងប្រទេស ដែលក្នុងនោះប្រតិបត្តិការថ្នាក់ស្រុក មានចំនួន៣,៤៤៧ថ្នាក់ឃុំ២១,៤៨៦និងថ្នាក់ភូមិ១១៣,៦៣៨ព្រមទាំង បានផ្ដល់ការងារដល់ប្រជាជនកម្ពុជា២៥,២៧១នាក់។

ឥណទានផ្ដល់ដោយវិស័យនេះ បានបន្ដកើនឡើងគួរឲ្យកត់សំម្គាល់ ដោយសមតុល្យឥណទាន សរុបកើនឡើងដល់១១.៣០ទ្រីលានរៀល ដែលត្រូវបានផ្ដល់ដល់អតិថិជន១.៩លាននាក់ ពោលគឺកើនឡើង ១២.៣ភាគរយ និង៤ភាគរយរៀងគ្នា (ឆ្នាំលើឆ្នាំ) ហើយក្នុងនោះឥណទាន ទៅវិស័យកសិកម្មមាន សមាមាត្រ៣៦.៥ភាគរយ ក្រុមគ្រួសារ២៧.៤ភាគរយវិស័យពាណិជ្ជកម្ម ១៧.៥ភាគរយ សេវាកម្ម៩.២ភាគរយ សំណង់៣.២ភាគរយ ដឹកជញ្ជូន ៤.១ភាគរយ និងវិស័យផ្សេង២ភាគរយ។

ទន្ទឹមនេះសមតុល្យប្រាក់ បញ្ញើសរុបមានចំនួន ៥.១៩ ទ្រីលានរៀល ដែលទទួលបានពីអតិថិជន ចំនួន១.៤លាននាក់ ពោលគឺកើនឡើង១៣.៦ភាគរយ និង១៦ភាគរយរៀងគ្នា។ ចំណែកឯអតិថិជនជាស្រ្ដី ដែលបានទទួល សេវាប្រាក់កម្ចីមីក្រូហិរញ្ញវត្ថុ មានចំនួនសរុប១.៤លាននាក់ គឺស្មើនឹង៧៧.៩ភាគរយ នៃអតិថិជនខ្ជីប្រាក់សរុប៕