(ភ្នំពេញ)៖ ថវិកាចំនួន ២០លានរៀល និងអង្ករ ៥តោន មី ២០០កេស ស្រាបៀរចំនួន ១០០កេស ទឹកសុទ្ធ ១០០កេស ទឹកក្រូច ៥០កេស ត្រីខចំនួន ១០កេស ប៊ីចេងចំនួន ៥គីឡូក្រាម ព្រមទាំងគ្រឿងឧបភោគបរិភោគជាច្រើនទៀត ដែលជាអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបាននាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស យកមកផ្តល់ជូនដល់នាយទាហាន ពលទាហាន បញ្ជាការដ្ឋានកាំភ្លើងធំអគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៦នេះ។

នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងសារជូនពរពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងពីក្រសួងការពារជាតិ និងអគ្គមេបញ្ជាការ ជូនចំពោះនាយទាហាន នាយទាហានរង និងពលទាហាន បញ្ជាការដ្ឋានកាំភ្លើងធំ ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដែលជាប្រពៃណីជាតិខ្មែរនេះ។

ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ បានផ្តាំផ្ញើដល់នាយ ពលទាហានបញ្ជាការដ្ឋានកាំភ្លើងធំទាំងមូល ត្រូវបន្តអនុវត្តអោយបានម៉ឺងម៉ាត់ នូវការអនុវត្តន៍បទបញ្ជា និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការរួមសហការការពារ ថែរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ឲ្យបានល្អប្រសើរ។ ក្នុងនោះដែរបន្តការអនុវត្តតួនាទីភារកិច្ចដ៏ល្អរបស់ខ្លួនថែមទៀត ដោយចូលរួមការពារបូរណភាពទឹកដី និងការកសាងអភិវឌ្ឍន៍ជាតិមាតុភូមិ ដើម្បីឲ្យមានការរីកចំរើនលើគ្រប់វិស័យ។ ហើយនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង បានបន្តថា កងកំលាំងទាំងអស់ត្រូវត្រៀមកំលាំងរួចជាស្រេច ដើម្បីសង្គ្រោះប្រជាពលរដ្ឋនៅពេលមានទឹកជំនន់ និងគ្រោះធម្មជាតិផ្សេងៗជាយថាហេតុផងដែរ៕