(សៀមរាប)៖ នៅព្រឹកថ្ងៃអាទិត្យ ទី១៨ ខែកញ្ញា ឆ្នាំ២០១៦នេះ នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋាន ខេត្តសៀមរាប បានប្រគល់ម៉ូតូ Honda Wave 2016 ជូនក្មួយៗ ជាសិស្សានុសិស្ស ដែលបានប្រឡងជាប់ មធ្យមសិក្សាទុតិយភូមិ និទ្ទេស «A» ទាំង៣៦រូប (ស្រី១៤រូប) ក្នុងខេត្តសៀមរាប នាសម័យប្រឡង ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦។

ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ បានថ្លែងថា លទ្ធផលដែលសិស្សានុសិស្ស បានប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ និទ្ទេស «A» ទាំង៣៦រូបខេត្តសៀមរាប នាសម័យប្រឡងថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ គឺជាមោទនភាពថ្មីមួយទៀត របស់ខេត្តសៀមរាប ដែលជាកិច្ចខិតខំប្រឹងប្រែង ព្យាយាម របស់សិស្សានុសិស្សផ្ទាល់ របស់លោកគ្រូ អ្នកគ្រូ ការលើកទឹកចិត្តរបស់មាតាបិតា អាណាព្យាបាល ក៏ដូចជាក្រសួង-មន្ទីរអប់រំ សម្រាប់លទ្ធផល ដ៏ល្អប្រសើរនេះ។

លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា ជាការលើកទឹកចិត្តនៅថ្ងៃនេះ សិស្សានុសិស្ស និទ្ទេស «A» ទាំង៣៦រូប លោកបានប្រគល់រង្វាន់អនុស្សាវរីយ៍ ម៉ូតូម៉ាក Honda Wave  2016 ម្នាក់មួយគ្រឿង៕