(អ៊ីស្លាមបាដ)៖ នៅថ្ងៃសៅរ៍នេះ លោក Pervez Musharraf ត្រូវបានតុលាការចេញដីកា រឹបអូសទ្រព្យសម្បត្តិនិងអចលនទ្រព្យ ខណៈអតីតប្រធានាធិបតីរូបនេះ បានចាកចេញពីប្រទេសប៉ាគីស្ថាន ទៅកាន់ទីក្រុង Dubai កាលពីខែមីនាកន្លងទៅ ដែលត្រូវបានគេអះអាងថាគឺដើម្បីព្យាបាលជំងឺ។ នេះបើតាមការផ្សាយដោយសារព័ត៌មាន Channel News Asia នាយប់ថ្ងៃសៅរ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០១៦។

ចៅក្រមបានចេញបញ្ជាឲ្យរឹបអូស ទ្រព្យសម្បត្តិនិងអចលនទ្រព្យរបស់លោក Musharraf លើរឿងក្តីការស្លាប់របស់បុព្វជិត Abdul Rashid Ghazi ដែលស្ថិតនៅក្នុងចំណោមមនុស្សជាង១០០នាក់ ដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់កងទ័ពប៉ាគីស្ថាន មកលើវិហារអ៊ីស្លាម Red Mosque កាលពីឆ្នាំ២០០៧។ ជាមួយគ្នានេះដែរ លោក Musharraf ក៏កំពុងតែប្រឈមនឹងរឿងក្តីក្តាំង ជាច្រើនពាក់ព័ន្ធ អំឡុងពេលដែលលោកនៅកាន់អំណាច។

គួរបញ្ជាក់ដែរថា លោក Musharraf បានធ្វើរដ្ឋប្រហារទម្លាក់នាយករដ្ឋមន្រ្តី Nawaz Sharif ចេញពីតំណែងកាលពីឆ្នាំ១៩៩៩ បន្ទាប់មកនៅឆ្នាំ២០០៨ លោកបានចុះចេញពីតំណែង មេដឹកនាំប្រទេសប៉ាគីស្ថានវិញ ដើម្បីចៀសវាងពីការចោទប្រកាន់នានា ហើយក៏បានចាកចេញទៅក្រៅប្រទេស ។

មកដល់ឆ្នាំ២០១៣ លោក Musharraf បានត្រឡប់ចូលស្រុកវិញ ក្នុងគោលបំណងប្រកួតប្រជែងក្នុងការបោះឆ្នោត ប៉ុន្តែត្រូវបានរារាំងមិនចូលរួម និងត្រូវបានហាមឃាត់ មិនឲ្យចាកចេញពី ប្រទេសប៉ាគីស្ថាន ខណៈលោកត្រូវបានចោទប្រកាន់ពីរឿងក្តីជាច្រើន។ ក្រោយមកការហាមឃាត់ មិនឲ្យធ្វើដំណើរនេះ ត្រូវបានដកចេញវិញកាលពីខែមីនាឆ្នាំ២០១៦៕