(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ក្នុងដំណើរបេសកកម្មលើខេត្តចំនួន៥ នៅភាគឦសាន និង ពាយព្យ រួមមាន មណ្ឌលគិរី រតនគិរី ស្ទឹងត្រែង ព្រះវិហារ និងកំពង់ធំ រយៈពេល ៣យប់ ៤ថ្ងៃ បានផ្តល់អគារសិក្សា អគារទីចាត់ការ អគារពិសោធន៍ ព្រមទាំងអគារស្នាក់នៅរបស់គ្រូ និងសិស្សសរុប ៥៥ខ្នង ស្មើនិង ៥១៣បន្ទប់ ក្នុងបំណងពង្រឹងធនធានចំណេះដឹងនៅតាមទីជនបទឲ្យកាន់តែល្អប្រសើរថែមទៀត ដើម្បីរួមចំណែកកសាងអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែរីកចម្រើន។

បើទោះបីមមាញឹកជាមួយនិងការងាររបស់ជាតិជាច្រើនយ៉ាងណាក្តី នាយករដ្ឋមន្រ្តី នៃកម្ពុជា ដែលបានដឹកនាំប្រទេសក្នុងគ្រាមានសង្រ្គាមតាំងពីអាយុជាង ២០ឆ្នាំ នៅខែកក្កដា ឆ្នាំ២០១៦កន្លងទៅនេះ បានសម្រេចដាក់ចេញជម្រើសធ្វើដំណើរតាមរថយន្តចុះគ្រប់បណ្តាខេត្ត ដើម្បីជួបសំណេះសំណាលជាមួយមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ក៏ដូចជាពិនិត្យមើលសមិទ្ធផល និងវឌ្ឍនភាពរបស់ប្រទេសជាតិ ក៏ដូចជាជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជានៅតាមទីជនបទផងដែរ។

នៅក្នុងសប្តាហ៍នេះនាម៉ោងប្រមាណ៥ ព្រឹកព្រលឹមថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន បានបន្តធ្វើដំណើរចាកចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ភូមិភាគឦសាន រួមមានខេត្តមណ្ឌលគិរី ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង ហើយថ្ងៃទី១៧ ខែកញ្ញា ដែលជាថ្ងៃចុងក្រោយសម្តេចតេជោ ហ៊ុន សែន ក៏បានបន្តដំណើរទៅកាន់ខេត្តព្រះវិហារ និងកំពង់ធំ ស្ថិតនៅភាគពាយព្យមុនត្រឡប់មកដល់រាជធានីភ្នំពេញវិញនៅម៉ោងជាង ៤ល្ងាចថ្ងៃដដែលនេះ។

ក្នុងដំណើររយៈពេល ៤ថ្ងៃនេះ លើចម្ងាយផ្លូវជាង ១ពាន់គីឡូម៉ែត្រនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រឹងប្រែងដោះស្រាយបញ្ហាជាច្រើន ទាំងកាងាររបស់មន្រ្តីរាជការ បញ្ហារបស់ប្រជាពលរដ្ឋ និង ការងារអប់រំរបស់កូនប្រជាពលរដ្ឋខ្មែរនៅតាមទីជនបទដាច់ស្រយ៉ាល។

នៅក្នុងខេត្តរតនគិរី សម្តេចតេជោ ហ៊ុន សែន បានសម្រេចកាត់ដីកម្មសិទ្ធិរបស់រដ្ឋស្ថិតនៅក្នុងសង្កាត់កាចាញ ក្រុងបានលុង ជូនប្រជាពលរដ្ឋ ១២៦០គ្រួសារ ឲ្យពួកគាត់បានកាន់កាប់ស្របច្បាប់ ព្រមទាំងជំរុញឲ្យអាជ្ញាធរខេត្តពន្លឿនការចេញបណ្ណកម្មសិទ្ធិដីធ្លីជូនពួកគាត់ផងដែរ។ ក្រុមប្រជាពលរដ្ឋទាំងអស់ បានបង្ហាញក្តីសប្បាយរីករាយជាខ្លាំង ក្រោយទទួលបានក្តីសណ្តោសពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការគ្រប់គ្រងដី និងលំនៅឋាន ដែលពួកគាត់កំពុងរស់នៅនាពេលបច្ចុប្បន្ន។

ក្នុងដំណើរចុះទៅតាមបណ្តាខេត្តទាំង៥នេះ ការអប់រំ គឺជាការងារអាទិភាពមួយផងដែរ ដែលសម្តេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់ខ្ពស់។ នៅតាមដងផ្លូវពីខេត្តមួយទៅខេត្តមួយ ក៏ដូចជានៅក្នុងទីរួមខេត្ត បើទោះបីក្រោមកំដៅថ្ងៃក្តៅខ្លាំង ឬក៏មានភ្លៀងធ្លាក់ក្តី សម្តេចតេជោ នៅតែចុះជួបជាមួយគ្រូ និងសិស្ស ហើយពិនិត្យជាក់ស្តែងនូវការអប់រំនៅតាមសាលាទាំងអស់នោះ។ ក្រោយការពិនិត្យសម្តេចតេជោ ហ៊ុន សែន បានសម្រេចផ្តល់អគារសិក្សា ទីចាត់ការ និងអគារពិសោធន៍ សម្រាប់បំពេញការអប់រំជាបន្តបន្ទាប់។

ដោយសារតែក្នុងខេត្តមណ្ឌលគិរី រតនគិរី និងព្រះវិហារ ដែលសាលាមួយចំនួនមានចម្ងាយឆ្ងាយ សម្តេចតេជោ ហ៊ុន សែន ក៏បានផ្តល់អគារស្នាក់នៅសម្រាប់គ្រូ និងសិស្សផងដែរ។ ក្នុងដំណើរបេសកកម្មការងារ ៤ថ្ងៃនេះ សម្តេចតេជោ បានសម្រេចផ្តល់អគារសិក្សា អគារទីចាត់ការ បន្ទប់ពិសោធន៍ និង អគារស្នាក់នៅសរុប ៥៥ខ្នង ស្មើ ៥១៣បន្ទប់។ ទាំងគ្រូ សិស្សានុសិស្ស ក្រោយទទួលបានអគារសិក្សា ក៏ដូចជាអគារស្នាក់នៅពីប្រមុខរាជរដ្ឋាភិបាល បានធ្វើឲ្យពួកគេសប្បាយរីករាយខ្លាំង ព្រោះអគារទាំងអស់នេះ សុទ្ធតែបានឆ្លើយតបចំពោះតម្រូវការដ៏ចាំបាច់របស់ពួកគេ។

អ្វីដែលមិនអាចរំលងពីខ្សែភ្នែករបស់អ្នកព័ត៌មាន ដែលតាមយកព័ត៌មានរបស់នាយករដ្ឋមន្រ្តីនោះ ពីខេត្តមួយឆ្ពោះទៅខេត្តមួយនាពេលបច្ចុប្បន្ននេះ ផ្លូវ និងស្ពាន ត្រូវបានសាងសង់តភ្ជាប់គ្នាយ៉ាងប្រទាក់ក្រឡា ហើយក៏មានសភាពល្អប្រសើរផងដែរ ពោលបណ្តាញផ្លូវទាំងអស់នេះ ជួយឲ្យការធ្វើដំណើរពីខេត្តមួយទៅខេត្តមួយកាន់តែងាយស្រួល មិនដូចពីអតីតទៀតនោះឡើយ។ អតីតកាល ក្នុងពេលកម្ពុជា នៅមានវិបត្តិដោយសារសង្រ្គាមកុំថាឡើយផ្លូវសម្រាប់ធ្វើដំណើរ សូម្បីតែការធ្វើដំណើរពីខេត្តមួយទៅខេត្តមួយ ក៏ត្រូវប្រឈមការបាញ់ប្លន់ ពីក្រុមចោរផងដែរ។

រឿងមួយទៀតធ្វើឲ្យចាប់អារម្មណ៍ និងកត់សម្គាល់ដែរនោះ ដំណើររបស់នាយករដ្ឋមន្រ្តីនៅលើដែនដីជនបទ និង ដាច់ស្រយ៉ាល ដែលជារឿងដ៏កម្រនោះ គេសង្កេតឃើញមានប្រជាពលរដ្ឋយ៉ាងច្រើន បាននាំគ្នាចេញមកចាំទទួលស្វាគមន៍ និងសំណេះសំណាលយ៉ាងរ៉ាក់ទាក់ ជាមួយប្រមុខរាជរដ្ឋាភិបាល។ ប្រជាពលរដ្ឋបានបង្ហាញក្តីរីករាយ និងភ្ញាក់ផ្អើលខ្លាំង នៅពេលពួកគេបានជួបមុខ និងសំណេះសំណាល ដោយផ្ទាល់ជាមួយនាយករដ្ឋមន្រ្តីកម្ពុជា។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានប្រកាសដាក់ចេញការធ្វើដំណើរចុះតាមបណ្តាខេត្តទូទាំងប្រទេសកាលពីថ្ងៃទី២០ ខែកក្ក ដា ឆ្នាំ២០១៦ ក្នុងពេលសម្តេចអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជម្ឈមណ្ឌលចម្រោះទឹកស្អាតក្នុងខេត្តបាត់ដំបង។ ក្នុងរយៈពេលជិតពីរ ខែនេះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញទៅដល់ខេត្តចំនួន ១៩ហើយ រួមមាន៖ បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ ស្ទឹងត្រែង ក្រចេះ កំពត កែប ព្រះសីហនុ កំពង់ស្ពឺ តាកែវ កំពង់ឆ្នាំង ពោធិ៍សាត់ ត្បូងឃ្មុំ កំពង់ចាម ព្រះវិហារ ឧត្តរមានជ័យ មណ្ឌលគិរី រតនគិរី។

ក្នុងដំណើរចុះទៅបណ្តាខេត្តទាំងនេះ សម្តេចតេជោ ហ៊ុន សែន បានផ្តល់អគារសិក្សា អគារទីចាត់ការ អគារស្នាក់នៅសម្រាប់គ្រូ និងសិស្សសរុប ១៥៣ខ្នង ស្មើនិង ១,៥៤១បន្ទប់។ ក្រៅពីផ្តល់អគារសិក្សា អគារស្នាក់នៅហើយនោះ សម្តេចតេជោ ក៏បានចាត់ចែងឲ្យមានការជួសជុលអគារចាស់ឡើងវិញ ធ្វើរបងសាលា ចាក់ផ្លូវបេតុងចូលកាន់អគារសិក្សា រៀបចំទីធ្លាសាលា ព្រមទាំងមានរៀបចំធ្វើតារាងបាល់ទាត់ បាល់ទះ និងបាល់បោះផងដែរ។

តាមរយៈសកម្មភាព នៃការផ្តល់អគារសិក្សាពីប្រមុខរាជរដ្ឋាភិបាលនេះ បានធ្វើឲ្យគេវាយតម្លៃថា សម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹក នាំ ដែលយកចិត្តទុកដាក់ខ្ពស់ទៅលើការអប់រំនៅកម្ពុជា ត្បិតការអប់រំ គឺជាច្រកតែមួយគត់សម្រាប់បណ្តុះធនធានគំនិត ធនធានបញ្ញា របស់កុលបុត្រ កុលធីតាខ្មែរ ក្នុងការចូលរួមចំណែកកសាង និងអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែរីកចម្រើនទៅមុខថែមទៀត។

សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានលើកឡើងថា ក្នុងយុវភាពរបស់សម្តេចព្រោះតែសង្រ្គាម ធ្វើឲ្យសម្តេច និងយុវវ័យដទៃទៀតបាត់បង់អស់ឱកាសសិក្សា។ សម្តេចតេជោ ធ្លាប់បានសន្យាថា ក្នុងរបបក្រោមការដឹកនាំរបស់សម្តេច សម្តេចមិនធ្វើឲ្យយុវវ័យអភ័ព្វ និងបាត់បង់ឱកាសសិក្សាដូចសម្តេចទៀតនោះឡើយ៕