(ព្រះសីហនុ)៖ ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាក់ប្រាប់អង្គភាព Fresh News ថា នៅរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៦នេះអាកាសធាតុលើផ្ទៃសមុទ្រ នាតំបន់ឆ្នេរមានសភាពអាប់អួរខ្លាំង ហើយមានភ្លៀងរលឹមខ្លាំងដោយកន្លែង ហេតុដូច្នេះហើយ សូមភ្ញៀវទេសចរទាំងអស់ដែលកំពុងលេងទឹកសមុទ្រនោះ ត្រូវមានការប្រុងប្រយ័ត្ន ខណៈកម្លាំងសមត្ថកិច្ចរបស់លោក និងមន្រ្តីពាក់ព័ន្ធ បានត្រៀមជួយអន្តរាគមន៍គ្រប់ពេលវេលា។

លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា «ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៦ គិតត្រឹមម៉ោង១៥និង១០នាទីនេះ អាកាសធាតុលើផ្ទៃសមុទ្រ ផ្ទៃមេឃ បន្តអាប់អួរខ្លាំងមានភ្លៀងធ្លាក់ និងរលឹមខ្លាំងដោយកន្លែង។ ខ្យល់បក់បង្គួរនិងទឹករលកយោលយោលមួយៗ នៅចន្លោះឃ្លងមធ្យម។ ចំពោះឆ្នេរបែរទៅលំហរសមុទ្រ ពិសេសឆ្នេរអូរឈើទាល ខ្យល់បក់កន្រ្តាក់ និងទឹករលកបង្គួរ។ អាកាសធាតុបែបនេះ ស្ថិតក្នុងការប្រុងប្រយត័្នខ្ពស់។ កម្លាំងនគរបាលទេសចរណ៍ និងចរាចរណ៍ផ្លូវទឹក និងនគរបាលសុខាភិបាលរឹតបណ្តឹងគោលដៅ»។

បើតាមក្រសួងធនធានទឹក និងឧតុនិយម នៅតំបន់មាត់សមុទ្រ ចាប់ពីថ្ងៃទី១៣ ដល់១៨ ខែកញ្ញា ឆ្នាំ២០១៧ ភ្លៀងនឹងចាប់ផ្តើមធ្លាក់ ជាមួយនឹងបរិមាណកើនឡើង ជាបន្តបន្ទាប់ពិសេស ខេត្តកោះកុង និងខេត្តព្រះសីហនុ៕