(ព្រះវិហារ)៖ បន្ទាប់ពីបានភ្លក្សរសជាតិគុយទាវនៅតាមផ្សារនៅតាមបណ្តាខេត្តមួយចំនួនដូចជាផ្សារសាមគ្គី ស្រុកក្រគរ ខេត្តពោធិ៍សាត់ ផ្សារកំពង់ឆ្នាំង និងផ្សារនៅតំបន់អភិវឌ្ឍរបស់ឧកញ៉ា ទ្រី ភាព នាពេលកន្លងមកហើយនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ កម្ពុជា នៅក្នុងដំណើរពីខេត្តស្ទឹងត្រែងមកកាន់ខេត្តព្រះវិហារនាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៦នេះ ក៏បាននាំមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិ បាលកម្ពុជាមួយចំនួនចូលភ្លក្សរសជាតិនំបញ្ចុក ដែលដាក់លក់នៅតាមមុខផ្ទះក្នុងតំបន់ដាច់ស្រយ៉ាល់វិញម្តង។

ការចូលទៅពិសារនំបញ្ចុករបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឲ្យស្រ្តីជាអ្នកលក់មានការភ្ញាក់ផ្អើលទាំងព្រឹក។ ទន្ទឹមនិងការភ្ញាក់ផ្អើល ក៏ជា សំណាងរបស់ស្រ្តីម្នាក់នេះផងដែរ ព្រោះនំបញ្ចុករបស់អ្នកស្រី ដែលធ្លាប់លក់ឲ្យប្រជាពលរដ្ឋធម្មតាមួយចានជាង ១ពាន់រៀល ថ្ងៃនេះលក់ឲ្យសម្តេចតេជោ ហ៊ុន សែន ១ចាន់តម្លៃមិនក្រោម ១លានរៀលនោះឡើយ។

អ្នកស្រី គឹម ឡៃសាង ជាស្រ្តីមេម៉ាយកូនមួយ រស់នៅក្នុងភូមិតាកុង ឃុំរស្មី ស្រុករវៀង ខេត្តព្រះវិហារ ជាភូមិមួយក្នុងតំបន់ដាច់ស្រយ៉ាល បានថ្លែងប្រាប់ Fresh News ថា ថ្ងៃនេះអ្នកស្រីមានបុណ្យវាសនាខ្ពស់ណាស់ ដែលបានសម្តេចនាយករដ្ឋមន្រ្តីចូលពិសារនំបញ្ចុករបស់ អ្នកស្រី។ អ្នកស្រីថា «ខ្ញុំមិននឹកស្មាថា សម្តេចគាត់ចូលមកហូបនំបញ្ចុកដូចមនុស្សធម្មតាអ៊ីចឹងសោះ។ ខ្ញុំ មានសំណាងខ្លាំងណាស់ថ្ងៃនេះ»។

ក្រៅពីបានពិសារនំបញ្ចុកជាស្នាដៃរបស់ពលរដ្ឋខ្មែរនៅតាមទីជនបទហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានពិសារផ្លែទាប ដែលប្រជាពលរដ្ឋយកទៅជូនសម្តេចផងដែរ។ បន្ទាប់ពីបានពិសារនំបញ្ចុក និងផ្លែទាប សម្តេចតេជោ ហ៊ុន សែន ក៏បានឆ្លៀតសាកសួរពីការ រស់នៅរបស់ប្រជាពលរដ្ឋ ក៏ដូចជាបញ្ហាប្រឈមនៅក្នុងជីវភាពរបស់ពួកគេផងដែរ។

សូមបញ្ជាក់ថា នៅព្រឹកព្រលឹមស្រាងៗថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន បានជ្រើសការធ្វើដំណើរតាមផ្លូវលេខ ៦៤ពីស្ទឹងត្រែង មកខេត្តព្រះវិហារ ដើម្បីបានពិនិត្យស្ថានភាពផ្លូវ ហើយសម្តេច ក៏បានសម្រេចធ្វើដំណើរតាមផ្លូវមួយខ្សែទើបសាងសង់ថ្មី (ផ្លូវវាងសម្រាប់ធ្វើដំណើរមកកាន់ខេត្តកំពង់ធំ) ត្រង់ផ្លូវបំបែកពីផ្លូវជាតិលេខ៦៤ នៅក្នុងស្រុកឆែប ឆ្ពោះមកស្រុករវៀង ខេត្តព្រះវិហារ។ តាមផ្លូវនេះ ត្រូវធ្វើដំណើរកាត់ព្រៃ និងដីហ៊ុយផង បែកភក់ផង។

បើទោះបីជាផ្លូវនេះ ត្រូវបានអាជ្ញាធរខេត្តរាយការណ៍មានសភាពលំបាកយ៉ាងណាក្តី តែប្រមុខរាជរដ្ឋាភិបាល នៅតែជ្រើសយកការធ្វើដំណើរតាមផ្លូវមួយនេះ ព្រោះចង់ដឹងពីស្ថានភាព នៃការសាងសង់ផ្លូវផង និងមានឱកាសសង្កេតការរស់នៅរបស់ប្រជាពលរដ្ឋលើដីជន បទស្ថិតនៅលើកំណាត់ផ្លូវនេះ។

នៅតាមផ្លូវក្នុងដីជនបទនេះ ក្រៅពីបានសង្កេតមើលពីស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋហើយនោះ សម្តេចតេជោ ក៏បានពិនិត្យពីការសិក្សា និងស្ថានភាពសាលារៀនផងដែរ។ សម្តេចតេជោ បានសម្រេចផ្តល់អគារសិក្សាជាច្រើនជូនសាលានៅតាមទីជនបទនោះ ដើម្បីបំពេញការសិក្សារបស់សិស្ស បន្ទាប់ពីសង្កេតឃើញថា កំណើនរបស់សិស្សចេះតែកើនឡើង៕