(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ លោក យឹម សុវណ្ណ នៅថ្ងៃសៅរ៍នេះ បានអំពាវនាវដោយអង្វររកការចរចា នយោបាយជាមួយគណបក្ស ប្រជាជនកម្ពុជា ដើម្បីកុំឱ្យមានមហាបាតុកម្ម នៅពេលខាងមុខ។ លោកជឿថា មហាបាតុកម្មនេះ នឹងធ្វើឱ្យកម្ពុជាខាតបង់ ហើយអាចមានការប៉ះទង្គិចគ្នាថែមទៀត។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានអះអាងប្រាប់ Fresh News ឱ្យដឹងថា គណបក្សប្រជាជននឹងមិនចរចារំលោភលើដំណើរការ តុលាការឡើយ។ លោកថាការចរចា អាចនឹងធ្វើឡើងបាន ក្នុងក្របខណ្ឌដោះស្រាយបញ្ហានយោបាយ ដរាបណាតុលាការបញ្ចប់នីតិវិធីរបស់ខ្លួន ប៉ុន្តែការចរចានោះ មិនមែនជាការចរចាដើម្បីឱ្យអ្នកប្រព្រឹត្តខុសរួចផុតពីការអនុវត្តទោសទេ។

ថ្លែងនៅក្នុងពិធីសំណេះសំណាលជាមួយចលនាយុវជន គណបក្សសង្រ្គោះជាតិ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៦នេះ លោក យឹម សុវណ្ណ បានថ្លែងថា «សូមអង្វរគណបក្សម្ខាងទៀត សូមជួយដោះស្រាយទៅ កុំឱ្យឈានទៅដល់មហាបាតុកម្មទូទាំងប្រទេស ហើយប្រទ្រោះប្រទ្រះគ្នាអត់ល្អសោះ»។

លោកបានបន្ថែមថា «ខ្ញុំសូមជំរាបបងប្អូនតាមត្រង់ ខ្លាចណាស់បាតុកម្មនេះ អត់ចង់ទេ យើងធ្វើជាង២១ឆ្នាំហើយ តាំងពីឯកឧត្តមប្រធាន សម រង្ស៊ី ដឹកនាំធ្វើបាតុកម្មមុនដំបូងគេបំផុត ដែលដឹកនាំកម្មករ៤ពាន់នាក់នៅទឹកថ្លា ហើយថ្ងៃណាក៏គាត់បាតុកម្មដែរជាង២០ឆ្នាំ ទើបនឹងស្ងាត់២-៣ឆ្នាំនេះ គាត់បង្ខំឱ្យយើងធ្វើទៀត»។ លោកបន្ថែមទៀតថា «សរុបមកវិញ ដោះប៉ុណ្ណឹងទៅចប់ហើយ ហើយយើងចូលរួមបោះឆ្នោត ខ្មែរដូចគ្នានិយាយគ្នាបានទេ»

ការទទូចចរចារបស់គណបក្សសង្រ្គោះជាតិ បានធ្វើឡើងស្របពេលដែល រាជរដ្ឋាភិបាលកម្ពុជា ប្រកាសដាច់ខាតថា នឹងបង្រ្កាបមហាបាតុកម្ម របស់គណបក្សសង្រ្គោះជាតិ បើហ៊ានបន្តធ្វើនៅពេលខាងមុខ។ ការទទូចចរចានេះ ក៏បានធ្វើលើងស្របពេលដែលតុលាការក្រុងភ្នំពេញកាត់ទោសឱ្យ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ ជាប់ពន្ធនាគារ៥ខែ និងពិន័យប្រាក់៨០ម៉ឺនរៀល ពីបទមិនចូលខ្លួនបំភ្លឺក្នុងនាមជាសាក្សី ដែលអាចនឹងចូលជាស្ថាព័រ នៅពេលដ៏ខ្លីខាងមុខនេះផងដែរ។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានថ្លែងបែបឌឺដងដាក់គណបក្សប្រឆាំងថា បើសិនជាដឹងខ្លួនថាបាតុកម្មនេះ ខាតបង់សម្រាប់ជាតិនោះ គណបក្សប្រឆាំងគួរតែបញ្ឈប់ គម្រោងការរបស់ខ្លួនល្អជាង។ លោកថា គណបក្សប្រជាជននឹងមិនចរចាដើម្បីដាក់សម្ពាធទៅតុលាការ ឬដើម្បីឱ្យអ្នកប្រព្រឹត្តល្មើសរួចខ្លួនទេ។ លោកថា ការចរចានឹងអាចធ្វើឡើងនៅក្រោយតុលាការ បញ្ចប់នីតិវិធីលើជនល្មើសច្បាប់ នៅក្នុងជួរគណបក្សសង្រ្គោះជាតិ ប៉ុន្តែជាការចរចាតាមបែបវប្បធម៌សន្ទនា ជជែកអំពីរឿងនយោបាយ ប៉ុន្តែមិនជជែករឿងបុគ្គល។

លោក សុខ ឥសាន បានថ្លែងថា៖ «ពេលណាតុលាការដំណើរការនីតិវិធីរបស់ខ្លួនចប់ចំពោះជនល្មើសច្បាប់ប៉ុន្មាននាក់ និងអ្នកដែលចេញពីជួរគណបក្ស សង្រ្គោះជាតិហ្នឹង គឺគណបក្សប្រជាជនកម្ពុជា នឹងពិនិត្យលទ្ធភាពជួបចរចាគ្នាជាមួយគណបក្សដៃគូដែលមានអសនៈ នៅក្នុងសភាក្នុងក្របខណ្ឌ នៃវប្បធម៌សន្ទនា បានសេចក្តីថា មិនមែនពិភាក្សាគ្នាលើកលែងទោសឬដោះស្រាយ ឱ្យអ្នកល្មើសច្បាប់រួចផុតពីការទទួលខុសត្រូវចំពោះមុខច្បាប់ទេ»

លោក យឹម សុវណ្ណ និង លោក សុខ ឥសាន