(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ ២០១៦នេះ បានដឹកនាំចៅសង្កាត់ ក្រុមការងារចុះត្រួតពិនិត្យការដ្ឋានធ្វើផ្លូវបេតុង១ខ្សែ នៅច្រក ចូលវត្តឧត្តរាវត្តី កែងផ្លូវជាតិលេខ៥ ស្ថិតក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ និងប្រាប់ឲ្យតំណាងក្រុមហ៊ុនធ្វើផ្លូវ យ៉ាងណា ជួយពន្លឿនក្នុងការស្ថាបនា ឲ្យរួចរាល់ជាស្ថាពរ ដើម្បីសម្រួលដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋ ទូទៅក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្យចូលមកដល់។

លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ បានថ្លែងក្នុងពេល ចុះត្រួតពិនិត្យការដ្ឋានស្ថាបនាផ្លូវនេះថា «ដើម្បីឆ្លើយតបឲ្យ ទាន់សភាពការណ៍ទៅនឹងតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងជួបនូវបញ្ហា ផ្លូវមិនល្អពិបាកធ្វើដំណើរ និងកាន់តែខិតកៀកចូលមកដល់នូវការដាក់បិណ្ឌ ដែលជាបុណ្យប្រពៃណីជាតិសាសនាយើងផងនោះ ទើបអាជ្ញាធរ យើងសម្រេចបើកការដ្ឋាន ក្នុងការស្ថាបនាផ្លូវបេតុង ឆ្អឹងដែក១ខ្សែនេះតែម្ដង»។ លោក បន្តថា ផ្លូវបេតុ១ខ្សែនេះ ខាងកើតតភ្ជាប់ទៅផ្លូវជាតិលេខ៥ ខាងលិចតភ្ជាប់ច្រកចូលវត្តឧត្តរ៉ាវត្តី និងមានប្រវែងជិត២០០ម៉ែត្រ មានកម្រាស់១.៥០ម៉ែត្រ ប្រើឆ្អឹងដែកយ៉ាងរឹងមាំ និងប្រើថវិកាមូលនិធិឆ្នាំ២០១៦ របស់សាលាខណ្ឌឫស្សីកែវ។

លោកអភិបាលខណ្ឌ បានសង្កត់ធ្ងន់ថា ក្រុមហ៊ុន «K.N» ដែលជាក្រុមហ៊ុនធ្វើផ្លូវ ជួយពន្លឿនក្នុងការស្ថាបនាផ្លូវនេះ ឲ្យបានរួចរាល់យ៉ាងឆាប់រហ័សផងដែរ មុនរដូវនៃឱកាសបុណ្យភ្ជុំបិណ្ឌ ចូលមកដល់ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋទូទៅ។

ជាមួយគ្នានោះ លោក មូល វិរៈ ចៅសង្កាត់ឫស្សីកែវ ក៏បានដឹងផងដែរថា ប្រជាការពារសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ត្រូវបានទទួលសំលៀកបំពាក់ជាឈុត៥០រូប ដើម្បីត្រៀមការពាររក្សាសន្តិសុខ សុវត្ថិភាពផ្សេងៗ ជូនប្រជាពលរដ្ឋ ដែលបានមកចូលរួមកាន់បិណ្ឌ តាមវត្តនីមួយៗក្នុងភូមិសាស្ត្រ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ៕