(ភ្នំពេញ)៖ លោក ច័ន្ទ សំណព្វ ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ បានថ្លែងថា លោកនឹងស្នើសូមឲ្យ មានការបង្កើតយន្ដការ ទៅ​​លើការតាមដាន ពិនិត្យ និងកែលម្អ នៅស្លាកសញ្ញាដែល បានបិទផ្សព្វផ្សាយ នៅលើទីសារធារណៈ ដើម្បីឲ្យកុំឲ្យបានការប្រើប្រាស់ពាក្យខុសៗ។

ការថ្លែងបែប​នេះ ធ្វើឡើងនៅក្នុងកម្មវិធីបិទសិក្ខាសាលាស្ដីពី «ពិពិធភាពនៃភាសាខ្មែរ» នាល្ងាចថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០១៦​​ លោក ច័ន្ទ សំណព្វ បានឲ្យដឹងថា «យើងចង់ស្នើសុំឲ្យមាន ការបង្កើតយន្ដការ ទៅលើការតាមដាន និង​​កែលម្អនៅស្លាកសញ្ញា ដែលបានបិទផ្សាយនៅទីសាធារណៈ ពីព្រោះថា បើយើងបន្ដឲ្យមានកំហុសខុសឆ្គង ខាងផ្នែកអក្ខរាវារុទ្ធ ការសសេរពាក្យមិនត្រឹមត្រូវ លើទីសារធារណៈ វាអាចជាភាពស្រអាប់ មិនត្រឹមតែជាភាសាជាតិខ្មែរយើងទេ តែវាក៏នៅ​​ក្នុងតថភាពសង្គមទាំងមូលផងដែរ»

លោកប្រធានបានបន្ដទៀតថា «យើងនឹងខិតខំធ្វើយ៉ាងណា ដើម្បីចេញនូវអនុក្រឹត្យ ឲ្យក្លាយជាយន្ដការពិត​ប្រាកដ របស់ជាតិមួយ ក្នុងការត្រួតពិនិត្យ ទៅលើស្លាកសញ្ញាទាំងអស់នេះ»

លោក ច័ន្ទ សំណព្វ បានបន្ថែមទៀតថា ប្រសិនជាអាចធ្វើទៅបាន គឺយើងក៏ចង់ឲ្យមាននូវវចនានុក្រម​​ជាតិគោលមួយ ដែលរួមផ្សំទៅនឹងពាក្យពេជច៍ ដែលយើងមានស្រាប់ ដើម្បីអភិរក្ស គឺយើងត្រូវប្រើពាក្យ​ទាំងអស់​នៅក្នុងវចនានុក្រម សម្ដេច ជួន ណាត ហើយយើងនឹងបន្ថែមនូវពាក្យថ្មីៗទៀត នៅក្នុងផ្នែកសំណេរ អក្ខរាវារុទ្ធ ដូចជាខ្លឹម​​សារនានា ដែលទាក់ទងនឹងផ្នែកអត្ថន័យ។

លោកបានឲ្យដឹងទៀតថា «ទាំងអស់នេះ អាចសម្រេចទៅបាន គឺយើងត្រូវមាននៅតួអង្គ៣ ដើម្បីរួមគ្នាទៅជាអង្គឯកភាព​​តែមួយគឺ១-ប្រមូល​​ផ្ដុំនូវធនធានមនុស្ស ខាងផ្នែកភាសា និងអក្សរសាស្រ្ដខ្មែរ ដែលជាធនធានមនុស្សយ៉ាងសំខាន់ នៅក្នុង​​សង្គមជាតិ, ២-គឺដាក់ចេញនៅកម្មវិធី ក្នុងការជួបគ្នាពិភាក្សាគ្នាស្វែងរកនៅដំណោះស្រាយ និងទី៣- គឺត្រូវធ្វើយ៉ាងណាឲ្យ​ស្របទៅនឹងគោលនយោលបាយជាតិ របស់រាជរដ្ឋាភិបាល ដែលបានកំណត់ប្រគល់ជាបេសកកម្ម មកដល់ក្រុមប្រឹក្សាជាតិ​​ភាសាខ្មែរ»

សូមបញ្ជាក់ថា សិក្ខាសាលាស្ដីពី «ពិពិធភាពនៃភាសាខ្មែរ» នេះ ធ្វើឡើងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់១៦ ខែកញ្ញា ​​ឆ្នាំ២០១៦ ដោយមានការអញ្ចើញចូលរួមពីសំណាក់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស មន្រ្ដីពាក់ព័ន្ធជាច្រើនរូបទៀតផង»