(ភ្នំពេញ)៖ មន្ត្រីខ្ពស់តុលាការចម្រុះកាត់ទោស អតីតមេដឹកនាំខ្មែរក្រហម បានលើកឡើងថា តម្លៃយុត្តិធម៌ ដែលតុលាការបង្កើត ដោយរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ បាន និងកំពុងផ្តល់ជូនពលរដ្ឋរងគ្រោះកម្ពុជា រាប់លាននាក់នេះ គឺមិនពឹងផ្អែកលើតម្លៃនៃទឹកប្រាក់នោះទេ។

លោក ឌឹម សុវណ្ណារុំ ប្រធានផ្នែកកិច្ចការសាធារណៈ របស់តុលាការកាត់ទោស អតីតមេដឹកនាំខ្មែរក្រហម ដែលមានឈ្មោះផ្លូវការថា អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា អវតក បានលើកឡើងថា តាមកិច្ចព្រមព្រៀងរវាង រាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ បានឯកភាពគ្នាលើការចំណាយ សម្រាប់ដំណើរការកាត់ទោស អតីតមេដឹកនាំខ្មែរក្រហម គឺចំណាយតិចតាម ដែលអាចធ្វើទៅបាន។ ក្នុងនោះ រយៈពេល ១០ឆ្នាំ ពោលគឺចាប់ពីឆ្នាំ២០០៦ រហូតដល់ឆ្នាំ២០១៥ តុលាការចម្រុះនេះ បានចំណាយថវិកាជាង ២៦១ លានដុល្លារ ខណៈដែលតុលាការ ឧក្រិដ្ឋកម្មអន្តរជាតិ កាត់ទោសលើបទឧក្រិដ្ឋ នៅអតីតយូហ្គោលស្លាវី លើសំណុំរឿងប្រល័យពូជសាសន៍ បានចំណាយ ១៣០០ លានដុល្លារ ក្នុងរយៈពេល ១០ឆ្នាំ។

ជាមួយគ្នានោះ លោក ឌឹម សុវណ្ណារុំ បន្តថា បុគ្គលិកជាតិ នៅតុលាការចម្រុះកាត់ទោស អតីតមេដឹកនាំខ្មែរក្រហម ក៏ទទួលបានប្រាក់ខែតិចជាងភាគីអន្តរជាតិ។ ក្នុងនោះ ជាលទ្ធផលរយៈពេល ១០ឆ្នាំកន្លងមក នៃដំណើរការកាត់ទោសអតីតមេដឹកនាំខ្មែរក្រហម បានដំណើរការលើសំណុំរឿងចំនួន ៤ គឺសំណុំរឿង០០១ ដល់សំណុំរឿង០០៤។ តុលាការចម្រុះ ក៏បានកំណត់ដំណើរការកាត់ទោស ឲ្យបានលឿនតាមដែលអាចធ្វើទៅបាន ដោយគិតពីអាយុច្រើនរបស់ជនជាប់ចោទ និងជនរងគ្រោះ។

មន្ត្រីជាន់ខ្ពស់ដដែល បានលើកឡើងថា លើសំណុំរឿង០០១ ដែលមានជនជាប់ចោទ ជាអតីតប្រធានគុកទួលស្លែង សម័យខ្មែរក្រហម លោក កាំង ហ្គេកអ៊ាវ ហៅ ឌុច បានដំណើរការរយៈពេល ៥ឆ្នាំ ដោយតុលាការ បានសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារជនជាប់ចោទ អស់មួយជីវិត។ ចំណែកសំណុំរឿង០០២ ឧក្រិដ្ឋកម្មសម្លាប់មនុស្សសម័យខ្មែរក្រហម ដែលស្មុគស្មាញ និង មានវិសាលភាពទូលំទូលាយ កើតឡើងទូទាំងប្រទេស ត្រូវបានដំណើរការស៊ើបអង្កេត ២ឆ្នាំកន្លះ ដោយមានជនជាប់ចោទ ៤ រូប ជាមេដឹកនាំកំពូលក្នុងរបបខ្មែរក្រហម។

សំណុំរឿង០០២ ត្រូវបានបំបែកជា២ដំណាក់កាល គឺ០០២/០១ និង០០២/០២។ ការបំបែកសំណុំរឿង០០២ ជា ២ដំណាក់កាលនេះ ដើម្បីកុំឲ្យទន្សាយក៏រួច ត្រីរ៉ស់ក៏រួច ព្រោះអតីតមេដឹកនាំកំពូល សម័យខ្មែរក្រហម ដែលជាជនជាប់ចោទក្នុងសំណុំរឿងនេះ មានវ័យចាស់ជរាហើយ។ ក្នុងនោះ សំណុំរឿង០០២/០១ ដែលមានជាប់ចោទ ២ រូប គឺនួនជា និងខៀវសំផន ( អៀងសារី និងអៀងធីរិទ្ធ បានស្លាប់ ពេលដំណើរសំណុំរឿងក្តី ) ត្រូវបានតុលាការសាលាដំបូង សម្រេចផ្តន្ទាទោសដាក់ពន្ធនាគារមួយជីវិត កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៤។ សំណុំរឿង០០២/០១ ក៏នឹងត្រូវតុលាការកំពូល នៅអវតក ប្រកាសសាលដីកាបិទផ្លូវតវ៉ា នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦។

លោក ឌឹម សុវណ្ណារុំ ក៏បានបន្តថា សព្វថ្ងៃនេះ អង្គជំនុំជម្រះសាលាដំបូងនៃអវតក កំពុងដំណើរការសវនាការលើសំណុំរឿង ០០២/០២ ដោយមានសាក្សី និងជនរងគ្រោះច្រើននាក់ បានបង្ហាញសក្ខីកម្ម ក្នុងសវនាការ ដែលគ្រោងនឹងបញ្ចប់នៅឆ្នាំ២០១៦នេះ ហើយប្រកាសសាលក្រមនៅឆ្នាំ២០១៧។ ចំណែកសំណុំរឿង០០៣ និងសំណុំរឿង០០៤ ដែលកំពុងដំណើរការស៊ើបអង្កេត នឹងបិទបញ្ចប់ ក្នុងពេលឆាប់ៗខាងមុខ។

លោក ឌឹម សុវណ្ណារុំ បានគូសបញ្ជាក់ថា «ក្នុងដំណើរការនៅអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា អវតក បានផ្តល់ជូនតួនាទីរបស់ជនរងគ្រោះ ជាដើមបណ្តឹងរដ្ឋប្បវេណី មានសិទ្ធិក្នុងការទាមទារសំណង។ នេះជាយុត្តិសាស្ត្រ ដែលជាទំនៀមទម្លាប់មួយ ដើម្បីឲ្យតុលាការ ឧក្រិដ្ឋកម្មអន្តរជាតិដទៃទៀត យកធ្វើជាគំរូ។

ម្យ៉ាងទៀត តុលាការកាត់ទោសអតីតមេដឹកនាំខ្មែរក្រហមនេះ បានបង្កើតឡើងលើទឹកដីកម្ពុជា ដែលជាកន្លែងកើតមានអំពើឧក្រិដ្ឋកម្មសម្លាប់មនុស្សប្រល័យពូជសាសន៍ ខុសពីតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ដទៃទៀត។ ចំណុចនេះ ពុំធ្លាប់មានលើពិភពលោក។ ជាងនេះទៅទៀត ប្រជាពលរដ្ឋកម្ពុជាជាជនរងគ្រោះជាងកន្លះលាននាក់ បានចូលរួមតាមដានសវនាការដោយផ្ទាល់ និងទស្សនកិច្ចស្វែងយល់នៅតុលាការ កាត់ទោសអតីតមេដឹកនាំខ្មែរក្រហម អវតក។

ដូច្នេះតម្លៃនៃភាពយុត្តិធម៌ មានតម្លៃលើសពីទឹកប្រាក់ ដែលចំណាយលើដំណើរការសាលាក្តីទៅទៀត។ យុត្តិធម៌របស់តុលាការ ក៏នឹងបញ្ចប់និរទណ្ឌភាព ហើយផ្តល់យុត្តិធម៌ទាំងជនជាប់ចោទ និងទាំងជនរងគ្រោះ»