(គូឡាឡាំពួរ)៖ យោងតាមការចេញផ្សាយនៅមុននេះបន្តិច ដោយសារព័ត៌មាន Channel News Asia បានឲ្យដឹងថា បំណែកស្លាបរបស់យន្តហោះដ៏ធំមួយ ដែលត្រូវបានរកឃើញនៅតំបន់ឆ្នេរនៃ ប្រទេសតង់ហ្សានៀ ក្នុងតំបន់អាហ្វ្រិកខាងត្បូងនោះ ត្រូវបានក្រុមជំនាញម៉ាឡេស៊ី និងអូស្ត្រាលី អះអាងរួមគ្នាថា ពិតជាបានមកពីជើងហោះហើរ ម៉ាឡេស៊ី MH370 ដែលបានបាត់តំណឹងទៅ កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៤ នោះប្រាកដមែន។

នៅក្នុងសេចក្តីថ្លែងការណ៍នៅមុននេះបន្តិច ដោយលោក Liow Tiong Lai រដ្ឋមន្ត្រីដឹកជញ្ជូនម៉ាឡេស៊ី បានបញ្ជាក់ថា លទ្ធផលនៃការវិភាគបានចេញជាផ្លូវការ ក្រោយពីក្រុមជំនាញរបស់ ការិយាល័យសុវត្ថិភាពដឹកជញ្ជូនអូស្ត្រាលី (ATSB) និង មន្ត្រីជំនាញរបស់ម៉ាឡេស៊ី ធ្វើការវិភាគ និងពិនិត្យយ៉ាងល្អិតល្អន់ បន្ទាប់ពីបំណែកយន្តហោះដែលត្រូវបានរកឃើញ កាលពីថ្ងៃទី២០ ខែសីហា នោះធ្លាក់មកដល់ដៃក្រុមជំនាញ។

គួរបញ្ជាក់ថា កាលពីដើមខែកក្កដា កន្លងទៅនេះលោក Darren Chester រដ្ឋមន្ត្រីដឹកជញ្ជូនអូស្ត្រាលី ធ្លាប់បានប្រកាសថា បំណែកដែលត្រូវបានគេប្រទះឃើញ នៅប្រទេសតង់ហ្សានៀ «ទំនងជាអាច» បានមកពីយន្តហោះ MH370 ដែលជាប្រភេទ Beoing-777។ ប៉ុន្តែនៅថ្ងៃព្រហស្បតិ៍នេះ ក្រុមជំនាញបានអះអាងថា វាពិតជាផ្នែករបស់ MH370 មែនហើយ។ ដោយឡែកសម្រាប់ចំណាត់ការបន្តថា នឹងត្រូវធ្វើការ ស្វែងរកយន្តហោះ MH370 ឬក៏យ៉ាងណានោះ នឹងត្រូវរង់ចាំការពិភាក្សារវាងមន្ត្រីជំនាញអូស្ត្រាលី និងម៉ាឡេស៊ី ជាមុនសិន៕