(ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦នេះ លោក​ អ៊ី​ រិន្ទ​ ប្រធាន​លេខាធិការ​ដ្ឋាន​​ និង​ជា​អ្នក​នាំពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ បញ្ជាក់​ប្រាប់​អង្គភាពព័ត៌មាន Fresh News ថា​ លោក​ សេង​ លាង​ ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ សម្រេចឃុំ​ខ្លួន​ឈ្មោះ​ អឿ​ អឿន​ ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ ក្រោយពីព្រះរាជអាជ្ញារង ខាំ សុផារី ដែលជាអ្នកកាន់សំណុំរឿង បានសំរេចធ្វើការចោទ​ប្រកាន់ពីបទ មិនបំពេញ​កាតព្វកិច្ចចំពោះឧបករណ៍​អាចជួញដូរបាន តាមមាត្រ២៣១ នៃច្បាប់ ស្ដីពីឧបករណ៏អាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់។

ជនសង្ស័យក្នុងករណីឆបោកលុយជិត​៧លានដុល្លារ ដោយជំហ៊ានដំបូងគេដឹងថា ករណីនេះផ្ដើមចេញពីរឿង​ជំនួញឈើប្រណីត​​នាំចេញទៅក្រៅ​ប្រទេស ដោយមានជន​ជាតិចិន ឲ្យ​លុយមកជនសង្ស័យ​ប្រមូលទិញឈើប្រណីតនាំចេញយកទៅអោយខ្លួន តែ​ជនសង្ស័យមិនបានបញ្ជូនឈើ ទៅអោយដូចការ​ព្រមព្រៀងនោះទេ។

ជនសង្ស័យក្នុងរឿងឆបោកលុយដ៏ច្រើនសន្ធឹកសន្ធាប់​នេះត្រូវបានគេស្គាល់ឈ្មោះ អឿ អឿន មានមុខរបរជាអ្នករកស៊ី។ ចំណែកភាគីដើមបណ្ដឹងមានឈ្មោះ Shao Jianfen ជាជនជាតិចិន ហើយ​ទឹកលុយដែលភាគីម្ចាស់​បណ្ដឹងអះអាងថា បានប្រគល់ទៅឲ្យ​ឈ្មោះ អឿ អឿន យកទៅប្រមូលទិញឈើធ្នង់នាំចេញយកទៅ ឲ្យខ្លួននោះ មានចំនួន៦,២០០,០០០ដុល្លារ ដោយបូករួម​ទាំងការអះ​អាង​ពីបុរសពីរនាក់ទៀតដែលរួមមានឈ្មោះ ស្រៀង ម៉េង និងឈ្មោះវ៉ាន់ សំណាង បានបញ្ជាក់ថាឈ្មោះ អឿ អឿន នេះបានទិញឈើធ្នង់របស់ខ្លួន (ក្រុមហ៊ុនទ្រី ភាព) មានទឹកប្រាក់ចំនួន១លានដុល្លារ តែ​មិនទាន់បានសងលុយនោះទេ ដូចនេះទឹកប្រាក់ក្នុងសំណុំរឿងឆបោកនេះមានរហូតដល់ទៅ៧,២០០,០០០ដុល្លារឯណោះ។

តាមសេចក្ដីរាយការណ៏បានឲ្យដឹងថា កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៥ ជនជាតិចិនខាងលើនេះ​បានព្រមព្រៀងប្រ​គល់លុយ​​ឲ្យទៅឈ្មោះ អឿ អឿន ចំនួន៦,២០០,០០០ដុល្លារ ដើម្បីប្រ​មូលទិញឈើធ្នង់​នៅក្នុងប្រទេស​កម្ពុជានាំចេញ​យកទៅឲ្យខ្លួនដោយ​​ក្នុង១ខែត្រូវប្រគល់ឈើឲ្យ​៤០កុងតឺន័រ តែឈ្មោះ អឿ អឿន គ្មានឈើស្របច្បាប់ប្រគល់​ឲ្យនោះទេ ក្រោយមកដោយសារតែគ្មាន
ឈើ ជនជាតិចិន ក៏បានទារលុយវិញ តែឈ្មោះ អឿ អឿនចេះតែពន្យារពេល ហើយចុងក្រោយ បានចេញសែកមានទឹកប្រាក់​ចំនួន៨០ម៉ឺនដុល្លារទៅឲ្យជនជាតិចិន​ដោយបើកប្រាក់នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦ តែពេលយកសែកទៅបើកនៅ ធនាគារ​​ គេថាសែកនេះមិនមានសាច់ប្រាក់នោះទេ។ ក្រោយមកទៀតឈ្មោះ អឿ អឿន បានឲ្យឈ្មោះ ស្រៀង ម៉េង និងឈ្មោះ វ៉ាន់ សំណាង ប្រមូលទិញឈើ​ពីក្រុមហ៊ុនទ្រី ភាព ឲ្យខ្លួន ហើយអ្នកទាំងពីរក៏បានប្រគល់ឈើដែលមានតំលៃទឹកប្រាក់១លានដុល្លារ ទៅអោយ​ឈ្មោះ អឿ អឿន តែឈ្មោះនេះក៏មិនបានបង្វិលសាច់ប្រាក់ អោយនោះដែរ បើសរុប​ចំនួនលុយមានរហូតដល់ទៅ ៧,២០០,០០០ដុល្លារឯណោះ។

ដោយឡែកឈ្មោះ អឿ អឿន បានអះអាងថា ខ្លួនពិតជាបានចុះកិច្ចព្រម​ព្រៀង​ប្រមូលទិញ​ឈើ​ឲ្យ​ទៅជន​ជាតិចិន​​ក្នុងទឹកប្រាក់៦,២០០,០០០ដុល្លារពិតមែន​ដោយ​​មួយខែត្រូវប្រគល់​ឈើ​អោយ​៤០កុង​តឺន័រ តែខ្លួនពិតជាគ្មានឈើប្រគល់​អោយមែន ហើយ​លុយ៦,២០០,០០០ដុល្លារនោះក៏ខ្លួនមិនបានទទួលដែរ។ ចំណែកការចេញសែក ខ្លួនពិតជាបានចេញសែកគ្មាន​សាច់ប្រាក់ឲ្យទៅ​ជនជាតិចិន​នោះ ពិតប្រាកដមែន។ ដោយឡែករឿងលុយ១លាន​ដុល្លាររបស់ឈ្មោះ ស្រៀង ម៉េង និងឈ្មោះវ៉ាន់ សំណាង វាគ្រាន់តែជាលុយកំរៃជើងសារថ្លៃទិញឈើ ដោយមានឯកសារត្រឹមតែឈ្មោះ ស្រៀង ម៉េង និងវ៉ាន់ សំ​ណាងប៉ុណ្ណោះ មិនមានឯកសារនៅក្រុមហ៊ុន ទ្រី ភាព សំរាប់ធ្វើការផ្ទៀងផ្ទាត់នោះទេ៕