(មណ្ឌលគិរី)៖ យុវតី អ៉ីវ ស្រីលីន ជាសិស្សឆ្នើមម្នាក់ក្នុងចំណោមសិស្សឆ្នើមជាប់និទ្ទេស A ៤០៥នាក់ នៅក្នុងការប្រឡងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) កាលពីថ្ងៃទី២២-២៣ ខែសីហា ឆ្នាំ២០១៦កន្លងទៅនេះ។ លទ្ធផលនេះបានធ្វើឲ្យយុវតី អ៉ីវ ស្រីលីន ក្លាយជាសិស្ស ដែលដណ្តើមបាននិទ្ទេស A ដំបូងគេបំផុតនៅក្នុងខេត្តមណ្ឌលគិរី។

ស្រីលីន អាយុ ១៨ឆ្នាំ មានឪពុកជាអ្នកចំការ និងម្តាយជាមេផ្ទះ មានបងប្អូន ៣នាក់ ហើយកញ្ញា ជាកូនស្រីពៅ។ ក្នុងបទសម្ភាសន៍ជា អង្គភាពព័ត៌មាន Fresh News នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦នេះ ស្រីលីន បានឲ្យដឹងលទ្ធផលនិទ្ទេស A បានធ្វើឲ្យកញ្ញារំភើប និងរីករាយខ្លាំង។ ភាពរីករាយនេះមិនមែនកើត មានសម្រាប់កញ្ញាតែម្នាក់នោះទេ វាក៏បាននាំឲ្យក្រុមគ្រួសារ ឪពុកម្តាយ លោកគ្រូ អ្នកគ្រូ ក្នុងវិទ្យាល័យ ហ៊ុន សែន មណ្ឌលគិរី មានភាពរីករាយផងដែរ ព្រោះនិទ្ទេស A បានបង្ហាញថា លើទឹកដីជនបទ និងដាច់ស្រយាលក៏មានសិស្សមានសមត្ថភាពចំណេះដឹង មិនចាញ់សិស្សតាមបណ្តាខេត្តស៊ីវិល័យរីកចម្រើនក៏ដូចជា រាជធានីភ្នំពេញនោះឡើយ។

ជាមួយនិងសម្តីមួយៗ ស្រីលីន ក៏បានបង្ហើបពីគន្លឹះមួយចំនួន ដែលនាំឲ្យកញ្ញាដណ្តើមបាននិទ្ទេស A ផងដែរ។ ស្រីលីន បញ្ជាក់ថា «ខ្ញុំគិតថាទី១ គឺឆន្ទៈ បើសិនអត់មានឆន្ទៈ យើងអត់បានដៅក្នុងចិត្តយើងចង់បានអី ចង់ទទួលបានអី ដើម្បីអ្វី។ អ៊ីចឹងខ្ញុំដៅក្នុងចិត្តខ្ញុំតាំងពីទី១១មកថា ខ្ញុំចង់បាននិទ្ទេស A អ៊ីចឹងខ្ញុំសួរខ្លួនឯងថា ខ្ញុំត្រូវធ្វើយ៉ាងម៉េច? ហើយបើខ្ញុំអត់ទទួលបាន ខ្ញុំសោកស្តាយអត់? ពេលខ្ញុំមានឆន្ទៈក្នុងចិត្តប៉ុណ្ណឹងហើយ ខ្ញុំចាប់ផ្តើមខិតខំរៀនសូត្រ ធ្វើយ៉ាងណាផ្តោតសំខាន់ទៅលើមុខវិជ្ជាសំខាន់ និងមុខវិជ្ជាណា ដែលយើងខ្សោយ»

ស្រីលីន ជាសិស្សនិទ្ទេស A ឈរនៅលេខរៀងទី២៧ មានលំដាប់ពិន្ទុ ៩៩.៩៧១។ មុខវិជ្ជាចំនួន ៤ គឺមុខវិជ្ជា គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា និងវិជ្ជាជីវៈ ទទួលបានកម្រិត A ភាសាខ្មែរ និងប្រវត្តិវិទ្យា ទទួលបានកម្រិត B ខណៈភាសាអង់គ្លេសទទួលបានកម្រិត C។

ស្រីលីន ក៏បានបញ្ជាក់ផងដែរ ក្រៅពីការខិតខំប្រឹងប្រែងដោយខ្លួនឯងហើយនោះ នៅមានកត្តាជាច្រើនទៀត ដែលបានជួយឲ្យកញ្ញា បានក្លាយជាសិស្សពូកែនេះ ដូចជាកត្តាគ្រួសារ បរិយាកាសសង្គម ជាពិសេសគឺការប្រឹងប្រែងរបស់លោកគ្រូ អ្នកគ្រូនៅក្នុងសាលាផ្ទាល់តែម្តង។

ក្រៅពីការរៀននៅក្នុងម៉ោងសិក្សា និងសិក្សាដោយខ្លួនឯងនៅផ្ទះហើយនោះ នៅវិទ្យាល័យ ហ៊ុន សែន មណ្ឌលគិរី គ្រូបានបង្កើតក្លិបសិក្សាឲ្យសិស្សជួបជុំគ្នា សិក្សាបន្ថែមផងដែរ ដែលកត្តាទាំងអស់នេះ សុទ្ធតែជាការរួមចំណែកឲ្យការសិក្សាទទួលបានភាពល្អប្រសើរ។ នេះបើតាមការបញ្ជាក់របស់ស្រីលីន។

ក្រោយពីបានប្រឡងជាប់បាក់ឌុប ដោយជោគជ័យជាមួយនិទ្ទេស A ហើយនោះ យុវតី អ៉ីវ ស្រីលីន មានបំណងចាប់យកមុខវិទ្យាឱសថសាស្រ្តនៅថ្នាក់ មហាវិទ្យាល័យ ហើយកញ្ញា ក៏ចង់ក្លាយជាឱសថការីដ៏ឆ្នើមមួយរូបផងដែរ។ ស្រីលីន​ ថា កញ្ញាស្រឡាញ់មុខវិជ្ជាឱសថសាស្រ្តនេះ តាំងពីក្មេងមក បន្ទាប់ពីកញ្ញា បានឃើញគ្រូពេទ្យផ្សំថ្នាំលេបឲ្យកញ្ញាពេលឈឺម្តងៗ។

មុននឹងបញ្ចប់បទសម្ភាសន៍ជាមួយ Fresh News កញ្ញា អ៉ីវ ស្រីលីន បានដាស់តឿនដល់យុវជន យុវតី ដែលជាសរសរទ្រូង នៃប្រទេសជាតិទាំងអស់ ឲ្យប្រឹងប្រែងសិក្សារៀនសូត្រ និងចៀសឆ្ងាយពីអំពើអបាយមុខនានា ហើយប្រសិនបើចង់ទទួលលទ្ធផលល្អក្នុងការសិក្សា ត្រូវមានការប្តេជ្ញាចិត្តឲ្យបានខ្ពស់លើការសិក្សា។

សូមរំលឹកថា ដោយសារមើលឃើញយុវតី អ៉ីវ ស្រីលីន ប្រឹងប្រែងសិក្សារហូតដណ្តើមបាននិទ្ទេស A នោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ក្នុងដំណើរចុះមកសំណេះសំណាលជាមួយមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធក្នុង ខេត្តមណ្ឌលគិរី នាថ្ងៃទី១៤ ខែកញ្ញាម្សិលមិញ សម្តេចតេជោ បានអនុញ្ញាត ឲ្យស្រីលីន និងឪពុក ម្តាយ ចូលស្រស់ស្រូបអាហារដោយផ្ទាល់ជាមួយសម្តេច។ សម្តេច ក៏បានផ្តល់អាហាររូបករណ៍ជូនសិស្សនិទ្ទេស A តែម្នាក់ក្នុង ខេត្តមណ្ឌលគិរីរូបនេះផងដែរ។

សូមបញ្ជាក់ថា បាក់ឌុបឆ្នាំ២០១៦នេះ ខេត្តមណ្ឌលគិរីមានសិស្សចូលរួមប្រឡងជាង ១០០នាក់ ក្នុងនោះធ្លាក់ចំនួន ៥១នាក់។ សិស្សដែលប្រឡងជាប់នោះ មាននិទ្ទេស A ១នាក់ និទ្ទេស B ១នាក់ និង C ១១នាក់។ ខេត្តមណ្ឌលគិរី ត្រូវបានក្រសួងអប់រំប្រកាសថា ជាខេត្តដែលមានមានមធ្យមភាគសិស្ស ប្រឡងជាប់បានច្រើនជាងគេ៕