(ភ្នំពេញ)៖ រដ្ឋមន្រ្ដីក្រសួងកសិកម្ម រុក្ខាប្រមាញ និងនេសាទ លោក វេង សុខុន បានថ្លែងប្រាប់អង្គភាព Fresh News តាម​​ទូរស័ព្ទនៅថ្ងៃទី១៥ ខែកញ្ញានេះ ដោយបានពន្យល់ពីមូលហេតុនៃការធ្លាក់ចុះនៃតម្លៃស្រូវ ដែលកំពុងធ្វើឲ្យប្រជាកសិករ ​​​​ព្រួយបារម្ភ និងត្អូញត្អែរពីការខាតបង់ របស់ពួកគាត់។

លោករដ្ឋមន្ត្រីបញ្ជាក់ថា ការធ្លាក់ថ្លៃអង្ករនេះមានបញ្ហាចំបងៗមួយចំនួន ប៉ុន្តែអ្វីដែលគត់សម្គាល់នោះ គឺក្រុមឈ្មួយកណ្តាល បានអុកឡុកទីផ្សារស្រូវ ដោយទិញស្រូវទម្លាក់ថ្លៃ ដើម្បីទទួលចំណេញខ្ពស់។

មានបញ្ហាចំបងៗចំនួន៥ ដែលលោករដ្ឋមន្ត្រីបញ្ជាក់ នាំឲ្យមានការធ្លាក់ចុះនៃតម្លៃស្រូវ រួមមាន៖

ទី១៖ បញ្ហាការនាំចេញអង្កររបស់កម្ពុជាធ្លាក់ចុះ។ នៅរយៈពេល៨ខែដើម ឆ្នាំ២០១៦នេះ ការនាំចេញអង្កររបស់កម្ពុជាធ្លាក់ចុះប្រមាន៧ភាគរយ ពិសេសការនាំចេញអង្ករ ជាបន្ដបន្ទាប់រយៈពេល៦ខែចុងក្រោយនេះ។

ទី២៖ បញ្ហាពូជស្រូវ ក៏ជាបញ្ហាជះឥទ្ធិពលដល់ការនាំចេញផងដែរ ដោយអ្នកបញ្ជាទិញត្រូវការពូជស្រូវសុទ្ធ ហើយនៅកម្ពុជាកសិករ របស់យើង​​ដាំដុះស្រូវច្រើនប្រភេទ ដែលធ្វើឲ្យគេពិបាកជឿរទុកចិត្ត ហើយជាបញ្ហាជះឥទ្ធិពល លើទីផ្សារអន្ដរជាតិផង​​ដែរ។

ទី៣៖ បញ្ហាតម្លៃអង្ករជាសកល ដោយនៅលើកទីផ្សារ អង្ករលើឆាកអន្តរជាតិបច្ចុប្បន្នធ្លាក់ចុះ ខណៈដែលប្រទេសជិតខាងយើងរួមមានថៃ និងវៀតណាម ដែលជាប្រទេសផលិតអង្ករច្រើន អង្ករបស់គេមានតម្លៃទាបជាងអង្កររបស់យើង ដូច្នេះពិបាកប្រកួត​​ប្រជែងទីផ្សារ។

ទី៤៖ ការរាងចាលរបស់ក្រុមហ៊ុន ឬរោងម៉ាស៊ីនកិនស្រូវរបស់កម្ពុជា។ ដោយសារតែកការខាតបង់ក្នុងការរកស៊ីលើការនាំចេញអង្ករ ទើបក្រុមហ៊ុនមួយចំនួន បានរាងចាល ដោយយ៉ាងហោចមានក្រុមហ៊ុន​​ជាង១០ ត្រូវបានគេរាយការណ៍ថា បានបិត ដែលហេតុនេះនាំឲ្យក្រុមហ៊ុននាំចេញអង្ករផ្សេងទៀត ធ្វើការទិញស្រូវ ដោយប្រយ័ត្នប្រជែង ខណៈរោងម៉ាស៊ីនកិនស្រូវខ្លះ គ្មានថវិកាគ្រប់គ្រាន់ ក្នុងការទិញស្រូវស្ដុកទុក។

ទី៥៖ ក្រុមឈ្មួញកណ្ដាល ឆ្លៀតឱកាសអុកឡុកទីផ្សារស្រូវ ដោយទិញស្រូវពីកសិករក្នុងតម្លៃទាបជាងច្រើន នឹងការលក់ចេញទៅវិញ។

លោករដ្ឋមន្រ្ដីបានបញ្ជាក់ទៀតថា «ដើម្បីដោះស្រាយបញ្ហាចំពោះមុខនេះ គឺមានតែការអង្វរដល់ឈ្មួញកណ្ដាល កុំ​​ឲ្យទិញស្រូវរបស់កសិករក្នុងតម្លៃទាបពេក»។
យ៉ាងណាលោករដ្ឋមន្រ្ដី ក៏បានចាត់ឲ្យក្រុមជំនាញរបស់ក្រសួង ធ្វើការសិក្សាលម្អិតអំពីការធ្លាក់ចុះនៃតម្លៃស្រូវ និងការទិញស្រូវរបស់ឈ្មួញ​​កណ្ដាលផងដែរ។

កសិករពីខេត្តបាត់ដំបង និងបន្ទាយមានជ័យ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦ បានទូរស័ព្ទមកកាន់អង្គភាព Fresh News ដោយពួកគាត់បាននិយាយថា «តម្លៃស្រូវរបស់ពួកគាត់ ធ្លាក់មកដល់៦៦០០បាត ទៅ៦៥០០បាតក្នុងមួយតោន» បានធ្វើឲ្យពួកគាត់អស់សង្ឃឹមជាខ្លាំង ចំពោះការធ្វើស្រែចំការ។

លោក ខាំស៊ន កសិករនៅភូមិគោកបាល័ង្ល ឃុំគោកបាល័ង្ល ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ បានប្រាប់ឲ្យដឹងថា តម្លៃស្រូវសែនក្រអូប បានបន្តធ្លាក់រហូតដល់ ៦៦០០បាតក្នុង១តោន ដែលកាលពីម្សិលមិញតម្លៃប្រមាណ ៧០០០បាតក្នុង១តោន ធ្វើឲ្យកសិករអស់សង្ឃឹមជាខ្លាំង។

ថ្លែងក្នុងក្តីអស់សង្ឃឹម ជាមួយនឹងការព្រួយបារម្ភពីការខាតបង់ លោក ខាំស៊ន បានបញ្ជាក់ទៀតថា សូមឲ្យថ្នាក់ដឹកនាំ ក្រសួងពាក់ព័ន្ធជួយពួកគាត់ផង បើមិនដូច្នេះទេ ច្បាស់ជាយប់ធ្វើស្រែ ទៅធ្វើកម្មករនៅប្រទេសថៃហើយ។

​ជាមួយគ្នានេះ លោក ពូយាំ ដែលជាប្រជាកសិករ រស់ក្នុងឃុំបត់ត្រង់ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ បានប្រាប់ឲ្យដឹងថា នៅក្នុងខេត្តបន្ទាយមានជ័យ ចាប់ផ្តើមប្រមូលផលជាបណ្តើរៗហើយ ស្រូវដែលពួកគាត់ធ្វើជា ប្រភេទស្រូវក្រអូប ដែលមានឈ្មោះថា ស្រូវសែនក្រអូប ដើម្បីបំពេញតម្រូវការទីផ្សារអង្ករក្រអូប ទាំងក្នុងស្រុក និងការនាំចេញ ប៉ុន្តែនៅតែតម្លៃទាបទៀត ធ្វើឲ្យខាតថវិកា និងពេលវេលា។

ប្រជាកសិករបានត្អូញត្អែរថា តម្លៃស្រូវនៅពេលនេះ យកទៅលក់សងបានលុយ តែថ្លៃជី ថ្លៃថ្នាំ ហើយអ្នកខ្លះទៀតត្រូវជំពាក់ធនាគារ ដូច្នេះមានតែឈប់ធ្វើស្រែទៅធ្វើការនៅថៃវិញល្អជាងជា ជាងជំពាក់លុយគេ។

លោក សុង សារ៉ន ដែលមានរោងម៉ាស៊ីនកិនស្រូវ នៅខេត្តបាត់ដំបង និងជាក្រុមហ៊ុននាំចេញអង្ករដ៏ល្បីឈ្មោះមួយរូបបានបញ្ជាក់ថា ស្រូវសែនក្រអបធ្លាក់ដល់ ៦៥០០បាត ក្នុង១តោន។ ដើម្បីជួយដល់កសិករក្នុងកម្រិតមួយ ក្រុមហ៊ុនរបស់នៅបាត់ដំបង សម្រេចទិញស្រូវសែនក្រអូបចូលបន្ថែម ១០០០តោន ក្នុងតម្លៃខ្ពស់ ជាងទីផ្សារ គឺតម្លៃ ៧៣០០បាត ទៅ៧៥០០បាត ដល់សហគមន៍នៅស្រុកសង្កែ ខេត្តបាត់ដំបង ដើម្បីទប់តម្លៃកុំឲ្យស្រុតចុះ។

លោក សុង សារ៉ន លើកឡើងថា មានក្រុមហ៊ុននាំចេញអង្ករខ្លះ ចាប់ផ្តើមទម្លាក់តម្លៃយ៉ាងទាបបំផុត ដើម្បីដណ្តើមនាំចេញ រុញច្រានកសិករឲ្យរលាយតែម្តង។

លោក ឲ្យដឹងថា វិធានការបន្ទាន់មួយដែលគួរតែដោះស្រាយ គឺផ្តល់ប្រាក់ដល់រោងម៉ាស៉ីន ដើម្បីទិញស្រូវ ដោយពួកគាត់ (រោងម៉ាស៊ីន) អាចលក់អស់ក្នុងរយៈពេល៣-៤ខែ ជាពិសេសការលក់ក្នុងស្រុក ព្រោះទីផ្សារបរទេស អង្ករកម្ពុជាពិបាកប្រកួតប្រជែងជាមួយថៃ ដោយសារអង្ករថៃកំពុងធ្លាក់ចុះតម្លៃផងដែរ។ មួយវិញទៀត រាជរដ្ឋាភិបាលត្រូវផ្អាកការនាំចូលអង្ករបទេស មួយរយៈដើម្បីឲ្យរោងម៉ាស៉ីនកិនស្រូវហើយ បានលក់អង្ករដែលបានទិញ ពីប្រជាកសិកររបស់យើងផ្ទាល់។

សូមជម្រាបថា កសិករកំពុងជួបការលំបាកយ៉ាងខ្លាំង ពាក់ព័ន្ធនឹងតម្លៃស្រូវនៅពេលនេះ។ តម្លៃស្រូវបានចាប់ផ្តើមធ្លាក់ចុះយ៉ាងខ្លាំង ក្នុងខែកញ្ញានេះ ដោយធ្លាក់ពីតម្លៃជាង៩ពាន់បាត ក្នុងមួយតោនមកនៅ ត្រឹមជាង៦០០០បាត ក្នុងមួយតោនប៉ុណ្ណោះ។ ប៉ុន្តែនៅពេលនេះរដ្ឋមន្រ្តីក្រសួងកសិកម្ម បានចេញមកពន្យល់ជូនបងប្អូនប្រជាពលរដ្ឋឲ្យបងជ្រាប និងវិធីដោះស្រាយបញ្ហាចំពោះមុខនេះផងដែរ៕