(ម៉ានីល)៖ អតីតមន្ត្រីយោធាហ្វីលីពីនម្នាក់ បានផ្ដល់សក្ខីកម្មនៅចំពោះមុខព្រឹទ្ធសភាហ្វីលីពីនថា ប្រធានាធិបតីហ្វីលីពីនបច្ចុប្បន្ន លោក Rodrigo Duterte​ កាលពីជំនាន់លោកកាន់ដំណែងជាអភិបាល ក្រុង Davao​ លោកធ្លាប់បានបញ្ជាឱ្យ មន្ត្រីក្រោមឱវាទរូបនេះ និង គូកនមួយចំនួនផ្សេងទៀតធ្វើការ សម្លាប់ក្រុមឧក្រិដ្ឋជនជាង ១,០០០ នាក់ឯណោះ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Washington Top នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែកញ្ញា ឆ្នាំ២០១៦។

លោក Edgar Matobato អាយុ៥៧ឆ្នាំ ជាអតីតមន្ត្រីយោធាខាងលើនេះ បានប្រាប់ព្រឹទ្ធសភាហ្វីលីពីនថា លោកធ្លាប់ស្ដាប់ឮលោក Duterte​ បញ្ជាឱ្យសម្លាប់ក្រុមឧក្រិដ្ឋជន តែលោកក៏បាន ទទួលស្គាល់ខ្លួនឯងដែរថា លោកបានចាប់ពង្រត់ និងសម្លាប់មនុស្ស ក្នុងនោះរួមមានទំាងបុរសម្នាក់ ដែលត្រូវបានគេយកទៅបោះឱ្យសត្វក្រពើស៊ី នៅភាគខាងត្បូងទីក្រុង Davao កាលពីឆ្នាំ២០០៧ ថែមទៀតផង។

ទោះបីជាយ៉ាងណា គេពុំទាន់ឃើញមានប្រតិកម្មពី លោក Duterte ដែលធ្លាប់បដិសេធថា លោកមិនដែលបានជាប់ ពាក់ព័ន្ធនឹងការសម្លាប់ក្រុមឧក្រិដ្ឋជន ក្រៅប្រព័ន្ធតុលាការនោះនៅឡើយទេ កាលពីជំនាន់លោកកាន់ដំណែងជាអភិបាលក្រុង Davao និងបន្ទាប់ពីការស្បថចូលកាន់តំណែងជា ប្រធានាធិបតីហ្វីលីពីន កាលពីខែមិថុនា កន្លងទៅនេះ៕