(ហាណូយ)៖ អាជ្ញាធរប្រចាំតំបន់បានឲ្យដឹងថា គ្រោះរអិលបាក់ដីបង្កដោយភ្លៀងធ្លាក់ខ្លាំង ដែលជាឥទ្ធិពលរបស់ព្យុះត្រូពិច Rai នោះ បានបណ្តាលឲ្យមនុស្ស បីនាក់ស្លាប់និងបួននាក់ថែមទៀត បាត់ខ្លួននៅ ភាគកណ្តាលប្រទេសវៀតណាម ហើយជាការសរុបនោះគឺមនុស្ស ០៥នាក់បានស្លាប់ និង ១០នាក់ បាត់ខ្លួននៅទូទាំងប្រទេស។ នេះបើតាមការផ្សាយនៅមុននេះបន្តិច ដោយសារព័ត៌មានចិន ស៊ិនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែកញ្ញា ឆ្នាំ២០១៦។

យោងសម្តីរបស់ប្រជាជនក្នុងតំបន់រងគ្រោះ បានឲ្យដឹងថាមនុស្សមួយក្រុម ដែលមានគ្នា ១០នាក់ បានចេញទៅរកទំពាំងនៅតាមព្រៃនៅក្នុងខេត្ត Thanh Hoa និង Nghe An ដែលស្ថិតនៅចំកណ្តាល ប្រទេសវៀតណាម ហើយខណៈពេលដែលពួកគេ កំពុងតែសំរានលង់លក់ នៅក្នុងតង់រួមគ្នានោះ គ្រោះរអិលបាក់ដីក៏បានកើតឡើង នៅយប់ថ្ងៃពុធ ហើយមនុស្សតែបីនាក់ប៉ុណ្ណោះក្នុងចំណោមអ្នក ទាំង១០ បានរត់គេចខ្លួនរួច រីឯមនុស្សចំនួន ០៧នាក់ទៀត ត្រូវបានកប់នៅក្រោមគំនរដី។

អាជ្ញាធរប្រចាំខេត្ត Thanh Hoa ដែលស្ថិតនៅចម្ងាយប្រមាណ ១៤០គីឡូម៉ែត្រ ពីរដ្ឋធានីហាណូយ បានអះអាងថានៅម៉ោង ២១៖៣០ នាទីយប់ថ្ងៃពុធ (ម៉ោងនៅទីក្រុងហាណូយ)ថា សាកសពជនរងគ្រោះ បីនាក់ត្រូវបានគេរកឃើញ ខណៈដែលមនុស្សបួននាក់ទៀត នៅតែបន្តបាត់ខ្លួននៅឡើយ។

គួររំលឹកថាមកដល់ព្រឹកថ្ងៃព្រហស្បតិ៍នេះ អគ្គនាយកដ្ឋានទប់ស្កាត់និងការពារគ្រោះមហន្តរាយធម្មជាតិ ប្រទេសវៀតណាម បានបង្ហាញថា ចំនួនមនុស្សស្លាប់ដោយសារ ព្យុះត្រូពិច Rai បានកើនដល់ប្រាំនាក់ ហើយមនុស្ស ១០នាក់ នៅតែបន្តបាត់ខ្លួន និង២៦នាក់បានទទួលរងរបួស នៅក្នុងការវាយប្រហារដោយព្យុះមួយនេះ៕