(ភ្នំពេញ)៖ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦នេះ បានប្រកាសផ្សព្វផ្សាយ ដាក់ឲ្យអនុវត្តអនុស្សរណៈ នៃការយោគយល់គ្នា (MoU) ជាមួយធនាគារឯកទេសវីង (Wing) ស្តីពីការប្រើប្រាស់សេវាកម្មទូទាត់ តាមប្រព័ន្ធអេឡិចត្រូនិក «E-Payment» សម្រាប់ប្រតិបត្តិការចំណូលកម្រៃសេវាសាធារណៈ របស់ក្រសួងពាណិជ្ជកម្ម។

លោករដ្ឋមន្ត្រីបានថ្លែងថា ធនាគារឯកទេសវីង ធ្លាប់បានផ្តល់សេវាទូទាត់ និងបញ្ជូនប្រាក់បានលឿន និងមានភាពងាយស្រួល ដល់អ្នកប្រើប្រាស់ បានធ្វើឲ្យធនាគារឯកទេសវីង ក្លាយជាភ្នាក់ងារឈានមុខ គេនៅក្នុង ប្រទេសកម្ពុជា។

លោកបានបញ្ជាក់ថា «ខ្ញុំសូមលើកទឹកចិត្តឲ្យ ធនាគារឯកទេសវីង បន្តធ្វើបច្ចុប្បន្នភាពប្រព័ន្ធ បង្កើនប្រសិទ្ធភាពផ្តល់សេវា និងបញ្ចុះកម្រៃប្រើប្រាស់សេវា ដើម្បីទាក់ទាញអតិថិជនឲ្យ បានកាន់តែច្រើន។ ខ្ញុំក៏សូមរំលឹកផងដែរថា ធនាគារឯកទេសវីង និងក្រសួងពាណិជ្ជកម្ម ត្រូវតែដោះស្រាយជាបន្ទាន់នូវរាល់បញ្ហា និងភាពរអាក់រអួលដែលអាចកើតឡើងជាយថាហេតុ ក្នុងប្រតិបត្តិការទូទាត់ និងប្រមូលចំណូលតាមប្រព័ន្ធអេឡិចត្រូនិក»

លោក ប៉ាន សូរស័ក្ដិ បានថ្លែងថា ការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក ទោះបីមានការចំណាយច្រើនលើការងារ រៀបចំប្រព័ន្ធនិងបណ្តុះបណ្តាល ធនធានមនុស្សក៏ដោយ តែវាបានជួយកាត់បន្ថយពេលវេលា និងបង្កើនល្បឿនប្រតិបត្តិការ ដែលធ្វើឲ្យការផ្តល់សេវាសាធារណៈជូនអតិថិជន មានប្រសិទ្ធភាពខ្ពស់បំផុត។ មិនត្រឹមតែប៉ុណ្ណោះ វាបានធ្វើឲ្យលំហូរសាច់ប្រាក់ បានលឿននិងជួយ ឲ្យក្រសួងអាចគ្រប់គ្រង សាច់ប្រាក់បានដោយ សុក្រិត្យបំផុត ព្រោះថា រាល់ចំណូលសាច់ប្រាក់ ត្រូវបានបញ្ជូនដល់រតនាគារជាតិ នៅរៀងរាល់ថ្ងៃ ដែលបញ្ចប់ប្រតិបត្តិការចំណូល។

លោក ប៉ាន សូរស័ក្ដិ បាននិយាយថា ក្រសួងពាណិជ្ជកម្មនឹងបន្ត គោលនយោបាយការតភ្ជាប់ប្រព័ន្ធ Electronic សម្រាប់ការទូទាត់ជាមួយធនាគារពាណិជ្ជដទៃទៀត សំដៅបង្កើនប្រសិទ្ធភាពសេវា ក៏ដូចជាបង្កលក្ខណៈឲ្យមានប្រតិបត្តិករ ច្រើនប្រកួតប្រជែងគ្នា ដែលធ្វើឲ្យកម្រៃសេវា ដែលអតិថិជនត្រូវបង់ជូនធនគារមានការថយចុះ ការពង្រីកការតភ្ជាប់ទូទាត់នេះ នឹងផ្តល់ភាពងាយស្រួល ដល់អ្នកប្រើប្រាស់ក្នុងការជ្រើសរើស យកមធ្យោបាយទូទាត់ សេវាសាធារណៈរបស់ក្រសួងពាណិជ្ជកម្ម ដោយសម្បូរបែបផងដែរ៕