(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦នេះ ជនសង្ស័យករណីឆបោកប្រាក់ជិត៧លានដុល្លារ ត្រូវបានបញ្ជូនទៅតុលាការម្តងទៀត ដើម្បីបន្តការសាកសួរ ពាក់ព័ន្ធរឿងជំនួញឈើប្រណីតជាមួយក្រុមហ៊ុន ទ្រី ភាព ជនសង្ស័យក្នុងករណីឆបោកលុយជិត៧លានដុល្លារ។

ដោយជំហ៊ានដំបូងគេដឹងថា ករណីនេះផ្ដើមចេញពីរឿងជំនួញឈើប្រណីត​នាំចេញទៅក្រៅប្រទេស ដោយមានជនជាតិចិន ឲ្យ​លុយមកជនសង្ស័យ ប្រមូលទិញឈើប្រណីតនាំចេញយកទៅអោយខ្លួន តែជនសង្ស័យមិនបានបញ្ជូនឈើ ទៅអោយដូចការព្រមព្រៀងនោះទេ។

ជនសង្ស័យក្នុងរឿងឆបោកលុយដ៏ច្រើនសន្ធឹកសន្ធាប់នេះត្រូវបានគេស្គាល់ឈ្មោះ អឿ អឿន មានមុខរបរជាអ្នករកស៊ី។ ចំណែកភាគីដើមបណ្ដឹងមានឈ្មោះ Shao Jianfen ជាជនជាតិចិន ហើយ​ទឹកលុយដែលភាគីម្ចាស់បណ្ដឹងអះអាងថា បានប្រគល់ទៅឲ្យឈ្មោះ អឿ អឿន យកទៅប្រមូលទិញឈើធ្នង់នាំចេញយកទៅ ឲ្យខ្លួននោះ មានចំនួន៦,២០០,០០០ដុល្លារ ដោយបូករួម​ទាំងការអះអាង​ពីបុរសពីរនាក់ទៀត ដែលរួមមានឈ្មោះ ស្រៀង ម៉េង និងឈ្មោះវ៉ាន់ សំណាង បានបញ្ជាក់ថាឈ្មោះ អឿ អឿន នេះបានទិញឈើធ្នង់របស់ខ្លួន (ក្រុមហ៊ុនទ្រី ភាព) មានទឹកប្រាក់ចំនួន១លានដុល្លារ តែមិនទាន់បានសងលុយនោះទេ ដូចនេះទឹកប្រាក់ក្នុងសំណុំរឿងឆបោកនេះមានរហូតដល់ទៅ៧,២០០,០០០ដុល្លារឯណោះ។

តាមសេចក្ដីរាយការណ៏បានឲ្យដឹងថា កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៥ ជនជាតិចិនខាងលើនេះ ​បានព្រមព្រៀងប្រ​គល់លុយ​ឲ្យទៅឈ្មោះ អឿ អឿន ចំនួន៦,២០០,០០០ដុល្លារ ដើម្បីប្រ​មូលទិញឈើធ្នង់​នៅក្នុងប្រទេសកម្ពុជានាំចេញយកទៅឲ្យខ្លួនដោយក្នុង១ខែ ត្រូវប្រគល់ឈើឲ្យ៤០កុងតឺន័រ តែឈ្មោះ អឿ អឿន គ្មានឈើស្របច្បាប់ប្រគល់ឲ្យនោះទេ ក្រោយមកដោយសារតែគ្មានឈើ ជនជាតិចិន ក៏បានទារលុយវិញ តែឈ្មោះ អឿ អឿន ចេះតែពន្យារពេល ហើយចុងក្រោយ បានចេញសែកមានទឹកប្រាក់ចំនួន៨០ម៉ឺនដុល្លារ ទៅឲ្យជនជាតិចិន ដោយបើកប្រាក់នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦ តែពេលយកសែកទៅបើកនៅ ធនាគារ គេថាសែកនេះមិនមានសាច់ប្រាក់នោះទេ។ ក្រោយមកទៀតឈ្មោះ អឿ អឿន បានឲ្យឈ្មោះ ស្រៀង ម៉េង និងឈ្មោះ វ៉ាន់ សំណាង ប្រមូលទិញឈើពីក្រុមហ៊ុន ទ្រី ភាព ឲ្យខ្លួន ហើយអ្នកទាំងពីរក៏បានប្រគល់ឈើ ដែលមានតំលៃទឹកប្រាក់១លានដុល្លារ ទៅអោយឈ្មោះ អឿ អឿន តែឈ្មោះនេះក៏មិនបានបង្វិលសាច់ប្រាក់ អោយនោះដែរ បើសរុបចំនួនលុយមានរហូតដល់ទៅ ៧,២០០,០០០ដុល្លារឯណោះ។

ដោយឡែកឈ្មោះ អឿ អឿន បានអះអាងថា ខ្លួនពិតជាបានចុះកិច្ចព្រម​ព្រៀងប្រមូលទិញ​ឈើ​ ឲ្យទៅជន​ជាតិចិន ​​ក្នុងទឹកប្រាក់៦,២០០,០០០ដុល្លារពិតមែន​ ដោយ​មួយខែ ត្រូវប្រគល់​ឈើ​អោយ៤០កុង​តឺន័រ តែខ្លួនពិតជាគ្មានឈើប្រគល់​អោយមែន ហើយលុយ៦,២០០,០០០ដុល្លារនោះក៏ខ្លួនមិនបានទទួលដែរ។ ចំណែកការចេញសែក ខ្លួនពិតជាបានចេញសែកគ្មានសាច់ប្រាក់ ឲ្យទៅជនជាតិចិននោះ ពិតប្រាកដមែន។ ដោយឡែករឿងលុយ១លានដុល្លាររបស់ឈ្មោះ ស្រៀង ម៉េង និងឈ្មោះ វ៉ាន់ សំណាង វាគ្រាន់តែជាលុយកំរៃជើងសារថ្លៃទិញឈើ ដោយមានឯកសារត្រឹមតែឈ្មោះ ស្រៀង ម៉េង និង វ៉ាន់ សំណាង ប៉ុណ្ណោះ មិនមានឯកសារនៅក្រុមហ៊ុន ទ្រី ភាព សំរាប់ធ្វើការផ្ទៀងផ្ទាត់នោះទេ៕