(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានឆ្លៀតជួបសំណេះសំណាលលើកទឹកចិត្តយុវតី អ៉ីវ ស្រីលីន សិស្សជ័យលាភី ដែលប្រឡងជាប់និន្ទេស (A) ម្នាក់ក្នុងឆ្នាំ២០១៦ នៅវិទ្យាល័យ ហ៊ុន សែន មណ្ឌលគីរី ក្នុងខេត្តមណ្ឌលគីរី នៅថ្ងៃទី១៤ ខែកញ្ញាម្សិលមិញ នៅខេត្តមណ្ឌលគីរី។

សម្តេចតេជោនាយករដ្ឋមន្រ្តី បានបង្ហាញសារនៅលើ Facebook យ៉ាងដូច្នេះថា «សូមអបអរសាទរក្មួយៗ សិស្សានុសិស្សដែលបានប្រឡងជាប់ទាំងអស់ នៅទូទាំងប្រទេស និងសំដែងការសោកស្តាយចំពោះក្មួយៗ ដែលប្រឡងមិនជាប់។ សូមក្មួយៗកុំបាក់ទឹកចិត្ត ហើយត្រូវខិតខំប្រឹងប្រែងរៀនសូត្រ សារឡើងវិញដើម្បីប្រឡងនៅឆ្នាំក្រោយទៀត។ សម្តេចតេជោ តែងតែយកចិត្តទុកដាក់ជំរុញការអប់រំដើម្បីក្មួយៗមានឱកាសបានសិក្សាចាប់តាំងពីទីក្រុង រហូតដល់ជនបទស្រុកស្រែចម្ការ។

សូមបញ្ជាក់ថា សិស្សដែលប្រឡងជាប់មធ្យមសិក្សាទុតិយភូមិនិទេ្ទស (A) ទាំងអស់ក្នុងឆ្នាំ២០១៦នេះ នឹងត្រូវជួបជាមួយសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២១ ខែ កញ្ញា ឆ្នាំ២០១៦ នៅម៉ោង៨៖៣០នាទីព្រឹក នៅវិមានសន្តិភាព រាជធានីភ្នំពេញ៕