(រតនគិរី)៖ សាខាកាំកុងត្រូលខេត្តរតនគិរី សហការមន្ទីរពាណិជ្ជកម្ម គណៈកម្មការផ្សារ ក្រោមការណែនាំផ្ទាល់ពីលោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦ បានចុះដកហូតទំនិញខូចគុណភាព នៅក្នុងផ្សារអូរយ៉ាដាវ និងផ្សារបរកែវ ខេត្តរតនគិរី។

លោក ហេង សាយ ប្រធានសាខាកាំកុងត្រូល ខេត្តរតនគិរី បានឲ្យដឹងថា ទោះបីជាទីដាច់ស្រយាលពីទីប្រជុំជន យ៉ាងណាក្តី ក៏មន្រ្តីរបស់លោក បានសហការជាមួយមន្រ្តី មន្ទីរពាណិជ្ជកម្ម និងគណៈកម្មការផ្សារ អាជ្ញាធរដែនដី បានចុះត្រួតពិនិត្យចំណីអាហារផលិតផល កំប៉ុង និងគ្រឿងសមុទ្រ ដែលដាក់លក់នៅក្នុងផ្សារក្នុងខេត្ត ជាលទ្ធផលរកឃើញទំនិញខូចគុណភាពជិត៣០០គីឡូក្រាម ដើម្បី​យកទៅដុតកម្ទេចចោល។

ជាមួយគ្នានោះ មន្រ្តីកាំកុងត្រូល ក៏បានធ្វើការណែនាំដល់អ្នក់លក់ និងអ្នកទិញ ត្រូវដឹងពីអត្តសញ្ញាណ ប្រភពអាស័យដ្ឋានរបស់អ្នកដែល យកមកលក់ឲ្យខ្លួន ឬរក្សាទុកនូវវិក្កិយ បត្រទូទាត់ ឲ្យបានត្រឹមត្រូវជាព័ត៌មាន ដើម្បីបង្កលក្ខណៈងាយ ស្រួលដល់សមត្ថកិច្ចកាំកុងត្រូល ក្នុងការចុះស្រាវជ្រាវ និងតាមដានបន្ត នឹងមានវិធានការ ទៅតាមផ្លូវច្បាប់ ចំពោះអ្នកលក់ ឬអ្នកចែកចាយផលិតផលទាំងនោះ។

ឆ្លៀតឱកាសនោះដែរ ក្រុមការងារក៏ បានបិទផ្សាយនូវរូបភាព Poster និងផ្សព្វផ្សាយដល់អាជីវករអ្នកលក់ដូរ និងអ្នកប្រើប្រាស់ ឲ្យបានយល់ ដឹងអំពីផលវិបាកដែលបណ្ដាមកពីការបរិភោគអាហារ ហួសកាលបរិច្ឆេទប្រើប្រាស់ និងការដាក់លាយបន្ថែមសារធាតុគីមី ហាមឃាត់ចូលក្នុងម្ហូបអាហារ។

បន្ថែមពីនេះ លោក ហេង សាយ ក៏បានសំណូមពរ ដល់អាជីវករ ទាំងអស់ សូមកុំខឹងមន្រ្តីរបស់លោក ដែលចុះទៅពិនិត្យ និងដកហូតទំនិញខូចគុណភាពទាំងនោះ ព្រោះថាបើមិនដកហូតទេ មិនដឹងថា ប្រជាពលរដ្ឋប៉ុន្មាននាក់ ដែលនឹងទទួលទានផលិតផលនេះ ហើយបណ្តាលឲ្យខូចសុខភាពនោះឡើយ ជាពិសេសលោក​បានអំពាវនាវ ដល់អាជីវករ អ្នកលក់ដូរទាំងអស់ ឲ្យប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់ ហើយត្រូវតែលក់ដូរ និងចែកចាយ តែទំនិញ ផលិតផលម្ហូបអាហារណា ដែលមានគុណភាព មិនប៉ះពាល់ដល់ សុខមាលភាព អ្នកប្រើប្រាស់៕