(បន្ទាយមានជ័យ)៖ ក្នុង១ថ្ងៃសោះពលរដ្ឋ៣នាក់នៅស្រុកថ្មពួក ត្រូវបានពស់ពឹសចឹក ជាបន្តបន្ទាប់តែសំណាងល្អ ក្រុមគ្រូពេទ្យជួយសង្គ្រោះទាន់ពេលវេលា នៅល្ងាចថ្ងៃ១៣ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចផ្សេងៗពីគ្នា។ លោក ដុំ ចិត្រ មេបញ្ជាការមូលដ្ឋានអាវុធហត្ថស្រុកថ្មពួក បានឲ្យដឹងថា ករណីទី១-កើតឡើងនៅម៉ោង១០៖០០នាទីថ្ងៃត្រង់ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចភូមិបន្ទាយឆ្មាជើង ឃុំបន្ទាយឆ្មា ស្រុកថ្មពួក ជនរងគ្រោះមានឈ្មោះ ឡោម ញ៉ិប ភេទប្រុស អាយុ២០ឆ្នាំ ករណីទី២-កើតឡើងនៅវេលាម៉ោង២៖០០នាទីរសៀល ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចភូមិតាអុងលិច ឃុំតាអុងលិច ស្រុកស្វាយចេក ជនរងគ្រោះមានឈ្មោះ ទុំ ខឿន ភេទប្រុស អាយុ២៩ឆ្នាំ និងករណីទី៣-នៅវេលាម៉ោង១៖០០នាទីថ្ងៃត្រង់ទី១៣ ខែកញ្ញា ឆ្នាំ២០១៦ នៅភូមិស្រែល្អ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ជនរងគ្រោះមានឈ្មោះ វុន ស្រី អាយុ១៦ឆ្នាំ ហើយជនរងគ្រោះត្រូវបានយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។

លោកវេជ្ជបណ្ឌិត ញ៉ែម ភីរម្យ ប្រធានមន្ទីរពេទ្យបង្អែកស្រុកថ្មពួក បានឲ្យដឹងថា អ្នកជម្ងឺដែលត្រូវពស់ចឹកនោះ ពេលបញ្ជូនមកដល់មន្ទីរពេទ្យ ហើយទទួលសេវាសង្គ្រោះបន្ទាន់យ៉ាងយកចិត្តទុកដាក់បំផុត ពីក្រុមគ្រូពេទ្យ ព្រោះថ្នាំពស់ចឹក នេះមានស្រេចសម្រាប់ចាក់ឲ្យអ្នកជម្ងឺ ក្រោយពេលចាក់ហើយអ្នកជម្ងឺមានសភាពធូរស្រាល​ ដូចដើមវិញហើយ។ ជាមួយគ្នានោះដែរ លោកវេជ្ជបណ្ឌិត ញ៉ែម ភីរម្យ បានបញ្ជាក់ថា លោកមិនប្រហែសដូចឆ្នាំមុនៗនោះទេ ព្រោះជីវិតមនុស្សមានតំលៃណាស់ បើទោះបីថ្នាំនេះមានតំលៃថ្លៃយ៉ាងណាក៏ដោយ ក៏ត្រូវចាក់ឲ្យអ្នកជម្ងឺដែរ នេះជាកាតព្វកិច្ចរបស់គ្រូពេទ្យ៕