(ហាណូយ)៖ រថយន្តកៅអីបួនមួយគ្រឿង បានឆាបឆេះនៅត្រង់ទីតាំងរៀបចំការហោះហើរ ស្ថិតនៅក្នុងព្រលានយន្តហោះអន្តរជាតិ Noi Bai នៃទីក្រុងហាណូយភាគខាងជើងប្រទេស វៀតណាម បានឆក់យកជីវិតមនុស្សម្នាក់។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នារសៀលថ្ងៃពុធ ទី១៤ ខែកញ្ញា ឆ្នាំ២០១៦។

រថយន្តខាងលើនេះ បានឆាបឆេះឡើងនៅពេលព្រឹកព្រហាមថ្ងៃពុធ ហើយភ្លាមៗនោះក្រុមពន្លត់ អគ្គីភ័យបានមកដល់កន្លែងកើតហេតុ និងបាញ់ពន្លត់ភ្លើងបានសម្រេច តែក្នុងរយៈពេលប៉ុន្មាននាទីប៉ុណ្ណោះ។ យ៉ាងណាក៏ដោយរថយន្តបានឆេះខ្ទេច ហើយតៃកុងនៅក្នុងនោះ ក៏ត្រូវបានភ្លើងឆេះរហូតដល់ស្លាប់ផងដែរ។

អ្នកនាំពាក្យព្រលានយន្តហោះ Noi Bai បានអះអាងថា ការឆេះនេះមិនបានបង្កផលប៉ះពាល់ដល់ការ ធ្វើចរាចរណ៍របស់យន្តហោះនោះឡើយ ដោយឡែកសម្រាប់មូលហេតុនៃការឆាបឆេះរថយន្ត ដែលបានបង្កការភ្ញាក់ផ្អើលខ្លាំងនេះ កំពុងស្ថិតនៅក្នុងការស៊ើបអង្កេតនៅឡើយ៕