(ប៉េកាំង)៖ សារព័ត៌មានរដ្ឋចិន People’s Daily បានឲ្យដឹងនៅថ្ងៃពុធនេះថា អាមេរិកគឺជាប្រទេស ដែលចូលចិត្តបង្ករឿង ហើយគ្មានសិទ្ធិអ្វីមកប្រដៅប្រទេសចិន ឲ្យទទួលខុសត្រូវលើការទប់ស្កាត់ បញ្ហាកូរ៉េខាងជើងឡើយ ត្បិតអីភាពតានដែលកំពុងតែកើតឡើងនៅឧបទ្វីបកូរ៉េ គឺជាលទ្ធផល ដែលបង្កឡើងដោយអាមេរិកខ្លួនឯង។ នេះបើតាមការផ្សាយនៅមុននេះបន្តិចដោយ People’s Daily  នៅរសៀលថ្ងៃពុធ ទី១៤ ខែកញ្ញា ឆ្នាំ២០១៦។

ខណៈដែលចិនបានទទួលរងភាពឈឺក្បាល ដោយសារការបំផ្ទុះសាកល្បងគ្រាប់នុយក្លេអ៊ែរជាលើកទី៥ របស់កូរ៉េខាងជើងនៅចុងសប្តាហ៍មុននេះ ចិនក៏បានបង្ហាញភាពមិនពេញចិត្តដូចគ្នា ចំពោះការសម្រេចចិត្តរបស់អាមេរិក ក្នុងការដាក់ពង្រាយប្រព័ន្ធការពារមីស៊ីល (THAAD) នៅកូរ៉េខាងត្បូង។ នេះបើតាមការលើកឡើងនៅក្នុងអត្ថបទរបស់អ្នកវិភាគនយោបាយ Zhong Sheng ប្រចាំកាសែតរដ្ឋចិន People’s Daily។

ប្រទេសចិន គឺជាដៃគូយ៉ាងសំខាន់របស់កូរ៉េខាងជើង ក្នុងវិស័យការទូត និង ពាណិជ្ជកម្ម ហើយនៅពេលដែលចិនបានព្រមព្រៀង លើការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ ទៅលើកូរ៉េខាងជើង ចិនបានបដិសេធ មិនព្រមកាត់ផ្តាច់ជំនួយទៅកូរ៉េខាងជើងទាំងស្រុងឡើយ ព្រោះខ្លាចប្រទេសកុម្មុយនីស្តដ៏ឯកោមួយនេះ ដួលរលំ។

នៅជុំវិញបញ្ហានេះដែរ កាលពីសប្តាហ៍មុនអាមេរិកបានស្នើឲ្យចិនព្យាយាមបន្ថែមទៀត និងបានណែនាំ នូវវិធានការមួយចំនួនដែលចិនគួរតែធ្វើ ប៉ុន្តែអាមេរិកខ្លួនឯងវិញបែរលាក់ពុតត្បុត ធ្វើដូចជាគ្មានការពាក់ព័ន្ធអ្វីជាមួយបញ្ហានេះ ហើយបាននិងកំពុងតែដើរស្តីបន្ទោសឲ្យអ្នកដ៏ទៃទៀត។

សារព័ត៌មានចិនខាងលើបានឲ្យដឹងទៀតថា កាលពីដើមឆ្នាំនេះបន្ទាប់ពីកូរ៉េខាងជើង បានធ្វើតេស្តនុយក្លេអ៊ែរលើកទី០៤ របស់ខ្លួន អាមេរិកមិនបានរារែកសូម្បីតែបន្តិច ក្នុងការបង្កើនភាពតាន​ទៅលើស្ថានការណ៍សន្តិសុខនៅ ឧបទ្វីបកូរ៉េ។ បន្ថែមពីនេះទៀត អាមរិកមិនបានគិតសូម្បីតែមួយវិនាទី ក្នុងការជម្រុញឲ្យដាក់ពង្រាយប្រព័ន្ធការពារមីស៊ីល (THAAD) នៅកូរ៉េខាងត្បូង ដោយមិនបាន​ខ្វល់ថា វាអាចប៉ះពាល់ដល់សន្តិសុខរបស់បណ្តាប្រទេស នៅក្នុងតំបន់យ៉ាងណានោះឡើយ។

គួរបញ្ជាក់ដែរថា អាមេរិកបានិងកំពុងតែបង្ហាញពីការគិតគូរកាន់តែតិចតួចទៅៗ សម្រាប់ផលប្រយោជន៍សាធារណៈនៅក្នុងកិច្ចការអន្តរជាតិ ប៉ុន្តែភាពចូលចិត្តបង្ករឿងរបស់ខ្លួន គឺគ្មានការថយចុះ​បន្តិចនោះឡើយ។ នេះបើតាមការលើកឡើង ជាចុងបញ្ចប់ នៅក្នុងសារព័ត៌មានចិន People’s Daily៕