(រតនគិរី)៖ ដំណឹងល្អសម្រាប់ប្រជាពលរដ្ឋ ក្នុងស្រុកអណ្តូងមាស ក៏ដូចប្រជាពលរដ្ឋក្នុងខេត្តរតនគិរីទាំងមូល បានមកដល់ហើយ នោះគឺស្ពាន «តេជោសេសាន្ត» នឹងដាក់ឲ្យដំណើរប្រើប្រាស់ នៅខែធ្នូឆ្នាំ២០១៦ខាងមុខនេះ។

ស្ពានមួយនេះជាអំណោយរបស់សម្តេច តេជោ ហ៊ុន សែន និងសម្តេចកិត្តព្រឹទ្ធបណ្ឌិត ដែលមានប្រវែង២៥២ម៉ែត្រ ឆ្លងកាត់ទន្លេសេសាន្ត ក្បែរសាលាស្រុកអណ្តូងមាស។ នេះជាការថ្លែងឲ្យដឹងពី សំណាក់លោក លី ធុជ ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តរតនគិរី ក្នុងឱកាសដែលលោក បានដឹកនាំមន្ទីរពាក់ព័ន្ធ ចុះត្រួតពិនិត្យក្រុមវិស្វករ ដែលកំពុងមមាញឹកសាងសង់ ស្ពាននាព្រឹកថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០១៦ នេះ ។

លោក លី ធុជ បានបញ្ជាក់ថា «ស្ពានតេជោសេសាន្តនេះ មានសារសំខាន់ណាស់ សម្រាប់ប្រជាពលរដ្ឋ រស់នៅតំបន់នេះ ដូចជាការចំណេញពេលវេលាធ្វើដំណើរ មិនចាំបាច់ចំណាយថវិកាឆ្លងសាឡាង ងាយស្រួលក្នុងការធ្វើដំណើរដូចជា ករណីចាំបាច់មានសាច់ញាតិ ក្រុមគ្រួសារណាឈឺ ពេលយប់ព្រលប់ត្រូវធ្វើដំណើរមកពេទ្យ និងសិស្សានុសិស្ស មកសាលារៀន ប្រជាពលរដ្ឋដាំដំណាំផ្សេងៗ លក់ឲ្យឈ្មួញបានតម្លៃថ្លៃ ហើយសម្ភារៈដឹកទៅលក់តំបន់ ខាងលើមានតម្លៃថោក ព្រោះមានស្ពានតេជោសេសាន្ត»

ជាមួយនិងអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតនេះ បងប្អូនប្រជាពលក្នុងស្រុកអណ្តូងមាស ក៏ដូចមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធក្នុងខេត្តរតនគិរី សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះសម្តេចទាំងពីរ ដែលតែងតែគិតគូរពីការលំបាក របស់ប្រជាពលរដ្ឋគ្រប់កាលៈទេសៈ៕