(តាកែវ)៖ សមត្ថកិច្ចចម្រុះខេត្តតាកែវ បានស្ទាក់ចាប់រថយន្តតួរីសមួយគ្រឿង និងមនុស្ស៤នាក់ ដែលដឹកបង្គាជាង៣០០គីឡូក្រាម នាំចូលពីប្រទេសវៀតណាម នៅរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ ប៉ុន្តែទាំងរថយន្ត និងមនុស្សត្រូវបានដោះលែងទៅវិញ ព្រោះតែមានមន្ដ្រីជាន់ខ្ពស់ម្នាក់ពាក់ផ្កាយ នៅក្រសួងមហាផ្ទៃទូរស័ព្ទមកអន្ដរាគមន៍។

មន្ដ្រីនគរបាលខេត្តតាកែវ បានលួចទម្លាយថា រថយន្ដតួរីសដែលចាប់បាននោះ ពាក់ស្លាកលេខភ្នំពេញ 2P-4711 ចាប់បាននៅម្ដុំបូរីរស្មី សង្កាត់រកាក្នុង ក្រុងដូនកែវ ហើយបង្គាក្នុងរថយន្ដនោះនាំចូលមកពីប្រទេសវៀតណាម ដែលមិនមានច្បាប់ទម្លាប់នោះទេ ពោលគឺក្រុមឈ្មួញបានឃុបឃិត ជាមួយសមត្ថកិច្ចតាមព្រំដែន នាំចូលមកលក់នៅរាជធានីភ្នំពេញ និងបន្តចែកចាយតាមបណ្ដាលខេត្តមួយចំនួន ដោយបន្លំថាជាបង្គា មកពីខេត្តកំពត។

បើតាមអ្នកបើកបររថយន្ដនោះ បានអះអាងប្រាប់សមត្ថកិច្ចថា បង្គានេះគេបាននាំមកពីប្រទេសវៀតណាម តាមច្រកកំណប់កែវ របស់ស្រុកគីរីវង់ ហើយថៅកែរបស់គេឈ្មោះ ហេង សុធី ជាមន្រ្តីនៅក្រសួងការពារជាតិ៕