(ពោធិ៍សាត់)៖ អភិបាលខេត្តពោធិ៍សាត់ លោក ម៉ៅ ធនិន បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ត្រូវទៅចុះឈ្មោះបោះឆ្នោតសារជាថ្មីឲ្យបានគ្រប់ៗគ្នា ដើម្បីមានសិទ្ធិចូលរួមបោះ​ឆ្នោតក្រុម​ប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ ព្រោះរយៈពេលនៃការចុះឈ្មោះ គឺមានតែ៩០ថ្ងៃប៉ុណ្ណោះ ដោយចាប់ផ្តើមពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ខាងមុខនេះ។

ការអំពាវនាវនេះ ធ្វើឡើងក្នុងឱកាសលោកអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងដោះស្រាយរាល់ក្តីកង្វល់ដោយផ្ទាល់ ជូនបងប្អូនអាជីវករផ្សារមេទឹក និងចុះជួបសំណេះសំណាល​ជាមួយប្រជាពលរដ្ឋ តាមបណ្តាទីតាំងមួយចំនួនទៀត នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦។

លោក ម៉ៅ ធនិន បានឲ្យដឹងថា ការចុះមកនាពេលនេះ គឺដើម្បីត្រួតពិនិត្យការអនុវត្តយន្តការ ដែលបានដាក់ចេញកន្លងមក លើការលើកកម្ពស់ថែទាំ អនាម័យ បរិស្ថាន ការរក្សាសន្តិសុខសុវត្ថិភាព ជូនបងប្អូនអាជីករ ដែលកំពុងលក់ដូរក្នុងផ្សារ ជាពិសេសសម្រួលលើកការលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋ កាត់បន្ថយភាពក្រីក្រ សំដៅរួមចំណែកអនុវត្តគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

លោកបានឲ្យដឹងទៀតថា ក្នុងនាមជាអភិបាលខេត្ត លោកបានដាក់វិធានការឲ្យអ្នកទទួលម៉ៅការភាស៊ីផ្សារ មិនត្រូវយកភាស៊ីលើសពីសៀវភៅបន្ទុក ត្រូវធ្វើយ៉ាងណាធានាឲ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់ ជូនបងប្អូនប្រជាពលរដ្ឋទាំងក្នុង និងក្រៅផ្សារ ជៀសវាងការបាត់បង់ទ្រព្យសម្បត្តិ ដោយប្រការណាមួយ។

ឆ្លៀតក្នុងឱកាសនោះ លោកបានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខបុគ្គលិកសុខាភិបាល និងប្រជាពលរដ្ឋដែលទៅទទួលសេវាសុខភាព ព្រមទាំងពិនិត្យទៅលើការងារ​បម្រើសេវាសា​ធារណៈមួយចំនួន នៅមណ្ឌលសុខភាពមេទឹក។ លោកបានក្រើនរំលឹកដល់មន្ត្រី ដែលផ្តល់សេវាសុខាភិបាល ត្រូវប្រើពាក្យសម្តីឲ្យបានសមរម្យ កុំឲ្យប៉ះពាល់ដល់សតិអារម្មណ៍ របស់បងប្អូនប្រជាពលរដ្ឋ និងអនុវត្តន៍ទៅតាមក្រមសីលធម៌ វិជ្ជាជីវៈរបស់ខ្លួន។

ជាមួយគ្នានោះ លោកបានជូនវត្ថុកំដរដៃ ដល់បុគ្គលិកសុខាភិបាល ១០នាក់ ក្នុងម្នាក់ៗទទួលបាន សារុង១ និងថវិកា ២ម៉ឺនរៀល ប្រជាពលរដ្ឋដែលមកទទួលសេវាសុខភាព ១០នាក់ ក្នុងម្នាក់ៗទទួលបាន សារុង១ ស្ត្រីដែលត្រៀមឆ្លងទន្លេ១នាក់ ទទួលបាន សារុង៤ និងស្ត្រីដែលឆ្លងទន្លេរួច ២នាក់ ក្នុងម្នាក់ៗទទួលបាន សារុង៤ និងថវិកា ១០ម៉ឺនរៀល។

ក្នុងថ្ងៃដដែលនោះ លោកបានបន្តចុះពិនិត្យការរៀបចំប្រព័ន្ធលូ និងផ្លូវលេខ១០៧ ទីតាំងខាងជើងផ្សារចាស់  ព្រមទាំងបន្តចុះពិនិត្យមើលការងារសាងសង់សំយ៉ាបដំបូលផ្សារថ្មីប៉ែកខាងលិច ដើម្បីឲ្យប្រជាពលរដ្ឋងាយស្រួលលក់ដូរ មិនរំខានដោយសារភ្លៀង៕