(កណ្តាល)៖ ជនសង្ស័យម្នាក់ ត្រូវជាឪពុកក្មេក បានប្រើល្បិចប្រាប់កូនប្រសារថា ប្រពន្ធមានប្រុសរួចនាំទៅលបមើល ខណៈកូនប្រសារទៅមើលប្រពន្ធគេនោះស្រាប់តែ ជនសង្ស័យឆ្លៀតឱកាស លួចម៉ូតូកូនប្រសារយកទៅបញ្ចាំបាត់ ដែលហេតុការណ៍នេះកើតឡើង នៅយប់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចភូមិតាគល់ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល។

​មន្ដ្រីនគរបាលស្រុកស្អាង បានឲ្យដឹងនៅព្រឹកថ្ងៃទី១៤ ខែកញ្ញានេះថា ​មុនពេលកើតហេតុ ជនសង្ស័យឈ្មោះ ភុំ ភន អាយុ៤៦ឆ្នាំ បានប្រើឧបាយកល ដោយប្រាប់កូនប្រសារឈ្មោះ សឿ ជីម អាយុ៣៨ឆ្នាំ ថាប្រពន្ធរបស់កូន​មានណាត់ប្រុស នៅចំណុចទួលតាជា ឃ្លាតឆ្ងាយពីផ្ទះប្រហែល១៥០ម៉ែត្រ បន្ទាប់មកជនរងគ្រោះបានជិះម៉ូតូ ទៅទុកកន្លែងកើតហេតុខាងលើដើរសំដៅ ទៅលបលួចមើលប្រពន្ធ ប៉ុន្តែមិនបានឃើញប្រពន្ធ នៅជាប្រុសណានោះទេ ក៏ត្រឡប់ទៅកន្លែងទុកម៉ូតូវិញ ស្រាប់តែបាត់ម៉ូតូរបស់ខ្លួនតែម្តង។

នគរបាលបន្ថែមថា លុះដល់ថ្ងៃទី១៣ ខែកញ្ញានេះ ជនរងគ្រោះបានមកបាន មកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាល រដ្ឋបាលក្រាំងយ៉ូវ ឲ្យជួយស្រាវជ្រាវ ភ្លាមនោះលោកមេប៉ុស្តិ៍ ក្រោមការណែនាំ និងចង្អុលបង្ហាញ ពីលោកស្នងការខេត្ត ធ្វើការស្រាវជ្រាវកំណត់ បានមុខសញ្ញាខាងលើមកធ្វើការសាកសួរ ដោយនៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យសារភាពថា ខ្លួនពិតជាបានលួចម៉ូតូ ខាងលើយកទៅបញ្ចាំឲ្យគេ នៅភូមិកំពុងទ្រា ឃុំស្អាងភ្នំ បានប្រាក់ចំនួន ៦០០,០០០រៀល រួចយកទៅចាយវាយអស់ហើយ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចជំនាញ កសាងសំណុំរឿង ដើម្បីចាត់ការបន្ដតាមច្បាប់៕