(ភ្នំពេញ)៖ ទន្ទឹមគ្នានឹងការប្រកាសអំពីគម្រោងធ្វើបាតុកម្ម នៅពេលខាងមុខនោះ មេដឹកនាំគណបក្សសង្រ្គោះជាតិ នឹងបន្តជួបក្រុមយុវជន មកពីមូលដ្ឋាននានា រៀលរាល់ថ្ងៃអាទិត្យ។ នេះបើតាមការអះអាងរបស់ លោក សុន ឆ័យ តំណាងរាស្រ្តរបស់គណបក្សសង្រ្គោះជាតិ។

លោក សុន ឆ័យ បានអះអាងបែបនេះ នៅក្នុងវេទិការបស់គណបក្សសង្រ្គោះជាតិ នាសង្កាត់ចាក់អង្រែក្រោម រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៤ ខែកញ្ញា​ ឆ្នាំ២០១៦នេះ។

លោក សុន​ ឆ័យ បានអះអាងថា រៀងរាល់១អាទិត្យម្តង លោក សម រង្ស៉ី និង លោក កឹម សុខា នឹងជួបសំណេះសំណាលជាមួយយុវជន។

សូមបញ្ជាក់ថា គណបក្សសង្រ្គោះជាតិ បានគំរាមលើស្ថាប័នតុលាការ ដោយប្រកាសត្រៀមធ្វើមហាបាតុកម្មមួយនៅពេលខាងមុខនេះ ដើម្បីទាមទារឱ្យមានដំណោះស្រាយនយោបាយ ខណៈ លោក កឹម សុខា ត្រូវបានតុលាការផ្តន្ទាទោស ឱ្យជាប់ពន្ធនាគារ ៥ខែ និងពិន័យប្រាក់ ៨០ម៉ឺនរៀល។

ទោះជាយ៉ាងណា​ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានព្រមានហើយថា បាតុកម្មរបស់គណបក្សប្រឆាំងមិនអនុញ្ញាតជាដាច់ខាត។ សម្តេចបានបញ្ជាឱ្យកងកម្លាំងប្រដាប់អាវុធ​ ត្រៀមខ្លួនទប់ទល់ និងកំចាត់មហាបាតុកម្មនោះផងដែរ៕