(ព្រះសីហនុ)៖ កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ បានបើកប្រតិបត្តិការតាមបង្ក្រាបក្រុមជួញដូរគ្រឿងញៀន ចំនួន៤នាក់ ស្ថិតនៅចំណុចផ្ទះជួល៧ជាន់ ស្ថិតក្នុងក្រុម១៤ ភូមិ១​ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ នៅយប់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ ដោយធ្វើការដកហូតថ្នាំញៀនចំនួន៧កញ្ចប់ មានធំ២កញ្ចប់។

មេបញ្ជាការអាវុធហត្ថខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី បានបញ្ជាក់ថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនទាំង៤នាក់នេះ រួមមាន៖

១/ឈ្មោះ ចាន់ សុភ័ណ្ឌ អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ
២/ឈ្មោះ មិន សុខន អាយុ២៣ឆ្នាំ មុខរបរ កម្មកររោងចក្របិតត្រាំង
៣/ឈ្មោះ ហន ភារុន អាយុ១៧ឆ្នាំ មុខរបរ កម្មករសំណង់
៤/ឈ្មោះ ជា វុទ្ធី អាយុ២៣ឆ្នាំ មុខរបរ មិនពិតប្រាកដ។

លោកឧត្តមសេនីយ៍មេបញ្ជាការ បានបន្តទៀតថា ក្រោយការចាប់ខ្លួនជនសង្ស័យទាំងនេះ កម្លាំងរបស់លោក បានដកហូតវត្ថុតាងមួយចំនួនទៀតរួមមាន៖ ជញ្ជឹងថ្លឹង១, ដាវសាម៉ូរ៉ៃ១ដើម, ដែកឆាប១ដើម, ទូរស័ព្ទដៃ៣គ្រឿង,ខ្សែក១ខ្សែ, ចិញ្ចៀន១វង់, ម៉ូតូ១គ្រឿង ម៉ាក MSX, លុយ៩៦ ០០០រៀល, ដែកកេះ៣ និងនាឡិកាគ្រឿង។

បច្ចុប្បន្នជនសង្ស័យត្រូវបានយកទៅសួរនាំ​ នៅការិយាល័យជំនាញអ.ហខេត្ត ដើម្បីចាត់ការបន្តទៀតនិតិវិធីច្បាប់៕