(កំពង់ចាម)៖​ បុរសម្នាក់ឈ្មោះ​ ហុង​ ដែលបានអះអាងខ្លួនជាមន្ដ្រីនគរបាលប្រឆាំងគ្រឿងញៀនខេត្តកំពង់ចាម​ ដោយគ្រាន់តែស្ទះឡាននៅក្នុងផ្សារបន្តិចសោះ​ បានទាញកាំភ្លើងគំរាមប្រជាពល​រដ្ឋជាអ្នកធ្វើដំណើរនៅខាងមុខ។​ ហេតុការណ៍នេះ​ កើតឡើងនាម៉ោង៦៖៤០នាទី​ល្ងាច នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦នេះ​ នៅចំណុចផ្សារស្គន់​ ភូមិស្គន់​ ឃុំសូទិព្វ​ ស្រុកជើងព្រៃ​ ខេត្តកំពង់ចាម។

ប្រជាពលរដ្ឋ​ ដែលឃើញហេតុការណ៍​នេះ​ បានឲ្យដឹងថា​ មុនដំបូងមានបុរសវ័យចំណាស់ម្នាក់ចតឡានក្បែរផ្លូវ​ ដោយឲ្យចៅស្រីចុះទិញទំនិញមិនដល់២នាទីផង​ ស្រាប់តែមានបុរសម្នាក់​ជិះរថយន្ដមួយគ្រឿង​ ម៉ាកបាឡែន​ ពាក់ស្លាកលេខភ្នំពេញ2AL-1061​ មកដល់ពីក្រោយ​ ហើយបញ្ចេញចរិកច្រងែងច្រង៉ាង​ ស្រែចជេរអ្នកនៅខាងមុខ​ ហើយបានទាញកាំភ្លើងគំរាមគេឯង​ ហើយបានអួតខ្លួនថាខ្លួនឈ្មោះ​ ហុង​ ជាមន្ដ្រីនគរបាលប្រឆាំងគ្រឿងញៀនខេត្តកំពង់ចាម​ មិនតែប៉ុណ្ណោះបុរសនោះបោះសម្ដីថា​ «អញគ្មានខ្លាចអាណាទាំងអស់»

សូមជំរាបថា​ កន្លងមកលោកឧត្តមសេនីយ៍​ ប៉ែន​ រ័ត្ន​ ស្នងការនគរបាលខេត្តកំពង់ចាម​ តែងតែអប់រំ​ ណែនាំដល់មន្ដ្រីក្រោមឱវាទថា​ ធ្វើយ៉ាងសមត្ថកិច្ចមិនច្រង៉ែងច្រងាង​ឡើយ​ ដោយកុំឲ្យមានការប៉ះ ទង្កិចដល់ប្រជាពលរដ្ឋជាដាច់ខាត​ ប៉ុន្ដែមន្ដ្រីនគរបាលរូបនេះ មិនបានយកសម្ដីរបស់លោកស្នងការទុកក្នុងខ្លួននោះឡើយ​ បែរជាយកអំណាចមកគំរាមពលរដ្ឋទៅវិញ។