(ស្វាយរៀង)៖ លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង និងលោកស្រី នារសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ បានអញ្ជើញក្នុងពិធីបុណ្យវិសាខបូជា ស្ថិតនៅវត្តជម្ពូព្រឹក្សា នៅសង្កាត់សង្ឃ័រ ក្រុងស្វាយរៀង។ 

ពិធីនេះមានការនិមន្ត និងអញ្ជើញចូលរួមពីព្រះវិសុទ្ធិញ្ញាណ មុំ សយ ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះវង្សាបតីធម្មធារព្រះមេគណខេត្តស្វាយរៀង ព្រះមន្ត្រីសង្ឃ ព្រះគ្រូចៅអធិការចំនួន ២៤៦វត្ត ក្នុងខេត្តស្វាយរៀង ព្រមទាំងលោក លោកស្រី អភិបាលរងខេត្ត លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត លោកអភិបាលក្រុង-ស្រុកទាំង៨ លោកគ្រូអាចារ្យ គណៈកម្មការ និងពុទ្ធបរិស័ទ យាយជីតាជី ២៤៦វត្ត សរុបវត្តមានចូលរួមចំនួនប្រមាណ ៨០០អង្គ/នាក់។

នៅក្នុងឱកាសនោះដែរ លោកអភិបាលខេត្ត និងលោកជំទាវ បានប្រគេនបច្ច័យព្រះសង្ឃចំនួន ៥,០០០,០០០រៀល និងជូនថវិកាយាយជី តាជី ចំនួន ២,៥០០,០០០រៀល សរុបថវិកាទាំងអស់ចំនួន ៧,៥០០,០០០រៀល។

សូមបញ្ជាក់ថា ការប្រារព្ធពិធីបុណ្យវិសាខបូជា គឺដើម្បីរម្លឹកដល់ព្រឹត្តិការណ៍នក្ខត្តសម័យដ៏ពិសេសចំនួន៣ ដែលទាក់ទងនឹងព្រះសម្មាសម្ពុទ្ធ គឺ ទី១៖ ព្រះអង្គទ្រង់ប្រសូត ២៖ ព្រះអង្គទ្រង់ត្រាស់ដឹង និងទី៣៖ ព្រះអង្គទ្រង់ចូលបរិនិព្វាន ដែលព្រឹត្តិការណ៍ដ៏អស្ចារ្យទាំង៣នេះបានកើតឡើងចំថ្ងៃពេញបូណ៌មី ខែពិសាខដូចគ្នា ខុសតែឆ្នាំប៉ុណ្ណោះ៕